បារាំងដោះលែងមេ Telegram ទោះការស៊ើបអង្កេតបទឧក្រិដ្ឋនៅតែបន្ត
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:៥៤ នាទី រសៀល

លោក Pavel Durov នាយកប្រតិបត្តិ Telegram។ រូបភាព AFP
នាយកប្រតិបត្តិ និងជាស្ថាបនិកបណ្តាញសង្គម Telegram លោក Pavel Durov នៅថ្ងៃទី១៧ ខែមីនា បានត្រលប់ទៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម បន្ទាប់ពីត្រូវបានអាជ្ញាធរបារាំងអនុញ្ញាត។ ទោះមហាសេដ្ឋីរូបនេះ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីបារាំង ប៉ុន្តែអាជ្ញាធរនៅតែបន្តស៊ើបអង្កេតពីបទចោទលាងលុយ ការជួញដូរថ្នាំញៀន ភេរវកម្ម និងមាតិកាបំពានផ្លូវភេទកុមារលើបណ្តាសង្គម Telegram។

លោក Pavel Durov នាយកប្រតិបត្តិ និងជាស្ថាបនិក បណ្តាញសង្គម Telegram នៅក្នុងខែសីហា ឆ្នាំ២០២៤ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Le Bourget ក្រៅទីក្រុងបារីស ដើម្បីស៊ើបអង្កេតលើបទចោទពាក់ព័ន្ធការលាងលុយ ការជួញដូរថ្នាំញៀន ភេរវកម្ម និងមាតិកាបំពានផ្លូវភេទកុមារលើបណ្តាសង្គម Telegram។
ក្រោយស្ថិតនៅបារាំងជាច្រើនខែ មហាសេដ្ឋី ដែលមានសញ្ជាតិបារាំង និងអេមីរ៉ាតអារ៉ាប់រួមរូបនេះ បានវិលទៅដល់ទីក្រុងឌូបៃវិញហើយ។
«ដូចអ្នកបានលឺ ខ្ញុំបានត្រលប់ទៅទីក្រុងឌូបៃ បន្ទាប់ពីស្ថិតនៅបារាំងជាច្រើខែ ដោយសារការស៊ើបអង្កេតពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មមានលើបណ្តាញសង្គម Telegram»។ លោក Pavel Durov បានសរសេរលើបណ្តាញសង្គម Telegram បែបនេះ នៅថ្ងៃទី១៧ ខែមីនា។ បើតាមមហាសេដ្ឋី ដែលមានទ្រព្យប្រមាណ១៥,៥ពាន់លានដុល្លារ រឿងក្តីស៊ើបអង្កេតនៅតែបន្តដោយអាជ្ញាធរបារាំង។
តាមប្រភពដែលមិនបញ្ចេញឈ្មោះប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ចៅក្រមបារាំង បានអនុញ្ញាតឱ្យលោក Pavel Durov ចេញទៅបរទេសបាន ក្នុងរយៈពេលជាច្រើនសប្តាហ៍។ លោកអាចចាកចេញទៅបរទេសចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ហើយត្រូវតម្កល់ប្រាក់ប្រមាណ ៥,៤លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: