លោក ហ៊ុន ម៉ានី៖ ១៨មីនា កាលពី៥៥ឆ្នាំមុន ជាមេរៀនប្រវត្តិសាស្ត្រអំពីភាពផុយស្រួយនៃសន្តិភាព
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:១៨ នាទី ព្រឹក

សេនាប្រមុខលន់ ណុល ទ្រង់ សិរិមតៈ និងលោក អ៊ិន តាំ មេដឹកនាំនៃរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ កាលពីថ្ងៃទី១៨ មីនា ១៩៧០។ រូបថត ឯកសារពីសារមន្ទីទួលស្លែង
១៨មីនា ឆ្នាំ២០២៥ នេះ ជាខួបទី៥៥នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយសេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តាមរយៈហ្វេសប៊ុករបស់ខ្លួន បានរំលឹកអំពីការឈានចូលមាត់ជ្រោះមរណៈរបស់កម្ពុជាដ៏សែនកម្សត់ ហើយត្រូវការពេលវេលាជិត២ទសវត្សរ៍បន្ថែមទៀតក្រោយថ្ងៃរំដោះ៧មករា ដើម្បីទទួលបានផ្លែផ្កានៃសន្តិភាព។ ជាមេដឹកនាំក្រុមយុវជនកម្ពុជាមួយរូប លោកបានចាត់ទុករឿងរ៉ាវដែលកើតកាលពី៥៥ឆ្នាំមុន ជាមេរៀនប្រវត្តិសាស្ត្រដែលដាច់ស្មារតីអ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពផុយស្រួយនៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្គ្រាម។

«ថ្ងៃនេះ កាលពី៥៥ឆ្នាំមុន កម្ពុជាដ៏កម្សត់របស់យើងបានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន»។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរំលឹកអំពីព្រឹត្តិការណ៍នៃរដ្ឋប្រហារទម្លាក់ព្រះបរមរតនកោដ្ឋ ពីព្រះប្រមុខរដ្ឋ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយក្រុមសេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ។
សម្រាប់លោក ហ៊ុន ម៉ានី ក្រោយរដ្ឋប្រហារ១៨មីនា កង់ប្រវត្តិសាស្ត្រកម្ពុជា ខិតជិតទៅរកមហាសោកនាដកម្មដ៏សោកសង្រែងដែលមិនធ្លាប់ស្គាល់ ហើយប្រទេសញាំញីដោយសង្គ្រាម ការទម្លាក់គ្រាប់បែប អំពើហិង្សា និងអសន្តិសុខ រហូតឈានដល់របបប្រល័យពូជសាសន៍ដែលបានសម្លាប់ប្រជាជនអស់ជិត៣លាននាក់ ត្រឹមរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ផងដែរ នោះ បានលើកឡើងពីការចំណាយពេលវេលាដ៏ច្រើនក្នុងការកសាងជាតិឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករា (១៩៧៩) តាមរយៈការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងពលរដ្ឋជំនាន់មុន ហើយត្រូវការពេលជិត២ទសវត្សរ៍ទៀត ទើបទទួលបានផ្លែផ្កានៃសន្តិភាព។
«មេរៀនប្រវត្តិសាស្រ្តមួយនេះ គឺជាការដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពផុយស្រួយ នៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្រ្គាម។ ព្រឹត្តិការណ៍នេះក៏បានបង្រៀនយើងផងដែរថា គ្មានអ្នកណាស្រលាញ់ជាតិយើងជាងជនជាតិយើង ដែលមានកំណើត និងបានរស់រានមានជីវិតលើទឹកដីយើងនោះទេ»។ លោក ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះ។
ព្រឹត្តិការណ៍ថ្ងៃ ១៨មីនាឆ្នាំ ១៩៧០ គឺជាដើមចមការទម្លាក់គ្រាប់បែកលើកម្ពុជាពីសំណាក់អាមេរិក ការបែកបាក់សង្គម និងការកើនឡើងនៃចលនាកុម្មុយនីស្តរហូតបណ្តាលឲ្យសង្គ្រាមឥណ្ឌូចិនលើកទីបី និងនាំមកនូវរបបខ្មៅងងឹត ដែលកាប់សម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់។
ផ្អែកតាមឯកសារ «ប្រវត្តិសាស្ត្រកម្ពុជា» របស់លោក វ៉ាន់ឌីកាអ៊ុន, «រដ្ឋប្រហារលោកសេនាប្រមុខ លន់ នល់» ដោយ លោក ឆាំង សុង និង «ប្រវត្តិសាស្ត្រកម្ពុជា» របស់លោក David Chandler សារព័ត៌មានឌីជីថលថ្មីៗសូមរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះឡើងវិញដូចតទៅ៖
អត្ថបទទាក់ទង
-ខែធ្នូ ឆ្នាំ១៩៦៩ ជាងបីខែមុនរដ្ឋប្រហារមកដល់.....
នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ១៩៦៩ ខុទ្ទកាល័យព្រះប្រមុខរដ្ឋសម្តេចសីហនុ ចេញសេចក្តីប្រកាសឲ្យសាធារណៈជនបានដឹងពីការយាងចេញទៅប្រទេសបារាំងរបស់ទ្រង់ដើម្បីព្យាបាលព្រះរោគ។ នៅថ្ងៃទី៦ ឆ្នាំ ១៩៧០ ខែមករាទើបសម្តេចយាងចេញពីមន្ទីរពេទ្យកាល់ម៉ែតដោយព្រះអង្គមានគម្រោងចាកចេញជាច្រើនលើកច្រើនសាររួចទៅហើយ។ ទ្រង់យាងចេញដោយមានក្បួនហែរហមឆ្ពោះទៅកាន់ព្រះបរមរាជវាំងហើយ ទើបបន្តដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះពោធិ៍ចិនតុងតែម្តង។ គេមិនឃើញមាន ភ្លេងប្រគុំជាកិត្តិយសដើម្បីអោយស័ក្តិសមកិត្តិយស និងឋានៈព្រះអង្គជាព្រះប្រមុខរដ្ឋទេនាថ្ងៃព្រះអង្គចាកចេញនោះ រហូតដល់មានអ្នកខ្លះអះអាងថា ទ្រង់យាងចេញពីមាតុភូមិបែបនេះមិនខុសពីការភៀសព្រះកាយឡើយ។ ព្រះរាជ្យអវត្តមានរបស់សម្តេចនេះហាក់ដូចជាការបើកផ្លូវទុកឲ្យបណ្តាអ្នកនយោបាយក្នុងស្រុកដណ្តើមអំណាចដូច្នេះដែរ។
តាមពិតទៅពេលសម្តេច សីហនុយាងចេញទៅ ទ្រង់បានបង្កើតរដ្ឋាភិបាលថ្មីមួយរួចទៅហើយដែលរដ្ឋាភិបាលនោះមានឧត្តមសេនីយ៍ លន់ នល់ នាយករដ្ឋមន្ត្រី ហើយទ្រង់ ស៊ីសុវត្ថិ សិរីមតៈ ជាឧបនាយករដ្ឋមន្ត្រី។ រដ្ឋាភិបាលកាលនោះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៩ ដោយគេរំពឹងថាវានឹងជួយស្រោចស្រង់ដែនដីកម្ពុជា ទើបបានជាគេដាក់ឈ្មោះថា «រដ្ឋាភិបាលស្រោចស្រង់ជាតិ»។ ទោះបីសង្គ្រោះជាតិមិនបានក៏ដោយ រដ្ឋាភិបាលថ្មីនេះ បានស្តារចំណងការទូតជាមួយអាមេរិកឡើងវិញបាន រហូតត្រួសត្រាយផ្លូវដល់ការទម្លាក់គ្រាប់បែកលើកងទ័ពវៀតណាមផង។
ប៉ុន្តែយ៉ាងណាមិញ រដ្ឋាភិបាលរបស់លោក លន់ នល់ ដឹកនាំដោយទ្រង់ សិរីមត: ត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា សកម្មភាពឈ្លានពានរបស់កងទ័ពវៀតណាមខាងជើង ការប្រយុទ្ធប្រឆាំងនឹងបណ្តាញ ដឹកស្បៀងនិងអាវុធរបស់ចិនទៅអោយវៀតណាមខាងត្បូង បញ្ហាវិបត្តិនយោបាយ និងសេដ្ឋកិច្ចផងដែរ។
ដោយសារបញ្ហាសេដ្ឋកិច្ច សង្គម និងការឈ្លានពានរបស់វៀតណាមខាងជើងនិងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត ប្រជាជនកម្ពុជាចាប់ផ្តើមបាតុកម្មប្រឆាំងអាជ្ញាធរនិងទាមទារឲ្យមានការបណ្តេញក្រុមកងទ័ពវៀតណាម។
-ខែមីនាឆ្នាំ១៩៧០ ចលនាបាតុកម្មប្រឆាំងវៀតណាមផុសផុលឡើង.......
មានព្រឹត្តិការណ៍បាតុកម្មធំមួយកើតឡើងនៅខេត្តស្វាយរៀង ហើយបាតុកម្មនេះធ្វើឡើងដើម្បីប្រឆាំងនឹងវត្តមានរបស់កងទ័ពវៀតណាមខាងជើងនិងវៀតកុង ដែលបោះទីតាំងលើទឹកដីខ្មែរ។ ដល់ថ្ងៃទី១១ ខែមីនា បាតុកម្មមួយយ៉ាងធំទៀតត្រូវបានគេរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ ពោលគឺនៅតាមគ្រឹះស្ថានសិក្សានានា។ ក្រុមបាតុករទំនងជាពលរដ្ឋសាមញ្ញនិងក្រុមនិស្សិតផង មានកាន់បដា និងពាក្យស្លោក ប្រឆាំង វៀតណាមខាងជើង និង វៀតកុងផង។ ក្បួនបាតុកម្មរបស់និស្សិតរាប់ពាន់នាក់លាយឡំប្រជាជនដើរបានដើតតម្រង់ទៅកាន់រដ្ឋសភាជាតិ ដោយពួកគេស្រែកតាមចង្វាក់ភាសាខ្មែរ បារាំង និងអងគ្លេសថា «បរាជ័យពួកវៀតកុង វៀតណាមខាងជើង», «វៀតកុងត្រូវត្រលប់ទៅប្រទេសឯងវិញទៅ»,«កម្ពុជាពុំមែនជាទឹកដីរបស់វៀតមិញទេ!» ។ នៅថ្ងៃដដែល ពួកបាតុករបានសម្តៅទៅរកស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងស្ថានទូតរបស់រាជរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្នវៀតណាមខាងត្បូងដែរ ហើយរឿងគួរឲ្យរន្ធត់គឺក្រុមបាតុករវាយបំផ្លិចបំផ្លាញស្ថានទូតទាំងពីរ។
ព្រលឹមស្រាងៗ ថ្ងៃទី១៦ខែមីនា បាតុកម្មដ៏ធំសម្បើមមួយទៀតត្រូវបានគេរៀបចំឡើងនៅពីមុខរដ្ឋសភាជាតិ ដោយចលនាបាតុកម្មនេះបានស្នើសុំអោយអង្គការកំពូលនីតិបញ្ញត្តិនេះចោទប្រកាន់ ឥស្សរជនស៊ីវិលនិងយោធាមួយចំនួនដែលសមគំនិតជាមួយពួកកុម្មុយនីស្តវៀតណាម។
ឈានដល់មួយថ្ងៃមុនរដ្ឋប្រហារ ស្ថានភាពដែលធ្លាប់វឹកវរនោះស្រាប់តែបានស្ងប់ស្ងាត់ដូចជាធម្មតា ហាក់ចម្លែកជាងសព្វមួយដង។ នាពេលរាត្រី គេឃើញមមានកងទ័ពល្បាតដោយមានរថក្រោះ រថពាសដែកនៅតាមដងផ្លូវសំខាន់ៗមួយចំនួនផងនាទីក្រុងភ្នំពេញ។ តែគ្មានអ្នកណាម្នាក់ទាយដឹងថា កម្ពុជាត្រៀមខ្លួនគាស់រំលើងរបបរាជានិយម ចាប់យករបបសាធារណរដ្ឋដោយមានអាមេរិកជាខ្នងបង្អែកឡើយ។
-១៨មីនា អវសាន្តនៃរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
ទីបំផុតថ្ងៃពុធ ទី១៨ ខែមីនា បានមកដល់។ ម៉ោង៩ព្រឹក សមាជិកសភាជាតិ និងក្រុមប្រឹក្សាព្រះរាជាណាចក្រ (សម័យនោះ) ស្រាប់តែជួបប្រជុំគ្នា ស្របពេលស្ថានភាពជារួមនៅខាងក្រៅមានភាពស្ងប់ស្ងាត់ជាធម្មតា។ ថ្វីបើនៅមុខសភាជិតបរមរាជវាំស្ងប់ស្ងាត់មែន បើក្រឡេកមើលទៅបរិវេណវត្តបទុមវត្តី និង សាលសន្និសីទចតុមុខ នៅនៅមិនឆ្ងាយពីគ្នាប៉ុណ្ណោះ មានការដាក់ពង្រាយកងទ័ពអោយឈរជើងចំនួន ២ទៅ៣កងដែរ។ វាចម្លែកត្រង់ថា ក្រុមប៉ូលិស តម្រួត លម្អរក្រុងនោះស្រាប់តែបាត់មុខទាំងស្រុងពីភ្នំពេញ។
នៅម៉ោងប្រហែល ១៖ ៣០នាទី សភាទាំងពីរបានសម្រេចបោះឆ្នោតធ្វើការដកមុខតំណែងពីសម្តេច សីហនុ ក្នុងឋានៈជាព្រះប្រមុខរដ្ឋជាឯកច្ឆ័ន្ទ ខណៈដែលសម្តេចកំពុងស្ថិតនៅឯបរទេសនៅឡើយ។
ក្រោយទម្លាក់សម្តេច សីហនុ តាមច្បាប់ហើយឧត្តមសេនីយ៍ លន់ នល់ ប្រកាសបង្កើតសាធារណរដ្ឋខ្មែរ មាននិន្ននាការងាកទៅរករបបដឹកនាំក្រុងវ៉ាស៊ីនតោន ហើយការផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធនេះធ្វើឲ្យកម្ពុជារងទុក្ខវេទនាកាន់តែខ្លាំងព្រោះគ្រាប់បែកអាមេរិក។ ៥ឆ្នាំក្រោយមក ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ របបដឹកនាំស៊ីរូងដោយអំពើពុករលួយនិងបក្សពួកនិយម ដោយទទួលបានជំនួយគ្រប់យ៉ាងពីអាមេរិក បានដួលរលំខ្ចាត់ខ្ចាយ ហើយចលនាកុម្មុយនីស្តប៉ុលពត ឡើងមកកាន់កាប់ប្រទេសជំនួសវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com