លោក វ៉ាង វិនពីន ថាការសម្ដែងសិល្បៈខ្មែរ នៅ«ផ្លូវថ្មើរជើង» ចូលរួមទាក់ទាញទេសចរចិន
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:០៩ នាទី ព្រឹក
លោក វ៉ាង វិនពីន ថាការសម្ដែងសិល្បៈខ្មែរ នៅ«ផ្លូវថ្មើរជើង» ចូលរួមទាក់ទាញទេសចរចិន
រូបភាព លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាត់បញ្ចូលជាមួយ សកម្មភាពសម្ដែងល្ខោនខោល នៅលើវិថីថ្មើរជើង រាជធានីភ្នំពេញ៖ រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ និង Wang Wenbin

ភ្នំពេញ៖ លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន​សរសេរ​នៅ​លើទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ខែមីនានេះថា ផ្លូវថ្មើរជើង (Walk Street) នៅមាត់ទន្លេ កំពុង​ក្លាយជាកន្លែងកម្សាន្តចុងសប្ដាហ៍ដ៏ពេញនិយមសម្រាប់ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរ។ ទន្ទឹមនេះ លោក ក៏សង្ឃឹមថា ការសម្ដែងសិល្បៈខ្មែរ, សកម្មភាពវប្បធម៌ និងការកម្សាន្ត​ផ្សេងទៀតនៅលើវិថីនេះនឹងទាក់ទាញទេសចរចិនកាន់តែច្រើន។

TTN-Free-Banner-In-Article-PC

លោក វ៉ាង វិនពីន សរសេរបែបនេះថា៖ «ចាប់តាំងពីបើកដំណើរការនាឆ្នាំនេះមក វិថីថ្មើរ​ជើង​នៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានក្លាយជាកន្លែងកម្សាន្តចុងសប្តាហ៍ដ៏ពេញនិយម​សម្រាប់អ្នករស់នៅក្នុងតំបន់ និងភ្ញៀវទេសចរ។ សង្ឃឹមថា ការសម្តែងសិល្បៈខ្មែរ សកម្មភាពវប្បធម៌ និងការកម្សាន្តផ្សេងទៀតនៅលើដងវិថីនេះ នឹងទាក់ទាញភ្ញៀវទេសចរ​ចិនកាន់តែច្រើន។»។

កាលពីថ្ងៃទី១៦ ខែមីនា ចុងសប្តាហ៍កន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអារម្មណ៍​នឹង​កំណើនទេសចរ ដែលទៅកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street) នេះដែរទាំងទេសចរខ្មែរ និងបរទេស។

សម្តេច ហ៊ុន ម៉ា​ណែត បានសរសេរនៅទំព័រហ្វេសប៊ុកថា៖ «ពីមួយសប្ដាហ៍ ទៅមួយ​សប្ដាហ៍ រដ្ឋបាល​រាជធានីភ្នំពេញតែ​ងរៀបចំមានការសម្ដែងសិល្បៈបុរាណ ប្រពៃណី សម័យ បណ្ណាល័យចល័ត កន្លែងលក់ដូរ និងកន្លែងកម្សាន្តសប្បាយផ្សេងៗ។»។

សម្រាប់សម្តេច ហ៊ុន ម៉ាណែត ការរៀបចំសម្តែងសិល្បៈ នឹងធ្វើឱ្យទេសចរបរទេស កាន់តែស្គាល់ពីរបាំ និង​ទម្រង់សិល្បៈផ្សេងៗទៀតរបស់កម្ពុជា។ ប្រមុខរាជរដ្ឋាភិបាល ក៏មិនភ្លេចសរសើរ​សមត្ថកិច្ចះពាក់ព័ន្ធ ដែលបានពង្រឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់យ៉ាងល្អ ដល់ពលរដ្ឋដែលដើរដំណើរកម្សាន្ត ចាប់តាំងពីផ្លូវថ្មើរជើងដំណើរការមក​ផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ បាន​ដំណើរការសាកល្បងផ្លូវថ្មើរជើង កាលពីថ្ងៃទី១ ខែ​កុម្ភៈ​។ ផ្លូវ​នេះ រៀបចំឡើងនៅលើផ្ទៃដី ៥៧ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ តាម​បណ្ដោ​យ​វិថី​ព្រះស៊ីសុវិត្ថ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ពីផ្លូវលេខ៩៤ ដល់ផ្លូវលេខ២៤០។ 

តាមគម្រោង ផ្លូវថ្មើរជើងនេះ ត្រូវបែងចែកជា ៣តំបន់ផ្សេងគ្នា ដោយ​មានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងរៀបចំជា​ pub street ​ ដើម្បី​បម្រើ​ដល់ការកម្សាន្ត និង​ដើរ​​ទិញទំនិញនៅពេលយប់ របស់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ទាំង ៣នេះ នឹង​បិទមិនឱ្យឡាន និងម៉ូតូ ចូលធ្វើចរាចណ៍នោះទេ ចា​ប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ ដើម្បីឱ្យការថ្មើរជើងកម្សាន្តរបស់ពលរដ្ឋ ងាយស្រួល៕

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា