កូរ៉េខាងត្បូង៖ បក្សប្រឆាំងទាមទារឲ្យមានការសម្រេចសេចក្តីលើរូប​លោក​យូន ស៊ុកយោល ឲ្យ​បានឆាប់
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៤៣ នាទី ព្រឹក
កូរ៉េខាងត្បូង៖ បក្សប្រឆាំងទាមទារឲ្យមានការសម្រេចសេចក្តីលើរូប​លោក​យូន ស៊ុកយោល ឲ្យ​បានឆាប់
ប្រជាជនកូរ៉េខាងត្បូង ធ្វើបាតុកម្មទាមទារ​ទម្លាក់​លោក​ប្រធានាធិបតីយូន ស៊ុកយោល នៅក្បែរ​តុលាការធម្មនុញ្ញ។ ក្រុងសេអ៊ូល ថ្ងៃទី​១៧​មីនា២០២៥ AP - Ahn Young-joon

ដោយ៖ ម៉ម ពិសី (RFI ខេមរភាសា)

គិតត្រឹមថ្ងៃចន្ទ ទី​១៧​មីនានេះ តុលាការធម្មនុញ្ញ​កូរ៉េខាងត្បូង នៅតែមិនទាន់ចេញសាល​ក្រម​សម្រេចសេចក្តី ស្តីអំពី​លោក​ប្រធានាធិបតី​ យូន ស៊ុកយោលនៅឡើយទេ។ គណបក្ស​ប្រឆាំងកូរ៉េខាងត្បូង បាន​ទាមទារ​ឲ្យតុលាការធម្មនុញ្ញ ត្រូវតែ​កាត់សេចក្តី​ឲ្យ​បានឆាប់ជាទី​បំផុត ព្រោះការពន្យារពេលយូរ នឹងរុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់ចូលក្នុង​វិបត្តិអស្ថិរភាពសង្គម​។ សូមបញ្ជាក់ថា កាលពីថ្ងៃចុងសប្តាហ៍​កន្លងទៅ យ៉ាងហោចណាស់ មានបាតុករប្រមាណ​១សែននាក់មកជួបជុំគ្នានៅទីក្រុងសេអ៊ូល មានទាំងក្រុមគាំទ្រនិងក្រុមប្រឆាំងលោក​យូន ស៊ុកយោល​។
TTN-Free-Banner-In-Article-PC

 
ប្រជាជន​កូរ៉េខាងត្បូង កំពុងរងចាំ​យ៉ាងអន្ទះសារ ចំពោះ​សេចក្តីសម្រេចរបស់លោកតុលា​ការ​ធម្មនុញ្ញ ស្តីពី​លោក​យូន ស៊ុកយោក ដែលជាប់ចោទពី​បទបះបោរ និងបំពានប្រើ​ច្បាប់​អាជ្ញាសឹក​។ ប្រជាជន​កូរ៉េខាងត្បូង ធ្វើបាតុកម្ម​សឹងមិនលស់​ថ្ងៃ មានទាំងក្រុមគាំទ្រ​លោក​យូន ស៊ុកយោល​ និង​ក្រុមទាមទារ​ឲ្យ​ទម្លាក់លោក ចេញពីតំណែងប្រធានាធិបតី​។ កាលពីចុងសប្តាហ៍​កន្លងទៅ ផ្អែកតាមសមត្ថកិច្ចក្រុងសេអ៊ូល យ៉ាងហោចណាស់ មានមនុស្សប្រមាណ​១សែននាក់ ដែល​បានមកចូលរួមបាតុកម្ម​។

ប្រឈមនឹងបញ្ហា​អាចឈានផ្ទុះ​ក្លាយជាចលាចលសង្គមនេះ គណបក្ស​ប្រជាធិបតេយ្យ​ ដែលជាបក្សប្រឆាំងធំជាងគេ បាន​ប្រកាសទាមទារ​ឲ្យតុលាការធម្មនុញ្ញកូរ៉េខាងត្បូង ត្រូវតែសម្រេចសេចក្តី​ឲ្យ​បានឆាប់បំផុត​ ស្តីពី​ករណី​លោក​យូន ស៊ុកយោល។ លោក Kim Min-Seok សមាជិកសភាម្នាក់នៃ​បក្ស​ប្រជាធិបតេយ្យ បាន​លើកឡើងថា​ប្រទេសនិងពលរដ្ឋកូរ៉េខាងត្បូង មិនអាចអត់ទ្រាំចាំតទៅ​​ទៀតបានទេ។ គ្រប់គ្នា​កំពុងរងចាំសេចក្តី​សម្រេចរបស់តុលាការធម្មនុញ្ញ ដោយ​អន្ទះអន្ទែងបំផុត។ ដូច្នេះ​រាល់ការពន្យារពេល​ មិនព្រមចេញសាលក្រម វាគឺជារឿងមួយដែល​​គ្មានការទទួលខុសត្រូវ របស់​ស្ថាប័ន​កំពូលនេះ​។

សូមបញ្ជាក់ថា លោកប្រធានាធិបតី យូន ស៊ុកយោល ត្រូវបាន​តុលាការដោះលែង​ឲ្យ​នៅក្រៅឃុំវិញ កាលពីថ្ងៃទី​៨មីនា បន្ទាប់ពីរកឃើញថា មានកំហុសផ្នែកនីតិវិធី។ តែយ៉ាងណា រដ្ឋអាជ្ញាកូរ៉េខាងត្បូងអះអាងថា លោក​នៅតែប្រឈម​នឹង​បទចោទប្រកាន់ដ៏ធ្ងន់ធ្ងរ នៅឯតុលាការធម្មនុញ្ញ គឺបទល្មើសបះបោរ និងប្រើច្បាប់អាជ្ញាសឹកដោយ​បំពាន​។ ​អ្នកជំនាញ​ជាច្រើនបានរំពឹងថា តុលាការធម្មនុញ្ញនឹងសម្រេចសាលក្រុម នៅពាក់កណ្តាល​ខែ​មីនានេះយ៉ាងយូរបំផុត​។ 

តែគិតត្រឹមពេលនេះ នៅតែគ្មានដំណឹង ហើយ​ធ្វើ​ឲ្យ​សំណុំរឿងនេះ​ ក្លាយ​ជាសំណុំរឿងដែល​តុលាការធម្មនុញ្ញចំណាយពេលយូរថ្ងៃបំផុតមុននឹងសម្រេចសេចក្តី នៅក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង​។

គួររំលឹកដែរថា កាលពីថ្ងៃ​១៩​មករា ក្រុមបាតុករគាំទ្រលោក​យូន ស៊ុកយោល បាននាំគ្នាសំរុក​ចូលទៅក្នុងតុលាការមួយនៅក្រុងសេអ៊ូល ដោយ​បានវាយបំបែក​ទ្វារនិងបង្អួចតុលាការ បន្ទាប់ពីចៅក្រម​បាន​សម្រេច​សេចក្តី ពន្យារការឃុំខ្លួន​លោក​យូន ស៊ុកយោល​។ បញ្ហា​ចលាចលហិង្សា​នេះ បានញ៉ាំងឲ្យ​សមត្ថកិច្ចកូរ៉េខាងត្បូង​ មានការព្រួយ​បារម្ភជាខ្លាំង នៅថ្ងៃដែល​តុលាការធម្មនុញ្ញនឹងប្រកាសសាលក្រម​។ អាជ្ញាធរ​ក្រុងសេអ៊ូល បាន​ប្រកាសអំពីវិធានការ​សន្តិសុខដ៏តឹងតែងបំផុត ជាពិសេសនៅបរិវេនជុំវិញតុលាការធម្មនុញ្ញ ដើម្បីបង្ការទប់ស្កាត់ រាល់​ការផ្ទុះអំពើហិង្សានានា។

មន្ត្រី​ទទួល​ខុសត្រូវម្នាក់​នៃ​​នគរបាល​កូរ៉េខាងត្បូង​ បានប្រាប់​ទីភ្នាក់ងារព័ត៌មានបារាំង​AFP នៅថ្ងៃចន្ទទី១៧​មីនាថា អាជ្ញាធរកំពុងតែប្រជុំពិភាក្សាគ្នា អំពីលទ្ធភាព​បិទជាបណ្តោះអាសន្ន នូវ​ទីតាំងមួយចំនួន ដូចជាហាងទំនិញ ស្ថានីយប្រេងឥន្ទនៈជាដើម​ នៅតំបន់ក្បែរៗ​តុលាការធម្មនុញ្ញ នៅថ្ងៃប្រកាស​សាលក្រម​៕ប្រជាជនកូរ៉េខាងត្បូង ធ្វើបាតុកម្មទាមទារ​ទម្លាក់​លោក​ប្រធានាធិបតីយូន ស៊ុកយោល នៅក្បែរ​តុលាការធម្មនុញ្ញ។ ក្រុងសេអ៊ូល ថ្ងៃទី​១៧​មីនា២០២៥ AP - Ahn Young-joon
 

© រក្សាសិទ្ធិដោយ thmeythmey.com

Other