នៅភូមា កម្មវិធីស្បៀងអាហារពិភពលោក ត្រូវបង្ខំចិត្តកាត់បន្ថយជំនួយ ព្រោះខ្វះថវិកា
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី យប់

នៅភូមា កម្មវិធីស្បៀងអាហារពិភពលោក ត្រូវបង្ខំចិត្តកាត់បន្ថយជំនួយ ព្រោះខ្វះថវិកា។ © Soe Than Win / AFP
ដោយ៖ហេង ឧត្តម (RFI ខេមរភាសា)
កម្មវិធីស្បៀងអាហារពិភពលោក បានប្រកាសអាសន្នអំពីការខ្វះជំនួយថវិកា ដើម្បីទ្រទ្រង់សកម្មភាពកិច្ចការមនុស្សធម៌នៅភូមា។ ភូមាដែលរងគ្រោះកាន់តែខ្លាំងឡើងៗព្រោះតែសង្គ្រាមស៊ីវិល និងដែលជំរុញឲ្យមនុស្សផ្លាស់ទីលំនៅកាន់តែច្រើនឡើងជាលំដាប់។

នៅភូមា កម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ ត្រូវការកញ្ចប់ថវិកាយ៉ាងហោច ៦០ លានដុល្លារ ដើម្បីទ្រទ្រង់ផែនការសកម្មភាពរបស់ខ្លួន ចាប់ពីពេលនេះ រហូតដល់ដាច់ឆ្នាំ២០២៥។ ក៏ប៉ុន្តែ អង្គការនេះ ត្រូវជួបវិបត្តិខ្វះថវិកាជាខ្លាំង ដែលមិនអាចទ្រង់ទ្រង់ការចំណាយលើសកម្មភាពរបស់ខ្លួន រហូតដល់ផុតចុងឆ្នាំបាននោះឡើយ ហើយថវិកាបម្រុងទុកដែលនៅសេសសល់ គឺអាចនឹងជួយសង្គ្រោះមនុស្សបានត្រឹមតែប្រមាណ ៣៥ ០០០ នាក់តែប៉ុណ្ណោះ ពោលគឺតិចខ្លាំងណាស់ ជាងការរំពឹងទុកថាត្រូវជួយពលរដ្ឋភូមា ឲ្យបាន យ៉ាងហោច ៣០០ ០០០ នាក់ឯណោះ ក្នុងឆ្នាំ២០២៥។ នេះបើតាម លោក ម៉ៃខល ដន់ហ្វឺដ ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់កម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ ដែលបានផ្តល់បទសម្ភាសន៍ផ្តាច់មុខ ឲ្យវិទ្យុបារាំងRFI នៅថ្ងៃទី១៧ មីនា។
បើតាមប្រភពពីលោក ម៉ៃខល ដន់ហ្វឺដ ដដែល ការកាត់បន្ថយជំនួយអន្តរជាតិពីសំណាក់រដ្ឋាភិបាលអាមេរិក របស់លោក ដូណាល់ ត្រាំ ជាកម្លាំងចលករធំ ដែលធ្វើឲ្យមានវិបត្តិថវិការបស់អង្គការស្បៀងអាហារពិភពលោក ដ្បិតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជាម្ចាស់ជំនួយធំជាងគេ ក្នុងការផ្តល់ជំនួយមនុស្សធម៌នៅភូមា ជាយូរមកហើយ។
ផលវិបាកនៃការខ្វះជំនួយថវិកា កាន់តែធ្វើឲ្យវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរ ដ្បិតថា ពលរដ្ឋភូមា យ៉ាងហោច ១៥ លាននាក់ កំពុងតែរងគ្រោះព្រោះវិបត្តិអសុវត្ថិភាពចំណីអាហារ។ ក្នុងឆ្នាំ២០២៥នេះ អង្គការសហប្រជាជាតិ ព្យាករថានឹងមានពលរដ្ឋភូមា យ៉ាងតិច ១៩ លាននាក់ ឯណោះ ត្រូវការជំនួយស្បៀង។
ភូមាបានញាំញីដោយសង្គ្រាមស៊ីវិលជាច្រើនឆ្នាំមកហើយ។ តាំងពីផ្ទុះរដ្ឋប្រហារយោធានៅឆ្នាំ២០២១មក ជនភៀសខ្លួននិងជនផ្លាស់ទីលំនៅ ក៏កាន់តែមានច្រើនទៅៗ។ ការខ្វះខាតស្បៀង ក៏មានទំហំធំឡើងៗដែរ។
ទន្ទឹមនឹងគ្នានេះ ជង្រុកស្រូវពលរដ្ឋភូមាចេះតែស្រកស្រុតរាក់ទៅៗ នៅ៤ឆ្នាំចុងក្រោយដ្បិតថា ការប្រមូលផលស្រូវធ្លាក់ចុះខ្លាំង ព្រោះតែបញ្ហាប្រែប្រួលអាកាសធាតុ។ កាលពីឆ្នាំទៅមិញ ភូមាជួបគ្រោះទឹកជំនន់ និងខ្យល់ព្យុះទីហ្វុង ថែមទៀត ដែលបានទម្លាក់បន្ទុកធ្ងន់ចំពោះស្ថានភាពពលរដ្ឋភូមា។
ម្ល៉ោះហើយទើប កម្មវិធីស្បៀងអាហារពិភពលោក បានស្រែកអំពាវនាវរកជំនួយថវិកាផ្គត់ផ្គង់គម្រោងកម្មវិធីមនុស្សធម៌នៅភូមាបន្តទៀត។ អង្គការនេះ លាតត្រដាងថា មានលទ្ធភាពផ្គត់ផ្គង់សកម្មភាព ប្រហែលជា ៣ ខែទៀតតែប៉ុណ្ណោះ ដើម្បីជួយស្ត្រីនិងកុមារភូមា ដែលកំពុងតែខ្វះខាតស្បៀងខ្លាំង៕

© រក្សាសិទ្ធិដោយ thmeythmey.com