លោកត្រាំ អាចនឹងជួបមេដឹកនាំចិនលើទឹកដីអាម៉េរិក ក្នុងពេលឆាប់ៗ
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
លោកត្រាំ អាចនឹងជួបមេដឹកនាំចិនលើទឹកដីអាម៉េរិក ក្នុងពេលឆាប់ៗ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក (ឆ្វេង) និងលោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព AFP និងX_White House

ប្រធានាធិបតីចិន លោក ស៊ី ជិនភីង អាចបំពេញទស្សនកិច្ចនៅអាម៉េរិក ក្នុងពេលឆាប់ៗខាងមុខ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសបែបនេះ នៅថ្ងៃទី១៧ ខែមីនា ដោយមិនផ្តល់ពេលវេលាជាក់លាក់។ ទំនាក់ទំនងអាម៉េរិក និងចិន កាន់តែរកាំរកូស ក្រោយសង្រ្គាមពាណិជ្ជកម្មចាប់ផ្តើមតាំងពីខែកុម្ភៈ។
TTN-Free-Banner-In-Article-PC


បើទោះទំនាក់ទំនងទ្វេភាគី មិនទាន់ល្អក៏ដោយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានអះអាងថា លោក ស៊ី ជិនភីង សមភាគីចិន អាចបំពេញទស្សនកិច្ចនៅអាម៉េរិក ក្នុងពេលឆាប់ៗ។ 

«គាត់ (មេដឹកនាំចិន) នឹងមកអាម៉េរិក នៅក្នុងខាងមុខ»។ លោក ត្រាំ បានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន នៅមជ្ឈមណ្ឌល Kennedy Center for the Performing Arts ក្នុងក្រុងវ៉ាស៊ីនតោន ក្នុងថ្ងៃទី១៧ ខែមីនា ក្នុងពេលជជែកពីមេដឹកនាំចិន។ យ៉ាងណាមិញ មេដឹកនាំអាម៉េរិករូបនេះ មិនបានផ្តល់ពីព័ត៌មានលម្អិតឡើយ។ 

លោក ស៊ី បានបំពេញទស្សនកិច្ចនៅអាម៉េរិកលើកចុងក្រោយ ក្នុងឆ្នាំ២០២៣ នៅពេលចូលរួមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក (APEC) ហើយលោកស៊ី ក៏បានជួបជាមួយ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ជាលក្ខណៈទ្វេភាគីផងដែរ។ 

ចាប់តាំងពីឡើងកាន់តំណែង លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានដាក់ពន្ធលើទំនិញចិនរហូតដល់ ២០ភាគរយ ពាក់ព័ន្ធគ្រឿងញៀន និងអតុល្យភាពសេដ្ឋកិច្ច។ ជាការឆ្លើយតប រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ពន្ធលើផលិតផលកសិកម្មអាម៉េរិករហូតដល់ ១៥ភាគរយ។ ជុំវិញសង្រ្គាមពាណិជ្ជកម្មនេះ ចិន បានទទូចឱ្យមានកិច្ចពិភាក្សាទ្វេភាគី។ 

តាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal មន្រ្តីអាម៉េរិក និងចិន បានចាប់ផ្តើមកិច្ចពិភាក្សាគ្នាហើយ ដោយមេដឹកនាំប្រទេសទាំងពីរ អាចមានជំនួបជាមួយគ្នានៅខែមិថុនា ដោយសារតែថ្ងៃខួបកំណើតរបស់លោកស៊ី និងលោក ត្រាំ។ ប្រធានាធិបតីប្រទេសទាំងពីរ មានថ្ងៃខួបកំណើតខុសគ្នាតែមួយថ្ងៃប៉ុណ្ណោះ ដោយលោកស៊ី កើតនៅថ្ងៃទី១៥ ខែមិថុនា ខណៈលោក ត្រាំ កើតនៅថ្ងៃទី១៤ ខែមិថុនា។ 

ប្រធានបទដែលមានដឹកនាំទាំងពីរអាចលើទៅជជែកមានដូចជា កិច្ចសហប្រតិបត្តិការទ្វេភាគី, គ្រឿងញៀន, ពាណិជ្ជកម្ម និងបញ្ហាតំបន់ និងសកលជាដើម៕ 

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ