មិនខ្វល់ពីអ្នកគាំទ្ររិះគន់! ក្លិប Man Utd បន្តបង្កើនថ្លៃសំបុត្រប្រចាំរដូវកាល ៥ភាគរយ
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៤៩ នាទី រសៀល
មិនខ្វល់ពីអ្នកគាំទ្ររិះគន់! ក្លិប Man Utd បន្តបង្កើនថ្លៃសំបុត្រប្រចាំរដូវកាល ៥ភាគរយ

ក្លិប Manchester United បានប្រកាសបង្កើនថ្លៃសំបុត្រចំនួន ៥ភាគរយ សម្រាប់តម្លៃសំបុត្រទស្សនាការប្រកួតនៅ Old Trafford ពេញមួយរដូវកាល ២០២៥-២៦។ ការដំឡើងតម្លៃសំបុត្រនេះ ធ្វើឡើងដើម្បីណោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុក្លិប ស្របពេលមានការរិះគន់ពីអ្នកគាំទ្របិសាចក្រហម។
TTN-Free-Banner-In-Article-PC


តម្លៃសំបុត្រសម្រាប់ទស្សនាការប្រកួតរបស់ក្រុមបុរសឈុតធំ នឹងកើន ២,៥០ផោន(៣,២៥ដុល្លារ) បន្ថែមទៀត លើកលែងតែយុវជនមានអាយុក្រោម ១៦ឆ្នាំ ប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក Omar Berrada នាយកប្រតិបត្តិក្លិប Man Utd បាននិយាយដូច្នេះថា៖«បន្ទាប់ពីឆ្លងកាត់ពេល ១១ឆ្នាំ នៃតម្លៃសំបុត្ររបស់យើងត្រូវបានបង្កកឱ្យស្ថិតនៅតម្លៃដដែល។ យើងបានបង្កើនថ្លៃសំបុត្រចំនួន ៥ភាគរយនៅពេល ២រដូវកាលចុងក្រោយមកនេះ ហើយយើងក៏មានបំណងចង់ធ្វើរឿងនេះម្តងទៀតនៅរដូវកាលបន្ទាប់ ដើម្បីជាការទូទាត់ថ្លៃប្រតិបត្តិការបន្តកើនឡើង។»។

នាយកប្រតិបត្តិក្លិប Man Utd ថែមទាំងបានអះអាងទៀតថា ក្លិបបានយល់ដឹងពីបញ្ហាកើនឡើងថ្លៃសំបុត្រ ស្របពេលទម្រង់លេងធ្លាក់ចុះ ដែលធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្ត ប៉ុន្តែក្លិបត្រូវតែសម្រេចចិត្តបង្កើនតម្លៃសំបុត្រ ខណៈដែលតម្លៃការចំណាយក្នុងក្លិបកើនឡើង ហើយក្លិបបន្តប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ។ ក្លិប​ Man Utd បានសន្យាថានឹងមិនបង្កើនតម្លៃសំបុត្រប្រចាំរដូវកាលសម្រាប់កុមារឡើយ។

ក្លិប Man Utd បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៣ ក្នុងក្របខណ្ឌ Premier League ហើយអ្នកគាំទ្រច្រើនពាន់នាក់ បាននាំគ្នាចេញមុខមកធ្វើបាតុកម្មប្រឆាំងនឹងម្ចាស់ក្លិបគ្រួសារ Glazers ចំពោះការកើនឡើងថ្លៃសំបុត្រ និងបញ្ហាក្រុមធ្លាក់ទម្រង់លេង។ អ្នកគាំទ្រក៏រិះគន់បន្ថែមទៀតចំពោះក្លិបដែលបានកាត់ចោលការងារជាង ២០០កន្លែង កាលពីខែមុន។

បើទោះបីជាមានការរិះគន់ខ្លាំងក៏ដោយ ប៉ុន្តែកាលពីសប្តាហ៍មុនក្លិបរហស្សនាមបិសាចក្រហម បានបង្ហាញគម្រោងសាងសង់កីឡដ្ឋានថ្មី មានតម្លៃរហូតដល់ជាង ២ពាន់លានដុល្លារ អាចផ្ទុកមនុស្ស ១០០ ០០០នាក់ ដែលនឹងអាចក្លាយជាកីឡដ្ឋានដ៏ធំប្រចាំអង់គ្លេស។ បច្ចុប្បន្ន Man Utd ក៏ជាក្លិបមួយមានជាប់បំណុលជាង ៣០០លានផោន(៣៨៩លានដុល្លារ) ចំពោះថ្លៃផ្ទេរកីឡាករ៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង