សភា នឹងគាំទ្ររាល់សំណើគោលនយោបាយដែលមានគោលដៅលើកកម្ពស់«ប្រាក់រៀល»
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

លោក ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង នៃរដ្ឋសភា កំពុងផ្តល់បទសម្ភាសឱ្យសារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) នៅរដ្ឋសភា នាថ្ងៃទី១៨ ខែមីនានេះ។ រូបថត៖ ឡេង សុភានិត្យ
ភ្នំពេញ៖ ដើម្បីពង្រីកទំហំនៃការចរាចរប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចជាតិ រដ្ឋសភា នឹងគាំទ្ររាល់សំណើគោលនយបាយណាដែលមានគោលដៅលើកម្ពស់«ប្រាក់រៀល»។ លោក ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង នៃរដ្ឋសភា បានថ្លែងបែបនេះ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)។

មិនដល់៥ឆ្នាំទៀតទេ កម្ពុជា នឹងក្លាយប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយឈានទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប៉ុន្តែ បើផ្អែកតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជា គឺនៅតែពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាម៉េរិករហូតដល់ជាង៨០ភាគរយ ខណៈទំហំប្រាក់រៀលចរាចរនៅក្នុងសេដ្ឋកិច្ចជាតិ មានត្រឹម១៥-២០ភាគរយ។
ដើម្បីចូលរួមជាមួយរដ្ឋាភិបាលសម្រេចនូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ អគ្គលេខាធិការង នៃរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភា នឹងគាំទ្ររាល់សំណើគោលនយោបាយណាដែលមានគោលដៅលើកកម្ពស់ប្រាក់រៀល។ លើសពីនេះ រដ្ឋសភា នឹងព្យាយាមប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីឱ្យរដ្ឋាភិបាលពិចារណាបន្ថែមក្នុងការដាក់ចេញគោលនយោបាយ ដើម្បីលើកកម្ពស់ប្រាក់រៀល។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ នៅរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែមីនា លោក ឈាង វណ្ណារិទ្ធ បានបន្តរៀបរាប់ថា រដ្ឋសភា នឹងចូលរួមតាមដានវឌ្ឍនភាពនៃការប្រើប្រាស់ប្រាក់រៀល និងជជែកពិភាក្សាពីវឌ្ឍនភាព រួមទាំងបញ្ហាប្រឈមក្នុងការលើកកម្ពស់ប្រាក់រៀល ជាមួយរដ្ឋាភិបាលឱ្យបានញឹកញាប់។ លោកបន្ថែមថា រដ្ឋសភា នឹងចូលរួមជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់ការយល់ដឹងពីប្រាក់រៀល ក្នុងចំណោមប្រជាពលរដ្ឋ និងសាធារណជន។
បើតាមលោក ឈាង វណ្ណារិទ្ធ ក្នុងនាមជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ទំហំនៃការចរាចរប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចជាតិ គួរកើនដល់កម្រិត៥០ភាគរយ។ រហូតដល់ឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសចំណូលខ្ពស់នោះ ទំហំប្រាក់រៀលដែលចរាចរក្នុងចរន្តសេដ្ឋកិច្ចជាតិ គួរសម្រេចបានអត្រា៧០-៨០ភាគរយ។ អគ្គលេខាធិការរងនៃរដ្ឋសភារូបនេះបានបញ្ជាក់ថា៖ « ក្នុងនាមជាប្រទេសចំណូលខ្ពស់ យើងត្រូវមានឯករាជ្យ និងអធិបតេយ្យភាព ពេញលេញផ្នែកនយោបាយរូបិយវត្ថុ ដោយមិនគួរបន្តពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ដែលធ្វើឱ្យយើងរងងាយគ្រោះនឹងការប្រែប្រួលពីកត្តាខាងក្រៅនោះទេ»។
រូបិយវត្ថុ គឺជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ការចាយលុយរៀល និងការគ្រប់គ្រងនយោបាយរូបិយវត្ថុយ៉ាងពេញលេញដោយខ្លួនឯង វាមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែវាក៏ជាមោទកភាពរបស់ជាតិខ្មែរទាំងមូល ផងដែរ។ ដើម្បីឱ្យលុយរៀល ត្រូវបានពលរដ្ឋចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលត្រូវជំរុញប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិការសាធារណៈទាំងអស់ ដែលលើសពីយន្តការកំពុងអនុវត្តសព្វថ្ងៃនេះ។
លោក ឈាង វណ្ណារិទ្ធ បានថ្លែងយ៉ាងដូច្នេះ ៖ « រដ្ឋាភិបាល ត្រូវដើរតួនាទីជាគំរូក្នុងការដឹកមុខគេ លើកិច្ចការជំរុញការប្រើប្រាស់រៀលនេះ។ នៅពេលដែលសេវាសាធារណៈគិតជាលុយរៀលទាំងអស់ហើយ នោះប្រជាពលរដ្ឋនឹងកាន់តែមានជំនឿចិត្តខ្ពស់ក្នុងការប្រើប្រាស់ប្រាក់រៀល»។ « នេះ ជាចំណុចសំខាន់ ដែលរដ្ឋាភិបាលត្រូវជំរុញការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការសាធារណៈទាំងអស់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ប្រាក់រៀល»។
បើតាម លោក ឈាង វណ្ណារិទ្ធ រដ្ឋាភិបាលត្រូវផ្តល់ការលើកទឹកចិត្តសម្រាប់អាជីវកម្មដែលប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការប្រចាំរបស់ពួកគេ ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀត។ ជាមួយគ្នានេះ ធនាគារជាតិ នៃកម្ពុជា ត្រូវបន្តរក្សាស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ ដើម្បីរក្សាអំណាចទិញនៃប្រាក់រៀល ។
អគ្គលេខាធិការរង នៃរដ្ឋសភារូបនេះ ក៏បានទាមទារឱ្យក្រសួង-ស្ថាប័នសាធារណៈពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា និងជាមួយវិស័យឯកជន ក្នុងការរៀបចំវេទិកាលើកកម្ពស់ប្រាក់រៀល ការសិក្សាស្រាវជ្រាវ និងដាក់ចេញគោលនយោបាយលើកកម្ពស់ប្រាក់រៀល។ លោក ឈាង វណ្ណារិទ្ធ បន្តនិយាយដោយសង្កត់ធ្ងន់ថា៖ « ការណ៍នេះ គឺធ្វើឡើងដើម្បីរួមគ្នាឱ្យសាធារណជនមានការជឿជាក់កាន់តែខ្លាំងលើប្រាក់រៀលយើង»។
២ទសវត្សរ៍ចុងក្រោយនេះ ប្រាក់រៀលរបស់កម្ពុជា គឺមានស្ថិរភាពល្អដោយរក្សាបានតម្លៃលើទីផ្សារក្នុងរង្វង់ ៤១០០រៀលក្នុង១ដុល្លារអាម៉េរិក។ ចូលដល់ឆ្នាំ២០២៥នេះ ស្ថានភាពប្រាក់រៀលកាន់តែល្អ ដែលមានតម្លៃពី៤០០០-៤០៤០រៀលក្នុងមួយដុល្លារ។ ការណ៍នេះ គម្បីប្រជាពលរដ្ឋគួរងាកប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស គឺអាចជួយដល់ធនាគារជាតិនៃកម្ពុជា មានលទ្ធភាពកាន់តែពេញក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: