សហភាព​អឺរ៉ុប​ជ្រោម​ជ្រែង​ស្វែងរក​ជំនួយ​ជួយ​កសាងស៊ីរី
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី យប់
សហភាព​អឺរ៉ុប​ជ្រោម​ជ្រែង​ស្វែងរក​ជំនួយ​ជួយ​កសាងស៊ីរី
សហភាព​អឺរ៉ុប​ជ្រោម​ជ្រែង​ស្វែងរក​ជំនួយ​ជួយ​កសាងស៊ីរី។ AP - Ghaith Alsayed

ដោយ៖ ហេង ឧត្តម (RFI ខេមរភាសា)

សហភាពអឺរ៉ុបរៀប​ចំ​សន្និសីទ​អន្តរជាតិ​​ប្រមូល​ជំនួយ​ថវិកា ដើម្បី​ជ្រោមជ្រែង​ជួយកសាង​ប្រទេស​ ស៊ីរី ឡើងវិញ។ របបផ្តាច់​ការស៊ីរី ដែល​ដឹកនាំដោយ​​អតីតប្រធានាធិបតី​ បាស្ហា អាល់អាសាដ ​ទើបតែ​ផ្តួលរំលំកាលពីដើមខែធ្នូ ២០២៤។ ក្រោយ​ឆ្លងកាត់​សង្គ្រាម​រ៉ាំរ៉ៃ​ រយៈ​ពេល​១៥ឆ្នាំ ស៊ីរី​អាច​នឹងត្រូវការ​ពេល​ច្រើន​ទសវត្សរ៍​ទៀត ដើម្បី​ស្តារ​ប្រទេស​ឡើងវិញ ឲ្យ​ស្មើនឹង​ពេល​មុន​សង្គ្រាម។
TTN-Free-Banner-In-Article-PC

 
នេះ​ជាលើកទី​៩ហើយដែល​សហគមន៍​អន្តរជាតិ​រៀបចំ​សន្និសីទ​អន្តរជាតិ​ដើម្បី​អំពាវនាវ​រក​ជំនួយ​ថវិកា​ជួយ​កសាងស៊ីរី ក្រោយ​ពីរបប​ស៊ីរីថ្មី​ឡើង​កាន់អំណាច​នៅថ្ងៃទី​៨ ខែធ្នូ ឆ្នាំ២០២៤។ តែ​សន្និសីទរបស់​ម្ចាស់​ជំនួយ​សហភាព​អឺរ៉ុប​គ្រា​នេះ គឺជាលើកទី១​ដែល​មាន​អ្នក​តំណាង​ជាន់​ខ្ពស់​ស៊ីរីមក​ចូលរួម​ដោយ​ផ្ទាល់​ ពោល​គឺ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស៊ីរី លោក Asaad al-Chaibani  ដែល​អញ្ជើញ​ទៅទី​​ក្រុង​ព្រុចសែល​ នៅ​ថ្ងៃទី១៧ ខែមីនា។

ក្រៅពី​ជ្រោម​ជ្រែងស្វែង​រក​ជំនួយ​ លោកស្រី​ កាយា កាឡាស ប្រមុខ​ការទូត​សហភាព​អឺរ៉ុប ក៏​ប្រកាស​ឲ្យ​សហគមន៍​អន្តរជាតិ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ស៊ីរី​ ដើម្បី​ឲ្យប្រជា​​ពលរដ្ឋ​មាន​ពន្លឺ​សង្ឃឹម​ជាថ្មី និង​ឲ្យ​ប្រព័ន្ធ​សេវាកម្ម​ធនាគារហិរញ្ញវត្ថុ​  អាច​​ដំណើរការ​ឡើង​វិញជាប្រក្រតី​។​

កាលពី​ចុង​ខែ​កុម្ភៈ រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧ប្រទេស​ ធ្លាប់បានបង្ហាញការ​យល់ព្រម​ថា​នឹង​ដកទណ្ឌកម្ម​ពី​ស៊ីរី​ ប្រសិន​បើ​រដ្ឋអំណា​ចដឹកនាំស៊ីរី​ថ្មី អាច​គ្រប់គ្រង​សន្តិសុខ​ជាតិ និង​ គ្មា​នអំពើហិង្សា​កាប់សម្លាប់​​រវាង​ជាតិពន្ធុ​ផ្សេងៗគ្នា កើតឡើងទៀត​នោះទេ។​

ក្នុង​ឱកាស​នេះទៀត​ រដ្ឋាភិបាលបារាំង​ បាន​បញ្ជាក់ថា​នឹង​មិន​ដាក់​ទណ្ឌកម្ម​ថ្មី​អ្វីទៀតឡើយ​​ទៅលើស៊ីរី​ ល្គឹកណា​​របបដឹកនាំ​ស៊ីរី​ថ្មី​ មិន​បង្ក​អំពើហិង្សា​បង្ហូរឈាម ហើយ​អាច​បង្ក្រាប​អំពើ​និទ្ទណ្ឌ​ភាព​។ ស្រដៀងគ្នា​នេះដែរ រដ្ឋាភិបាល​​អាល្លឺម៉ង់​បាន​ប្រកាស​ផ្តល់​ជំនួយ ​ ៣០០ លាន​ដុល្លារ​​បន្ថែមទៅឲ្យ​ស៊ីរី ដើម្បី​ចូលរួម​ចំណែក​ឲ្យ​ប្រទេស​នេះ​អាច​ងើបឈរ និង​ដើរ​​ចេញពី​វិបត្តិ​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ ប្រមាណ​ ១៥ឆ្នាំ។

អង្គការ​សហប្រជាជាតិ ​ធ្លាប់បាន​ព្យាករថា បើ​ត្រឹមតែ​គិតពីសន្ទុះ​ជំនួយ​អន្តរជាតិដ៏​តិចតួច​ដូច​សព្វថ្ងៃនេះ ស៊ីរី​អាច​នឹង​ត្រូវការពេលច្រើនទសវត្សរ៍ទៀត ពោល​គឺ​ប្រហែល​ជាកន្លះ​សតវត្សរ៍ឯណោះ​​ ដើម្បី​អាច​កសាង​និង​ស្តារប្រទេសឡើងវិញ ឲ្យស្មើនឹងពេលមុនសង្គ្រាម កាលពីឆ្នាំ២០១១។

គួរជ្រាបថា នៅ​ចុង​ឆ្នាំ​២០២៤ សន្និសីទ​អន្តរជាតិ​​បាន​ប្រមូល​កញ្ចប់​លុយ​ប្រមាណជា ៧,៥ ពាន់​លាន​អឺរ៉ូ​​សម្រាប់​ជួយ​ស៊ីរី​។ ក៏ប៉ុន្តែ ការ​សម្រេច​ចិត្ត​ព្យួរ​ជំនួយ​មនុស្ស​អន្តរជាតិពីសំណាក់​រដ្ឋាភិបាល​អាមេរិករបស់​លោក ដូណាល់ ត្រាំ នឹង​ជះឥទ្ធិពល​ជាខ្លាំង​ទៅដល់​ការ​កសាង​ស៊ីរី។ ដ្បិតថា ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ធំៗ គឺ ​សហរដ្ឋអាមេរិក​ជាអ្នក​​ផ្តល់​ជំនួយ​មនុស្ស​ធម៌ច្រើន​ជាងគេ ​ទៅ​ឲ្យ​ស៊ីរី៕

© រក្សាសិទ្ធិដោយ thmeythmey.com

Other