AFC Champions League៖Ronaldo ដឹកនាំ Al Nassr តទល់ Yokohamas ដណ្តើមកៅអី ១/២ផ្តាច់ព្រ័ត្រ
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៣៩ នាទី ល្ងាច
AFC Champions League៖Ronaldo ដឹកនាំ Al Nassr តទល់ Yokohamas ដណ្តើមកៅអី ១/២ផ្តាច់ព្រ័ត្រ

ក្លិប Al Nassr ដែលមាន Cristiano Ronaldo ជាប្រធានក្រុម ត្រូវបានចាប់គូជួបក្រុមជើងខ្លាំងមកពីជប៉ុន Yokohama F Marinos នៅជំនួបពានរង្វាន់ AFC Champions League Elite វគ្គ ៨ក្រុមចុងក្រោយ។ រីឯក្រុម Al Hilal មកពីអារ៉ាប៊ីសាអូឌីតដូចគ្នា នឹងត្រូវតទល់នឹងក្រុមដែលទើបបង្ហាញខ្លួនដំបូងក្នុងពានក្លិបកំពូលទ្វីបអាស៊ី Gwangju FC មកពីកូរ៉េខាងត្បូង។
TTN-Free-Banner-In-Article-PC


ក្លិបពីលីគកំពូលអារ៉ាប៊ីសាអូឌីតផ្សេងទៀត រួមមាន Al Ahli ក៏បានឈានជើងឡើងវគ្ក ៨ក្រុម ដូចគ្នា ដោយពួកគេក៏នឹងជួបតទល់នឹងក្រុមជើងខ្លាំងថៃ Buriram United ខណៈដែលក្លិបមកពីជប៉ុន ​Kawasaki Frontale ជាជើងខ្លាំង ១ថែមទៀត នឹងតទល់ក្រុម Al Sadd មកពីកាតា។

ជំនួបទាំង ៤ គូ ក្នុងវគ្គ ៨ក្រុម​ចុងក្រោយ នឹងត្រូវរៀបចំការប្រកួតនៅក្នុងទីក្រុង Jeddah ដែលជាទឹកដីកណ្តាល​ ស្របតាមគោលការណ៍នៃការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ហើយទីតាំងស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងត្រូវរៀបចំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

ការប្រកួតដំបូងក្លិប Al Hilal ម្ចាស់កំណត់ត្រាពានរង្វាន់​ AFC Champions League ច្រើនជាងគេ ៤សម័យ នឹងត្រូវចាប់ផ្តើមការប្រកួតទល់នឹងក្រុម Gwangju FC នៅថ្ងៃទី២៥ ខែមេសា។

Yokohama F Marinos ជាក្រុមរងជើងឯក​កាលពីឆ្នាំ ២០២៤ នឹងត្រូវតទល់ក្លិប Al Nassr ខណៈពេលដែល Al Ahli ជួប Buriram United ថ្ងៃទី២៦ មេសា មុនពេល Kawasaki តទល់ Al Sadd ថ្ងៃទី២៧ មេសា។

ព្រឹត្តិការណ៍ពានរង្វាន់ AFC Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតចាប់ពីថ្ងៃទី២៩ ដល់ ៣០ ខែមេសា ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវរៀបចំនៅកីឡដ្ឋាន King Abdullah Sport City នៅថ្ងៃទី៣ ខែឧសភា៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង