អ្នកអភិរក្ស លែងក្រពើភ្នំ១០ក្បាល ទៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:៥៤ នាទី រសៀល

អ្នកភិរក្ស លែងក្រពើភ្នំ ទៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ។ រូបភាព៖ ក្រសួងកសិកម្ម
ក្រពើភ្នំពូជសុទ្ធចំនួន ១០ក្បាល ត្រូវបានលែងក្នុងធម្មជាតិ នៅ«ឧទ្យានជាតិវីរៈជ័យ» ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ការលែងក្រពើភ្នំនេះ ធ្វើឡើងក្រោមកិច្ចសហការរវាង អង្គការសត្វព្រៃ និងរុក្ខជាតិ ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះជាសញ្ញានៃការរស់រានសត្វក្រពើភ្នំឡើងវិញ បន្ទាប់ពីបាត់វត្តមានពួកវាពីឧទ្យានជាតិមួយនេះជាង២ទសវត្សរ៍មកហើយ។

លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិ បានលើកឡើងថា ២៥ឆ្នាំមកនេះ អង្គការសត្វព្រៃ និងរុក្ខជាតិ, ដៃគូរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងអភិរក្ស និងស្តារសត្វក្រពើភ្នំកុំឱ្យផុតពូជពីធម្មជាតិ។ ក្នុងនោះ អង្គការបានលែងក្រពើភ្នំជាច្រើនចូលទៅក្នុងព្រៃធម្មជាតិ ដែលធ្វើឱ្យពួកវាមានលទ្ធភាពបង្កាត់ពូជពងកើនឡើងផងដែរ។
ការលែងទៅក្នុងព្រៃធម្មជាតិ ត្រូវបានគេប្រើបច្ចេកវិទ្យាកត់ត្រាសំឡេង ដើម្បីតាមដានការផ្លាស់ទី និងការរស់រានមានជីវិតរបស់ក្រពើភ្នំ។ ទិន្នន័យនេះ មានសារៈសំខាន់ក្នុងការងារអភិរក្ស និងស្តារពួកវាឡើងវិញ។

បើតាមលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពីឆ្នាំ២០១១ រហូតបច្ចុប្បន្ន កម្ពុជាបានលែងសត្វក្រពើភ្នំពូជសុទ្ធចំនួន១២លើក ទៅក្នុងព្រៃធម្មជាតិ នៃតំបន់ជួរភ្នំក្រវាញ។ ទាក់ទិននឹងការងារនេះ ក្រសួងកសិកម្មនឹងបន្តលើកទឹកចិត្ត និងត្រៀមខ្លួនជានិច្ច ក្នុងការសហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការអភិរក្សធនធានធម្មជាតិ នៅកម្ពុជាឱ្យបានគង់វង្ស។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រពើភ្នំជាប្រភេទដ៏កម្របំផុតនៅលើពិភពលោក ប៉ុន្តែពួកវាបង្ហាញខ្លួនច្រើនជាងគេនៅប្រទេសកម្ពុជា។ នេះជាមោទកភាពសម្រាប់កម្ពុជា ដែលមានប្រភេទសត្វកម្ររស់នៅ។ បច្ចុប្បន្ន ក្រសួងបរិស្ថាន បានអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ រួមមាន ធនធានសត្វព្រៃ ដែលមានសារៈសំខាន់សម្រាប់មនុស្សជាតិ។
បច្ចុប្បន្ន ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមានសម្បុកពងកូនក្រពើភ្នំចំនួន ៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញផងដែរ។ ដោយឡែក ឧទ្យានជាតិវីរៈជ័យ ក៏ធ្លាប់មានក្រពើភ្នំរស់នៅតាំងពីដើមមកដែរ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារក្រពើកម្រក្នុងតំបន់នេះ អាចទទួលបានជោគជ័យ៕
អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: