នាយករដ្ឋមន្ត្រីថ្មីកាណាដា ​ចង់រឹតចំណងសហប្រតិបត្តិជាមួយ “សម្ព័ន្ធមិត្តដ៏​ជាទី​ទុកចិត្តដូចបារាំង”
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
នាយករដ្ឋមន្ត្រីថ្មីកាណាដា ​ចង់រឹតចំណងសហប្រតិបត្តិជាមួយ “សម្ព័ន្ធមិត្តដ៏​ជាទី​ទុកចិត្តដូចបារាំង”

ដោយ៖ ម៉ម ពិសី (RFI ខេមរភាសា)

លោកនាយករដ្ឋមន្ត្រីថ្មីកាណដា ​​ម៉ាក ខានី (Mark Carney) បានធ្វើទស្សនកិច្ច​ក្រៅប្រទេស ជាលើក​ដំបូងបង្អស់ នៅបារាំងកាលពីថ្ងៃ១៧​មីនា។​ បន្ទាប់ពីបានជួបជាមួយ​លោក ម៉ាក្រុង ​ លោក ​​ម៉ាក ខានី​ បាន​ថ្លែងថា កាណាដាចង់រឹតចំណងសហប្រតិបត្តិការ​ឲ្យ​រឹងមាំ ជាមួយ​សម្ព័ន្ធមិត្ត​ដ៏គួរជាទីទុកចិត្ត​ដូចបារាំង​។ សំដី​លើកឡើងរបស់​​លោក​នាយករដ្ឋមន្ត្រីកាណាដានេះ គឺវាស្ថិតនៅក្នុងបរិបទ​មួយ ដែលទំនាក់ទំនងរវាង​​សហរដ្ឋអាមេរិកនិងកាណាដា កំពុងតែល្អក់កករយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋបាលលោកដូណាល់ ត្រាំ បានចូលកាន់អំណាច​។
TTN-Free-Banner-In-Article-PC


លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ចាប់រលាក់ដៃក្នុង​ទឹកមុខញញឹមជាមួយ​លោកនាយករដ្ឋមន្ត្រីថ្មីកាណាដា ម៉ាក ខានី។ វិមានអេលីហ្សេ ទីក្រុងប៉ារីស ថ្ងៃទី​១៧​មីនា​២០២៤ AP - Thomas Padilla

លោក ​​ម៉ាក ខានី (Mark Carney) នាយករដ្ឋមន្ត្រី​ថ្មីរបស់កាណាដា បានជ្រើសរើសយកបារាំង ជាគោលដៅ​ទស្សនកិច្ច​ក្រៅប្រទេស លើក​ដំបូងបង្អស់របស់ខ្លួន​។ មកដល់ទីក្រុងប៉ារីស ព្រឹក​ថ្ងៃទី​១៧​មីនា លោក​បានចូលជួប​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ ហើយបានទៅទស្សនា​ព្រះវិហារណូត្រឹមដាម ទីក្រុង​ប៉ារីស ដែលទើបតែជួសជុលរួចរាល់។

ថ្លែងនៅក្នុងសន្និសីទកាសែតនៅវិមានអេលីហ្សេ លោក​ម៉ាក ខានី បាន​លើកឡើងថា ក្នុងនាមប្រមុខរដ្ឋាភិបាល​កាណាដា លោកចង់​រឹតចំណង​សហប្រតិបត្តិការ ជាមួយប្រទេស​សម្ព័ន្ធមិត្តគួរជាទីទុកចិត្តដូចបារាំង​។ លោក​បានបន្តទៀតថា បារាំងនិងកាណាដា ត្រូវតែរួបរួមសហការគ្នា ដើម្បីធានាការពារសន្តិសុខជាតិនិង​សន្តិសុខរបស់ប្រទេសសម្ព័ន្ធមិត្ត​ ព្រមទាំងពិភពលោក​ផងដែរ​។ មិនត្រឹមតែប៉ុណ្ណោះ បារាំងនិងកាណាដា នឹង​ពង្រឹងទំនាក់ទំនងការទូត ដើម្បីរួមគ្នាប្រឈមមុខ​ជាមួយនឹងពិភពលោក​មួយ ដែលកាន់តែអស្ថិតភាព​មានគ្រោះថ្នាក់​ និងដើម្បី​បង្កើតឱកាស​ថ្មីសម្រាប់វិស័យធុរកិច្ចទាំងសងខាង​។ បន្ថែមពីនេះ លោក​នាយករដ្ឋមន្ត្រីថ្មីកាណាដា បាន​អះអាងទៀតថា បារាំងនិងកាណាដាមានជំហរដូចគ្នា គឺ​ប្តេជ្ញាបន្តជួយ​អ៊ុយក្រែន ដើម្បី​ការពារបូរណភាពទឹកដី និង​​អធិបតេយ្យភាពអ៊ុយក្រែន។ កាណាដានឹងមានវត្តមានជានិច្ច ដើម្បី​ជួយ​ការពារ​សន្តិសុខរបស់អឺរ៉ុប​។​

ចំណែក​លោក​ប្រធានាធិបតី​បារាំងវិញ បានថ្លែងថា ជាការពិតណាស់ បារាំងនិងកាណាដា គឺជា​មហាអំណាច​ដែល​ស្រលាញ់គាំទ្រសន្តិភាព ជា​សម្ព័ន្ធមិត្ត​ដែលស្មោះត្រង់គួរជាទីទុកចិត្ត ហើយប្តេជ្ញា​ជាក់ច្បាស់ ដើម្បីជួយអ៊ុយក្រែនឲ្យ​ឈានទៅរកសន្តិភាពមួយជារៀងដរាប។ ពោលគឺជាសន្តិភាពមួយដែលមានលក្ខខណ្ឌមួយរឹងមាំ ហើយដែលរុស្ស៊ី​ក្នុងនាមជាប្រទេសឈ្លានពានគេ ត្រូវតែសន្យាគោរព​។​

សូមបញ្ជាក់ថា លោក​ ម៉ាក ខានី​ ទើបតែចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ជំនួសលោក​ យូស្តាំង ទ្រុយដូ កាលពីថ្ងៃសុក្រទី​១៤មីនា​។ ចេញពីបារីស​ លោក​ ម៉ាក ខា​នី នឹងបន្តដំណើរទៅទីក្រុងឡុងដ៍​។ ទស្សនកិច្ចលើកទី​មួយ​របស់​លោក​ ម៉ាក ខានី​ ​​នៅបារាំងនេះ គឺវាស្ថិតនៅ​ក្នុងបរិបទមួយ ដែល​ទំនាក់ទំនងរបស់កាណាដានិងអាមេរិក​ដែលធ្លាប់ជាសម្ព័ន្ធមិត្ត​ដ៏យូរអង្វែងនោះ បានប្រែជាល្អក់កករធ្ងន់ធ្ងរបំផុត​។

បន្ទាប់ពីបានចូលកាន់អំណាចឡើងវិញ លោកដូណាល់ ត្រាំ បានធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយកាណាដា​ ដោយ​បានដំឡើងពន្ធ​២៥%លើទំនិញកាណាដា។ មិនត្រឹមប៉ុណ្ណោះទេ លោកដូណាល់ ត្រាំ បានគំរាម​ម្តងហើយម្តងទៀត ថាចង់បានកាណាដា ធ្វើ​ជារដ្ឋទី​​៥១​របស់​សហរដ្ឋ​អាមេរិក​។ រដ្ឋាភិបាល​និង​ប្រជាជន​កាណាដាបានឆ្លើយតបវិញ ជាមួយ​នឹង​សន្ទុះស្នេហាជាតិ​ដ៏ខ្លាំងក្លាបំផុត ដោយ​បាន​ដំឡើងពន្ធសងសឹកវិញ ហើយថែមទាំងរួមគ្នា​ទិញទំនិញ​អាមេរិកថែមទៀតផង​។ 

យ៉ាងណាមិញ បារាំងក៏អាច​ជាជនរងគ្រោះម្នាក់ដូចកាណាដាដែរ បន្ទាប់​លោកដូណាល់ ត្រាំ បានប្រកាសគំរាម​យកពន្ធចំនួន​២០០% លើស្រាឆំប៉ាញ ស្រាទំពាំងបាយ​ជូរ អាល់កុលខ្លាំងគ្រប់មុខផ្សេងទៀត ដែលផលិតនៅអឺរ៉ុប​៕

© រក្សាសិទ្ធិដោយ thmeythmey.com

Other