ភ្នំក្រោម៖ ពីអតីតទីតាំងកាំភ្លើងធំ មកជាគោលដៅទស្សនាប្រាសាទ និងថ្ងៃលិចដ៏ល្អបំផុតមួយ
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ភ្នំក្រោម៖ ពីអតីតទីតាំងកាំភ្លើងធំ មកជាគោលដៅទស្សនាប្រាសាទ និងថ្ងៃលិចដ៏ល្អបំផុតមួយ

សៀមរាប៖ ព្រះបាទយសោវរ្ម័នទី១ ចូលចិត្តសាងសង់ប្រាសាទធំៗលើភ្នំខ្ពស់ៗ ដូចជាភ្នំបាខែង ភ្នំបូក ភ្នំក្រោម និងភ្នំដី។  ទម្រង់ប្រាសាទភ្នំនេះ មានមុនសម័យអង្គរមក ដូចជាប្រាសាទអកយំ និងប្រាសាទភ្នំរូង។ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ព្រះអង្គយកភ្នំខ្ពស់ៗ ហើយសង់ប្រាសាទធំៗ ដែលមានខឿនច្រើនជាន់ថ្នាក់ជាងព្រះរាជាមុនៗ។
TTN-Free-Banner-In-Article-PC



ប្រវត្តិប្រាសាទភ្នំក្រោមក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១

ព្រះបាទយសោវរ្ម័នទី១ ជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី១។ ព្រះបាទយសោវរ្ម័នទី១ បានកសាងប្រាសាទលលៃ ដែលជាប្រាសាទឥដ្ឋដ៏ប្រណីតមួយនៅកណ្ដាលបារាយណ៍ «ឥន្ទ្រតដាក» នៅរាជធានីហរិហរាល័យ មុនយាងមកបង្កើតក្រុងយសោធរបុរៈ។ 

ព្រះបាទយសោវរ្ម័នទី១ បានសម្រេចប្ដូររាជធានីពី ហរិហរាល័យ មកកាន់តំបន់ភ្នំបាខែង ដោយយកភ្នំបាខែងជាផ្ចិតរាជធានីយសោធរ។ ក្រុងអង្គរធំ និងប្រាសាទអង្គរវត្ត នាពេលបច្ចុប្បន្ននេះ ក៏ស្ថិតនៅក្នុងកំពែងរាជធានីយសោធរបុរៈ របស់ព្រះបាទយសោវរ្ម័នទី១ផងដែរ។



ប្រាសាទភ្នំក្រោម ប្រាសាទភ្នំបាខែង និងប្រាសាទភ្នំបូក មានរាងជា ត្រីកោណ ដែលមានប្រាសាទភ្នំបាខែង ស្ថិតនៅកណ្ដាល។ ខ្ញុំបានចាក់ចម្ងាយ google earth ពីប្រាសាទភ្នំបាខែង ទៅកាន់ប្រាសាទភ្នំបូក ដែលមានចម្ងាយ ១៤ ៥៤១ម៉ែត្រ។ ចំណាយត្រង់ពីប្រាសាទភ្នំបាខែង មកកាន់ប្រាសាទភ្នំក្រោម មានប្រវែង ១៦ ០២៣ ម៉ែត្រ។ ចំណាយត្រង់ពីប្រាសាទភ្នំក្រោម ទៅកាន់ប្រាសាទភ្នំបូក មានប្រវែង ២៧ ២៤៣ម៉ែត្រ។ 

ប្រាសាទភ្នំក្រោម មានលក្ខណៈពិសេសមួយដាច់គេមួយ។ ប្រាសាទនេះ ត្រូវបានសង់លើកំពូលភ្នំក្រោម ដែលជាប់នឹងទន្លេសាប។ តើអាចទេព្រះបាទយសោវរ្ម័នទី១ មកគយគន់ថ្ងៃលិចនៅប្រាសាទភ្នំក្រោមនេះ? បច្ចុប្បន្ន ទេសចរជាច្រើន ចូលគយគន់សម្រស់ព្រះអាទិត្យអស្ដង្គត។ 

ប្រាសាទភ្នំក្រោម ត្រូវបានសាងសង់ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ នៅចុងសតវត្សរ៍ទី៩ ឆ្នាំ៨៨៩ ដល់៩១០ នៃគ្រិស្តសករាជក្នុងរចនាបថបាគង។ ប្រាសាទភ្នំក្រោម មានកំពែងប្រវែង៥០ម៉ែត្រ រាង៤ជ្រុង និងមានប្រាង្គ៣ជាជួរចំអ័ក្សខាងជើង និងខាងត្បូង។ នៅខាងមុខប្រាសាទ មានកូនប្រាសាទចំនួនផ្សេងទៀត ដែលអ្នកជំនាញបុរាណវិទ្យាខ្លះ ហៅប្រាសាទ បណ្ណាល័យ។ ប្រាសាទទាំង៤ ទល់មុខប្រាង្គទាំង៣ សង់អំពីថ្មភក់២ និងសង់អំពីឥដ្ឋចំនួន២។ 

លោក រស់ វិសុទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានផ្ដល់បទសម្ភាសដល់សារព័ត៌មានឌីជីថលថ្មីៗ អំពីប្រវត្តិ និងការជួសជុលប្រាសាទភ្នំក្រោម។ លោកបុរាណវិទូ រស់ វិសុទ្ធ បានថ្លែងថា ក្រៅពីប្រាង្គទាំង៣ និងបណ្ណាល័យទាំង៤ នៅក្នុងបរិវេណប្រាសាទនេះ អាចមានសំណង់អការឈើ ដែលបច្ចុប្បន្នសល់តែគ្រឹះថ្មបាយក្រៀមប៉ុណ្ណោះ។



«មានហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ប្រហែលត្រូវសង់ឡើងអំពីឈើ ហើយប្រក់ក្បឿង។ សំណង់នេះ នៅជិតកំពែង តែបច្ចុប្បន្នមានតែគ្រឹះថ្មបាយក្រៀមនោះទេ។ ពីដើមមក វាអាចជាអគាររណប ដែលគេសង់សម្រាប់ធ្វើពិធីផ្សេងៗ។» លោក រស់ វិសុទ្ធ ថ្លែងដូច្នេះ។ 

ភាពចាស់ទ្រុឌទ្រោម និងកត្តាធ្វើឱ្យថ្មបែកបាក់

ប្រាសាទភ្នំក្រោម មិនសូវទាក់ទាញចិត្តទេសចរនោះទេ ដោយសារប្រាសាទនេះ បែកបាក់ខ្លាំង និងថ្មប្រេះរបកជាស្រទាប់ៗ។ ការបែកបាក់ និងភាពទ្រុឌទ្រោមនេះ ធ្វើឱ្យខូចសម្រស់របស់ប្រាសាទនេះ។ ទេសចរភាគច្រើនទៅលេងប្រាសាទភ្នំក្រោម ដើម្បីទស្សនាថ្ងៃលិចនៅលើបឹងទន្លេសាបប៉ុណ្ណោះ។ 

ប្រាសាទភ្នំក្រោម ស្ថិតនៅលើកំពូលភ្នំក្រោម ដែលមានកម្ពស់១៤០ម៉ែត្រ និងស្ថិតនៅជាប់បឹងទន្លេសាប។ នៅលើកំពូលភ្នំក្រោម មិនសូវមានដើមឈើធំៗច្រើននោះទេ។ ប្រាង្គប្រាសាទ ទទួលរងខ្យល់ម៉ូសុងវស្សា រយៈពេល៦ខែ។ ខ្យល់បក់បោកខ្លាំងលាយឡំដោយសំណើមពីបឹងទន្លេសាប ជាហេតុសំខាន់មួយនាំឱ្យប្រាសាទភ្នំក្រោមបែកបាក់ខ្លាំង។ 

លោក រស់ វិសុទ្ធ បានបញ្ជាក់ថា ថ្មប្រាសាទភ្នំក្រោម ជាថ្មធម្មជាតិដែលកើតឡើងដោយការលាយគ្នាជាល្បាយដីឥដ្ឋ ខ្សាច់ និងស៊ីម៉ងត៍ធម្មជាតិ។ សារធាតុដីឥដ្ឋក្នុងថ្មនេះ ជាបញ្ហាធ្វើឱ្យថ្មរបកស្រទាប់ៗនៅពេលដីឥដ្ឋរីកមាឌ។ ភ្លៀងអាស៊ីត និងសំណើម ធ្វើឱ្យដីឥដ្ឋរីកមាឌ។ 



«ខ្សាច់ និងដីឥដ្ឋ កាលណាត្រូវទឹកនឹងហើម។ ដីឥដ្ឋត្រូវទឹកភ្លៀងរីកមាឌ និងត្រូវកម្ដៅរួមទៅវិញ។ ការរីករួមៗពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យស្រទាប់ខាងលើប្រេះ។ ជាបច្ចេកទេស បុព្វការីជន ប្រហែលមិនបានចាប់អារម្មណ៍ស្រទាប់ថ្មទេ ព្រោះគាត់រើសយកថ្មបញ្ឈរមកសង់ជាសសរ។ ដូច្នេះកម្លាំងសង្កត់ខ្លាំង និងកត្តាអាកាសធាតុធ្វើឱ្យស្រទាប់ថ្មប្រេះ។» លោក រស់ វិសុទ្ធ ពន្យល់ពីមូលហេតុថ្មបែកបាក់ជាស្រទាប់ៗ។ 

អ្នកជំនាញរូបនេះ បន្តថា ប្រសិនបើថ្ម ត្រូវបានសាងសង់ក្នុងទម្រង់ផ្ដេកដូចប្រាសាទដទៃ នោះការប្រេះបែបនេះ នឹងមានតិចប៉ុណ្ណោះ។ លើសពីនេះ សត្វប្រចៀវ ក៏បានចូលរួមធ្វើឱ្យប្រាសាទនេះបែកបាក់ផងដែរ។ ទឹកនោមសត្វប្រចៀវ ដែលរស់នៅក្នុងប្រាសាទនេះ ប៉ះពាល់ខ្លាំងណាស់ចំពោះគុណភាពថ្មប្រាសាទ។ 



«កាលណា លាមកប្រចៀវ ហូរស្រោចមកលើថ្មប្រាសាទនារដូវភ្លៀងធ្លាក់ វាធ្វើឱ្យសារធាតុអាម៉ូញាក់ បំផ្លាញថ្ម។ អាចម៍ប្រចៀវនេះ ធ្វើឱ្យថ្មកើតជំងឺផ្សិត ហើយជំងឺនេះ ត្រូវការអ្នកបច្ចេកទេស និងពេលវេលាយូរណាស់ ដើម្បីព្យាបាលដកយកសារភាពអំបិល។» នេះបើតាមការបញ្ជាក់របស់លោក រស់ វិសុទ្ធ។ 

រូបចម្លាក់ ក្បាច់រចនាផ្សេងៗនៅប្រាសាទភ្នំក្រោម បាត់រលុបស្ទើរតែអស់ ហើយសារកត្តាធម្មជាតិ និងទឹកនោមសត្វប្រចៀវ។ ការប្រេះរបកថ្មនេះ ធ្វើឱ្យក្បាច់លម្អទាំងនោះ បាត់អស់នៅសល់តែស្នាមតិចៗប៉ុណ្ណោះ។ 

លើសពីនេះ កត្តាភូមិសាស្រ្តអំណោយផលសម័យសង្គ្រាម ប្រាសាទភ្នំក្រោម ធ្លាប់ជាអតីតទីតាំងកាំភ្លើងធំកាលពីសម័យសង្គ្រាម។ លោក រស់ វិសុទ្ធ បានថ្លែងថា នៅលើភ្នំក្រោម មានកាំភ្លើងធំជាច្រើននៅជុំវិញភ្នំ។ ការបាញ់កាំភ្លើងធំនេះ ធ្វើឱ្យមានរំញ័រខ្លាំង ដែលប៉ះពាល់ដល់ថ្មប្រាសាទ។ 



«ជាអកុសល ស្រុកទេស មានសង្គ្រាមស៊ីវិល។ គេបានយកកាំភ្លើងធំមកដាក់នៅលើភ្នំនេះ ដើម្បីបាញ់ទៅគោលដៅផ្សេងៗ។ កាំភ្លើងធំ មានភាពរំញ័រ ហើយរំញ័រនេះ ក៏បានធ្វើឱ្យថ្មបែកបាក់។ កត្តាសំខាន់មួយទៀត គឺការបំផ្ទុះយកថ្មនៅជើងភ្នំនេះ។ រំញ័រហ្នឹង គឺខ្លាំងណាស់! វាញ័ររហូតដល់តុអង្គុយរៀនរបស់ខ្ញុំនៅក្រុងសៀមរាប។» នេះបើតាមលោក រស់ វិសុទ្ធ។  

អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ថែរក្សា និងជួសជុលប្រាសាទភ្នំក្រោមនេះជានិច្ច។ បច្ចុប្បន្ន ការងារជួសជុលប្រាសាទនេះ កំពុងបន្តយ៉ាងខ្លាំង ដើម្បីឱ្យប្រាសាទដ៏សំខាន់មួយនេះ បន្តឈរគង់វង្សតទៅមុខទៀត។ 

 ភ្នំក្រោម ក្លាយជាគោលដៅទេសចរដ៏ល្អបំផុតមួយ

ទេសចរភាគច្រើន ទៅភ្នំក្រោម ដើម្បីទស្សនាសម្រស់ថ្ងៃលិចដ៏ស្រស់ស្អាតលើផ្ទៃទឹកបឹងទន្លេសាប។ ប៉ុន្តែមុនពេលទៅដល់កំពូលប្រាសាទ ទេសចរ ធ្វើដំណើរតាមផ្លូវ ដែលអមដោយវាលស្រែពណ៌ខៀវស្រងាត់នាដូវវស្សា។ នាពេល «ស្រូវដាក់គ្រាប់» វាលស្រែ ប្រែទៅជាពណ៌មាស ហើយក្លាយជាចំណុចទាក់ទាញទេសចរសន្ធឹក។ 



អង្គុយគយគន់សម្រស់ផ្ទៃទឹកបឹងទន្លេសាបពណ៌មាស និងវាលស្រែដាច់កន្ទុយភ្នែក ពិតជាធ្វើឱ្យអារម្មណ៍ទេសចរស្រស់ស្រាយ។ ទេសភាពបែបនេះ មិនមាននៅគ្រប់ទីកន្លែងនោះទេ ពោលគឺមានតែមួយនៅភ្នំក្រោមនេះ។ បឹងទន្លេសាប មានតែនៅកម្ពុជា ហើយអង្គុយលើកំពូលភ្នំមានប្រាង្គប្រាសាទផង ទស្សនាបឹងដ៏ធំបែបនេះផង ក៏មានតែនៅកម្ពុជានោះដែរ។ 

អ្នកសៀមរាប ប្រហែលជាសំណាងជាងអ្នករស់នៅកម្ពុជរដ្ឋនាខេត្តផ្សេងៗទៀត។ អ្នកខេត្តសៀមរាប ងាយស្រួលមកទស្សនា និងគយគន់សម្រស់ថ្ងៃលិចនៅភ្នំក្រោម។ ភ្នំក្រោម មានទេសចរមកទស្សនាសម្រស់ថ្ងៃលិចមិនដាច់ឡើយ ហើយភាគច្រើនជាជនជាតិខ្មែរ។ 

ប្រាសាទភ្នំក្រោម គួរស្ថិតនៅក្នុងគោលដៅទស្សនារបស់អ្នក៕  


អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម វណ្ណា