សហព័ន្ធខ្មែរកីឡាហែលទឹក ប្តេជ្ញាយកមេដាយយ៉ាងហោច​ ១គ្រឿង ពីស៊ីហ្គេមនៅថៃ
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
សហព័ន្ធខ្មែរកីឡាហែលទឹក ប្តេជ្ញាយកមេដាយយ៉ាងហោច​ ១គ្រឿង ពីស៊ីហ្គេមនៅថៃ
សហព័ន្ធខ្មែរកីឡាហែលទឹក ដាក់គោលដៅ២ សំខាន់ សម្រាប់ឆ្នាំ២០២៥

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ថា សហព័ន្ធ បាន​ដាក់គោលដៅ២ សំខាន់ៗ សម្រាប់ឆ្នាំ២០២៥ គឺគោលដៅដណ្ដើមេដាយស៊ីហ្គេម លើក​ទី៣៣ និងមេដាយពីព្រឹត្តិការណ៍ហែលជើងទា ជើងឯកអាស៊ីអាគ្នេយ៍។--
 
សហព័ន្ធខ្មែរកីឡាហែលទឹក បានដាក់គោលដៅសំខាន់ ២សម្រាប់ឆ្នាំ២០២៥ ហើយក៏ជា​ផែនការស្នូលត្រៀមសម្រាប់ ឆ្នាំ២០២៩ ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍​កីឡាយុវជនអាស៊ី លើកទី៤ (Asian Youth Games 2029)។ លោក ហែម គិរី ពន្យល់ថា ទិសដៅទី១ គឺសហព័ន្ធ ប្ដេជ្ញាដណ្ដើមឲ្យបានមេដាយស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ យ៉ាងហោចណាស់ចំនួន១ លើប្រភេទកីឡាហែលទឹក។ 
 
លោក ហែម គិរី និយាយថា៖«ស៊ីហ្គេម លើកនេះ យើងដាក់ទិសដៅរបស់យើង ត្រូវតែ​ដណ្ដើម​មេដាយឲ្យបាយយ៉ាងហោច​ណាស់​១ ក្នុងប្រភេទវិញ្ញាសាណា ក៏ដោយ។»។

ការប្រកួតហែលទឹក និងហែលទឹកជើងទា រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
 
រីឯទិសដៅទី២ សហព័ន្ធត្រៀមខ្លួន សម្រាប់ការចូលរួមព្រឹត្តិការណ៍ហែលទឹកជើងទា​ជ្រើស​រើសជើងឯកអាស៊ីអាគ្នេយ៍។ ចំពោះព្រឹត្តិការណ៍នេះ លោក ហែម គិរី មិនទាន់ដឹងច្បាស់ថា ប្រទេសណា ជាម្ចាស់ផ្ទះរៀបចំការប្រកួតនៅឡើយទេ ប៉ុន្ដែឥណ្ឌូណេស៊ី មានអាទិភាព​ជាង​គេ​ក្នុងការធ្វើជាម្ចាស់ផ្ទះ។ ករណីដែលឥណ្ឌូណេស៊ី មិនធ្វើជាម្ចាស់ផ្ទះ ការប្រកួតនឹង​លើក​ទៅ​ធ្វើនៅប្រទេសវៀតណាម។ ដោយឡែក កាលពីចុងឆ្នាំ២០២៤ កម្ពុជា ដែលធ្វើជាម្ចាស់​ផ្ទះ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍ហែលទឹកជើងទា​ជើងឯកអាស៊ីអាគ្នេយ៍ ។
 
ទោះជាយ៉ាងណា លោក ហែម គិរី ក៏ដឹងថា ការប្រជែងមេដាយ និងស្វែងរកជ័យ​លាភីពី​ប្រ​ភេទ​កីឡានេះ គឺតានតឹងខ្លាំង។ ពិបាកប្រជែង ព្រោះថានៅតំបន់អាស៊ីអាគ្នេយ៍ មាន​អត្ដ​ពលិក​ពីបណ្តាប្រទេសមួយចំនួន មានកម្រិតសមត្ថភាពខ្លាំង ហើយក៏ឈាន​ដល់កម្រិត​ពិភព​លោកផង ដែល​មានអាទិ៍ ឥណ្ឌូណេស៊ី ហ្វីលីពីន និងសិង្ហបុរីជាដើម។ ​អគ្គលេខា​ធិការ​រូបនេះ លើកទឹកចិត្ត​ឲ្យអត្ដពលិកជាតិ ត្រូវប្រឹងហ្វឹកហាត់កាន់តែខ្លាំង ដើម្បី​ឲ្យ​ឈាន​ដល់​កម្រិតកាន់តែខ្ពស់។

«កីឡាអូឡាំពិកមួយនេះ គឺយើងដឹងហើយថា តំបន់អាស៊ីអាគ្នេយ៍ ប្រទេសដែលខ្លាំង​មាន​ច្រើ​ន ដូចជាឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ដែលគេប្រកួតរហូតទៅដល់កម្រិតពិភព​លោក​។ យើង ប្រើពាក្យថាពិភពលោក ដោយសារគេបានឡើងពីវគ្គជម្រុះ ទៅដល់អូឡាំពិក​ហើយ​។ យើង ត្រូវប្រឹងមែនទែន។»៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា