រកឃើញរោងចក្របញ្ចេញសំណល់បំពុលទឹក ៩កន្លែង ក្នុងនោះ២កន្លែង ត្រូវបានបញ្ជូនទៅ តុលាការ
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
រកឃើញរោងចក្របញ្ចេញសំណល់បំពុលទឹក ៩កន្លែង ក្នុងនោះ២កន្លែង ត្រូវបានបញ្ជូនទៅ តុលាការ
រូបភាព៖ ក្រសួង​បរិស្ថាន

ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន រកឃើញរោងចក្រ និងសហគ្រាសចំនួន ៩កន្លែង ដែលបានបញ្ចេញសំណល់រាវមានជាតិពុល ប៉ះពាល់ប្រភពទឹកសាធារណៈ ក្នុងនោះមាន ២កន្លែង ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។
TTN-Free-Banner-In-Article-PC

 
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់មកកាន់សារព័ត៌មានឌីជីថលថ្មីៗ នាថ្ងៃទី១៨ខែមីនានេះថា ២ខែចុងក្រោយនេះ មន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន រកឃើញរោងចក្រ និងសហគ្រាសចំនួន៩កន្លែងបញ្ចេញសំណល់រាវមានសារធាតុពុល ដែលបង្កការប៉ះពាល់ដល់ប្រភពទឹកសាធារណៈ។ រោងចក្រល្មើសច្បាប់ទាំងនេះ មានទីតាំងនៅខេត្តកណ្ដាល កំពង់ស្ពឺ ព្រះសីហនុ មណ្ឌលគិរី និងប៉ៃលិន ដោយក្នុងនោះ មានរោងចក្រ២កន្លែង ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
 
ចំពោះរោងចក្រល្មើសទាំងនោះ ត្រូវបានក្រសួងបរិស្ថាន អនុវត្តវិធានការតាម«ក្រម​បរិស្ថាន និងធនធានធម្មជាតិ»​ ដូចជា ពិន័យអន្តរការណ៍, ផ្អាកផលិតកម្ម និងតម្រូវឱ្យរោង​ចក្រ រៀប​ចំអាងប្រព្រឹត្តកម្មសំណល់រាវតាមស្តង់ដារ មុននឹងអនុញ្ញាតឱ្យដំណើរការវិញជាដើម។  
 
លោក ខ្វៃ អាទិត្យា ប្រាប់ដូច្នេះថា៖«ចំណាត់ការរបស់យើង (ក្រសួងបរិស្ថាន) ទៅលើរោងចក្រទាំងនោះ គឺអនុវត្តតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលក្នុងនោះ យើងបានពិន័យអន្តរការណ៍, ផ្អាកផ្នែកផលិតកម្មរបស់រោងចក្រ និងតម្រូវឱ្យរោងចក្ររៀបចំអាងប្រព្រឹត្តកម្មសំណល់រាវតាមស្តង់ដា»។ 

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ចុះពិនិត្យរោងចក្រដែលបញ្ចេញសំណល់រាវ។ រូបភាព៖ ក្រសួងបរិស្ថាន 
 
ការទប់ស្កាត់ការបំពុលទឹកសាធារណៈ មិនជាមានសារៈសំខាន់ ព្រោះក្រសួងបរិស្ថាន ចង់ឱ្យការវិនិយោគរបស់រោងចក្រសហគ្រាសនានាស្អាត។ ប្រសិនបើ រោងចក្រស្អាត និងទុកដាក់សំណល់រឹង ឬរាវបានល្អ វានឹងមិនបង្កការប៉ះពាល់ដល់បរិស្ថាន ជាពិសេសបុគ្គលិក និងពលរដ្ឋរស់នៅជុំវិញ។ នេះជាការគូសបញ្ជាក់របស់ លោក ខ្វៃ អាទិត្យា។ 
 
ក្រសួងបរិស្ថាន បានជំរុញឱ្យរោងចក្រ និងសហគ្រាស បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ តាមច្បាប់ឱ្យបានត្រឹមត្រូវ។ ឧបករណ៍នេះ អាចផ្ដល់ព័ត៌មានអំពីកំហាប់ជាតិពុលដែលបញ្ចេញទៅប្រភពទឹកសាធារណៈ មកកាន់ក្រសួងបរិស្ថានដោយផ្ទាល់។ បច្ចុប្បន្ន មានរោងចក្រតែ ២២កន្លែងប៉ុណ្ណោះ ដែលបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ។ 
 
កាលពីថ្ងៃទី១៥ មីនា រដ្ឋាភិបាលកម្ពុជា បានចេញសារាចរឱ្យក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ជំរុញម្ចាស់កម្មសិទ្ធិរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់ សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍នានា បំពាក់ប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក។
 
ចំពោះ ម្ចាស់អគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តវិញ គឺតម្រូវឱ្យបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមស្ដង់ដាសុវត្ថិភាពបរិស្ថាន មុននឹងបង្ហូរទៅតំបន់ទឹកសាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។ ចំណែក ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម និងសារធាតុចិញ្ចឹមផ្សេងៗ ត្រូវតែគោរពលក្ខខណ្ឌសុវត្ថិភាព និងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ។ 
 
ការចេញសារចរបែបនេះ ធ្វើឡើងបន្ទាប់ រាជរដ្ឋាភិបាលបានកត់សម្គាល់ថា ការអនុវត្តវិធានការ ឬច្បាប់ទម្លាប់ចំពោះករណីបំពុលទឹកតាមសាធារណៈនេះនៅមានកម្រិត និងមិនទាន់ឆ្លើយតបតាមកំណើនសកម្មភាពនៃការអភិវឌ្ឍន៍ថ្មីៗ៕ 
 
អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា