រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងបញ្ជូននគរបាល​ដែលប្រព្រឹត្តល្មើសវិន័យ ទៅធ្វើការនៅ​ព្រំដែន
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៩ នាទី រសៀល
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងបញ្ជូននគរបាល​ដែលប្រព្រឹត្តល្មើសវិន័យ ទៅធ្វើការនៅ​ព្រំដែន
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ

លោក ស សុខា នឹងពិន័យមន្ត្រីនគរបាលណា ដែល​ប្រព្រឹត្ត​ល្មើសវិន័យ ដោយបញ្ជូនទៅ​បម្រើ​ការ នៅតាមតំបន់ព្រំដែន ពី៣ ទៅ៦ខែ ជាការ​ព្រ​មាន។ រដ្ឋមន្ត្រីមហាផ្ទៃថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង, វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាប​សកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នា​ថ្ងៃទី១៧ ខែមីនានេះ។
TTN-Free-Banner-In-Article-PC

 
​​ពីវេទិកានេះ លោក ស សុខា បានបន្ទោសមន្ត្រីនគរបាលខ្លះថា មិនប្រឹងប្រែងបំពេញ ការងារ​ឡើយ ហើយថែមទាំងប្រព្រឹត្តល្មើសវិន័យថែមទៀត។ ​លោក ស សុខា សង្កត់​ធ្ងន់​យ៉ាង​ដូច្នេះ៖ «បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ក​រឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំងនៅទីនោះ​គាត់​លំបាកកម្រិតណា? មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ?»។ 
 
ជុំវិញការព្រមានរបស់លោក ស សុខា នេះដែរ លោក រ៉េន រតនៈ អ្នកនាំពាក្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានពន្យល់បន្ថែម​ប្រាប់សាព័ត៌មានឌីជីថលថ្មីៗថា អង្គភាពជំនាញនឹងរៀបចំ បទ​ប្បញ្ញត្តិ ដើម្បីដាក់ពិន័យជំនួសឱ្យការបន្ថយស័ក្ដិ ហើយករណីខ្លះ អាចបន្ថយទាំងស័ក្ដិ និង​ថែមទាំងបញ្ជូនទៅព្រំដែន។
 
យ៉ាងណាក៏ដោយ បើមន្ត្រីនគរបាលប្រព្រឹត្តខុសធ្ងន់ ក៏នៅតែទទួល​ទោសតាមច្បាប់ ឬ​អាច​បណ្ដេញ​ចេញពីតំណែងផងដែរ៕ 
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី