កីឡា១០ប្រភេទ នឹងត្រូវរៀបចំក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី យប់
កីឡា១០ប្រភេទ នឹងត្រូវរៀបចំក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ
កីឡា Paramotor កីឡាទូក និងកីឡាអុកចត្រង្គ

ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នឹងរៀបចំឡើង​ពីថ្ងៃទី២១-២៣ ខែមីនា នៅ​​បឹងតាកែវ​​ខេត្ត​តា​កែវ​។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និង​ភរិយា នឹងចូលរួមក្នុង​ពិធី​បើក​​ព្រឹត្តិការណ៍នេះ នា​ថ្ងៃទី២២ ខែមីនា។
TTN-Free-Banner-In-Article-PC


គណៈកម្មការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ បានដាក់កីឡា ១០ប្រភេទ ដើម្បី​​លេងកម្សាន្ដ និងផ្តល់ជាទស្សនីយភាពសម្រាប់ពលរដ្ឋដែលចូលរួម ដោយកីឡាទាំងនោះ រួមមាន៖ ការ រត់​កម្សាន្ដមហាជន ១ ២០០នាក់, វាយសី, អុកចត្រង្គ, បាល់ទាត់, ប៊ូល និងប៉េតង់, កីឡា​ទូកកានូ កាយ៉ាក, ប្រដាល់គុនខ្មែរ, កីឡាហោះហើរ Paramotor, ល្បែងកម្សាន្ដ (រែក, បាយ​ខុម, លោតមឹក) និងការបង្ហោះ ៥០០គោមរួមគ្នា។
 
រដ្ឋបាលខេត្តតាកែវ បានប្រជុំគណៈកម្មការអន្ដរក្រសួង​ដើម្បីត្រួតពិនិត្យកិច្ចការត្រៀម​រៀប​ចំ​បុណ្យទន្លេ លើកទី៩ នៅថ្ងៃទី១៧ ខែមីនា ដោយមានការចូលរួមពី លោក ហួត ហាក់ រដ្ឋ​មន្ដ្រី​​ក្រសួងទេសចរណ៍, លោក វ៉ី សំណាង អភិ​បាលខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធមួយចំនួន​ទៀត។
 
ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នឹងប្រារព្ធឡើងក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍» និងដើម្បីលើកកម្ពស់តម្លៃផលិតផលក្នុងស្រុកជំរុញ និងផ្សព្វផ្សាយតំបន់សក្ដានុពលទេចរណ៍ នៅខេត្តតាមដងទន្លេ នៃប្រទេសកម្ពុជា។
 
លោក ហង់ រស្មី អនុប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍ បាន​បញ្ជាក់​ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ នឹង​ដាក់កីឡា ព្រមទាំងល្បែងកម្សាន្ដ១០ប្រភេទ ក្នុងនោះមានរត់កម្សាន្ដចម្ងាយ ៥គីឡូម៉ែត្រ ១, ២០០នាក់, វាយសី, កីឡាអុកចត្រង្គ, កីឡាបាល់ទាត់, កីឡាប៊ូល និងប៉េតង់, កីឡា​ទូក​កានូ កាយ៉ាក, កីឡប្រដាល់គុនខ្មែរ, កីឡាហោះហើរ Paramotor, ល្បែងកម្សាន្ដ (រែក, បាយខុម, លោតម៉ឹក) និងបង្ហោះ ៥០០គោមរួមគ្នា។

​ក្រៅពី​សកម្មភាពកីឡា គណៈកម្មការរៀបចំ ក៏មានការសម្ដែងទស្សនីយភាពសិល្បៈ ការ​ប្រគំតន្ដ្រី ការអុជកាំជ្រួចអបអរ ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោ​ស្រព​ម្ហូបអាហារ ការតាំងផលិតផលកសិ-ទេសចរណ៍ និងព្រមទាំងគម្រោងអភិវឌ្ឍ៍នានា​ក្នុងខេត្តតាកែវផងដែរ៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា