លោកត្រាំ បញ្ឈប់បុគ្គលិកកិច្ចសន្យាសារព័ត៌មាន VOA ជាច្រើននាក់
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៣៤ នាទី រសៀល
លោកត្រាំ បញ្ឈប់បុគ្គលិកកិច្ចសន្យាសារព័ត៌មាន VOA ជាច្រើននាក់
វេបសាយសារព័ត៌មាន VOA។ រូបភាព Screenshot_VOA និងX_White House

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៦ ខែមីនា បានបញ្ឈប់បុគ្គលិកកិច្ចសន្យារបស់សារព័ត៌មានសំឡេងអាម៉េរិក (VOA) ជាច្រើននាក់។
TTN-Free-Banner-In-Article-PC


សារព័ត៌មាន VOA នៅថ្ងៃទី១៥ ខែមីនា បានដាក់ច្បាប់បុគ្គលិកទាំងអស់ ក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាប្រតិបត្តិមួយកាត់បន្ថយ «ការិយាល័យមិនបង្កើតឡើងដោយច្បាប់» នៃទីភ្នាក់ងារអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM)។ រដ្ឋសភាអនុម័តកញ្ចប់ថវិកាសម្រាប់ USAGM ដែលចែកជំនួយទៅប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។

មួយថ្ងៃក្រោយ រដ្ឋបាលអាម៉េរិក បានបញ្ឈប់បុគ្គលិកកិច្ចសន្យា VOA ជាច្រើននាក់ ដោយចូលជាធរមាននៅថ្ងៃទី៣១ ខែមីនា។ តាមរយៈអ៊ីម៉ែល បុគ្គលិកកិច្ចសន្យាជាច្រើននាក់ ត្រូវបានបញ្ចប់ពីការងារ ហើយហាមឃាត់ចូលទៅក្នុងអគារ និងប្រព័ន្ធរបស់សារព័ត៌មាន VOA។ 

ចំណែកបុគ្គលិកការងារពេញម៉ោងជាច្រើននាក់ផ្សេងទៀត ដែលមានការការពារដោយច្បាប់ មិនត្រូវបានបញ្ឈប់ពីការងារឡើយ ប៉ុន្តែបន្តឱ្យដាក់ច្បាប់ និងមិនតម្រូវឱ្យធ្វើការ។ 

សារព័ត៌មាន VOA ត្រូវបានបង្កើតឡើងក្នុងអំឡុងសង្រ្គាមលោកលើកទីពីរ និងផ្សាយជា៤៩ភាសា ទៅបណ្តាប្រទេសផ្សេងៗ។ VOA ត្រូវបានដំណើរការដោយបុគ្គលិកកិច្ចសន្យាជាច្រើន ហើយបុគ្គលិកទាំងនោះភាគច្រើន មិនមែនជាជនជាតិអាម៉េរិក។ 

តាមរយៈសេចក្តីថ្លែងការណ៍មួយ សេតវិមានបានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិក VOA គឺដើម្បីធានាមិនឱ្យប្រជាជនអាម៉េរិក ត្រូវចំណាយលុយពន្ធលើកម្មវិធីជ្រុលនិយម។ មិនត្រឹមតែកាត់បន្ថយបុគ្គលិកទេ រដ្ឋបាលរបស់លោក ត្រាំ ផ្តាច់កញ្ចប់ថវិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជា វិទ្យុអាស៊ីសេរី (RFA) ជាដើម ដែលអាចប្រឈមការបិទទ្វារ៕ 

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ