ក្រសួងបរិស្ថាន តម្រូវឱ្យផ្គត់ផ្គង់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ប្រមូលសំណល់ដែលប្រើរួច
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

រូបភាព៖ ក្រសួងបរិស្ថាន
ភ្នំពេញ៖ ក្រសួងបរិស្ថាន តម្រូវឱ្យអ្នកនាំចូល ឬផ្គត់ផ្គង់ផ្តាច់មុខលើបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ទទួលខុសត្រូវលើការប្រមូលសំណល់ដែលប្រើប្រាស់រួចហើយ សំដៅពង្រឹងការគ្រប់គ្រងប្រកបដោយសុវត្ថិភាព។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមីនា។

ករណីនេះ ក្រសួងបានណែនាំឱ្យ អ្នកនាំចូល ឬផ្គត់ផ្គង់ អនុវត្តប្រព័ន្ធប្រមូលខ្លួនឯងដោយមានការអនុញ្ញាតពីក្រសួងបរិស្ថាន ឬសហការជាមួយក្រុមហ៊ុនផ្តល់សេវាប្រមូលសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដែលមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន។ ក្នុងការប្រមូលនោះដែរ ត្រូវរៀបចំដាក់ស្លាកសញ្ញាសម្គាល់ប្រភេទសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក រៀបចំទីតាំងទុកដាក់ចុងក្រោយសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដែលប្រមូលបាន ឬត្រូវនាំត្រឡប់ទៅប្រទេសដើមវិញ។
ជាមួយគ្នានេះ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវរាយការណ៍ពីបរិមាណ, ប្រភេទបរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដែលបាននាំចូល ព្រមទាំង បរិមាណ និងប្រភេទសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក មកក្រសួងបរិស្ថានរៀងរាល់៦ខែម្ដង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: