អង្គរក្ស Messi សុំ Logan Paul ប្រកួតលើសង្វៀន ដើម្បីដោះស្រាយទំនាស់រឿងក្រុមហ៊ុនភេសជ្ជៈ
- ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី ព្រឹក

លោក Yassine Cheuko អង្គរក្ស Lionel Messi បបួល Logan Paul ប្រកួតគ្នាលើសង្វៀនប្រដាល់ ក្នុងគោលបំណងដោះស្រាយទំនាស់ រឿងបណ្តឹងក្រុមហ៊ុនភេសជ្ជៈផ្តល់សំណើមជាតិទឹក មានការផលិតក្នុងរូបរាងស្រដៀងគ្នា។

Messi ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន និង Logan Paul តារា YouTube វ័យ ២៩ឆ្នាំ កំពុងមានទំនាស់គ្នា ទាក់ទងការប្រកួតប្រជែងលើម៉ាកយីហោក្រុមហ៊ុនភេសជ្ជៈផ្តល់សំណើមជាតិទឹក។
Logan Paul បច្ចុប្បន្នមានអាជីពជាកីឡាករកីឡាកាស របស់ស្ថាប័នកីឡាកាសកម្សាន្តពិភពលោក (WWE) និងដៃគូ KSI ជាតារា YouTuber ដូចគ្នា បានបង្កើនក្រុមហ៊ុនភេសជ្ជៈផ្តល់សំណើមជាតិទឹក PRIME នៅក្នុងឆ្នាំ ២០២២ ហើយទទួលបានជោគជ័យក្នុងពេលដ៏ខ្លី និងលក់ដាច់ខ្លាំងជុំវិញពិភពលោក។ បច្ចុប្បន្នក្រុមហ៊ុន PRIME ក៏ជាអ្នកឧបត្ថម្ភដល់ក្លិប Arsenal, Bayern Munich, Barcelona និងស្ថាប័នគុនចម្រុះ UFC ផងដែរ។
រយៈពេល ៣ឆ្នាំ ក្រោយ កីឡាករម្ចាស់ពាន World Cup 2022 ក៏បានបង្កើតក្រុមហ៊ុនភេសជ្ជៈផ្តល់សំណើមជាតិទឹកផ្ទាល់ខ្លួនមានឈ្មោះថា MAS+ ដែលមានរូបរាងស្រដៀងទៅនឹងភេសជ្ជៈ PRIME។

ទោះមានរូបរាងដូចគ្នា ប៉ុន្តែក្រុមហ៊ុនរបស់ Messi បានប្តឹងទៅកាន់ក្រុមហ៊ុនរបស់ Logan Paul កាលពីខែតុលា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថាមានអាកប្បកិរិយាប្រឆាំងនឹងការប្រកួតប្រជែង ដោយបានដាក់សម្ពាធលើក្រុមហ៊ុន MAS+ ឱ្យប្តូររូបរាងការវេចខ្ចប់។
កាលពីខែកុម្ភៈ Logan Paul បាននិយាយនៅក្នុងកិច្ចសម្ភាសជាមួយនឹងកាសែត talkSPORT ដោយចោទក្រុមហ៊ុនរបស់ Messi ថាបានចម្លងរូបរាងតាមក្រុមហ៊ុន PRIME។ បន្ទាប់មកតារា YouTube សញ្ជាតិអាម៉េរិក ក៏បានបង្ហោះវីដេអូមួយលើបណ្តាញសង្គមនិយាយអំពីរឿងនេះ ដើម្បីស្នើឱ្យ កីឡាករវ័យ ៣៧ឆ្នាំ ឡើងសង្វៀនប្រដាល់ជាមួយខ្លួន បើចង់ឱ្យក្រុមហ៊ុន PRIME ទម្លាក់ពាក្យបណ្តឹងដែលប្តឹងត្រឡប់ទៅវិញ។
ភ្លាមៗ Cheuko អង្គរក្សផ្ទាល់ខ្លួន Messi ក៏បានឆ្លើយតបទៅកាន់វីដេអូរបស់ Logan Paul វិញដោយរូបគេនឹងចេញមុខជំនួសមេខ្លួន ដើម្បីឡើងសង្វៀនប្រដាល់ ដោះស្រាយទំនាស់នេះ។
វីដេអូបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ Cheuko អង្គរក្សកីឡាករម្ចាស់ពាន Ballon d’Or ៨សម័យ បាននិយាយដូច្នេះថា៖«Messi រូបគាត់មិនទាំងស្គាល់ថាបុរសម្នាក់នេះជានរណានោះឡើយ។ ប្រសិនបើ Logan ចង់ប្រយុទ្ធគ្នា គេអាចប្រយុទ្ធជាមួយនឹងខ្ញុំបាន មិនមែនប្រកួតជាមួយនឹងកីឡាករបាល់ទាត់នោះទេ។[…]។
អង្គរក្សវ័យ ៣៦ឆ្នាំ ត្រូវបាន Messi ជ្រើសយកមកដើម្បីការពារខ្លួន បន្ទាប់ពីគេបានសម្រេចចិត្តមកចូលរួមក្លិបអាម៉េរិក Inter Miami កាលពីឆ្នាំ ២០២៣។ Cheuko គឺជាអតីតកងទ័ពពិសេសអាម៉េរិក NAVY SEAL និងជាអ្នកហាត់ក្បាច់គុនផងដែរ។ ក្រៅពីបុរសវ័យ ៣៦ឆ្នាំ ជាអ្នកការពារផ្ទាល់ជាប់នឹង Messi រូបគេក៏មានក្រុមការងារ ៥០រូបផ្សេងទៀត ដែលជាកងការពារសន្តិសុខ Messi គ្រប់ពេលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: