- ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១២:០០ នាទី រសៀល

កីឡាករ Andrej Lazarov វ័យ ២៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត ព្រោះតែស្រូបផ្សែងលើស កម្រិត បន្ទាប់ពីរូបគេ ព្យាយាមជួយសង្គ្រោះជនរងគ្រោះ ក្នុងហេតុការណ៍ឆេះក្លិបកម្សាន្តមួយកន្លែង ដែលបានសម្លាប់មនុស្សសរុប ៥៩នាក់ និងមនុស្សរបួស ១៥៥នាក់ ក្នុងប្រទេសម៉ាសេដ្វានខាងជើង។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ដោយភ្លើងចាប់ផ្តើមឆេះតាំងពីម៉ោងដំបូងដែលកម្មវិធីកម្សាន្តចាប់ផ្តើម ក្នុងទីតាំងក្លិបកម្សាន្តឈ្មោះ Pulse Nightclub ក្នុងទីក្រុង Kocani ដែលមានមនុស្សចូលរួមជាង ១ ០០០នាក់ ក្នុងកម្មវិធីប្រគំតន្ត្រីមួយ។
ខ្សែបម្រើវ័យ ២៥ឆ្នាំ ដែលលេងឱ្យក្លិប Shkupi ក្នុងលីគម៉ាសេដ្វានខាងជើង ក៏ជាមនុស្សម្នាក់ ស្ថិតក្នុងទីកន្លែងក្លិបកម្សាន្តនោះដែរ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្លិប FC Shkupi ដែលត្រូវបង្ហោះដោយកាសែត Daily Mail កីឡាករខ្សែបម្រើ Lazarov បានលះបង់ជីវិត ដោយពុលផ្សែង បន្ទាប់ពីរូបគេបានជួយជម្លៀសជនរងគ្រោះដទៃក្នុងហេតុការណ៍ភ្លើងឆេះ។
បើតាមការអះអាងរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក Pance Toskovski ការឆាបឆេះបង្កឡើងនៅពេលដែល មានការបាញ់កាំជ្រួចភ្លើង លើឆាកប្រគំតន្ត្រី ហើយវាបានប៉ះជាមួយនឹងពិដាន ដែលបង្កជាការឆេះឡើង។
នៅពេលឧបទ្ទវហេតុនេះបានកើតឡើងភ្លាម ក្រុមការងារប្រគំតន្ត្រីមួយចំនួន ក៏បាននាំគ្នាជួយពន្លត់អណ្តាតភ្លើងដែលឆេះដែរ ខណៈអ្នកចូលមានភាពស្លន់ស្លោរ រហូតខ្លះរត់ជាន់គ្នា ដើម្បីគេចចេញពីភ្លើងឆេះ។
អាជ្ញាធរតំបន់ ក៏បានអះអាងទៀតថា ភាគច្រើនមនុស្សដែលបានស្លាប់ក្នុងហេតុការណ៍ មានវ័យចន្លោះពី ១៤ ទៅ ២៥ឆ្នាំ។
ដោយឡែកសម្រាប់កីឡាករ Andrej Lazarov រូបគេបានលេងឱ្យក្លិប Shkupi ដោយផ្លាស់ចូលដំបូងកាលពីខែកញ្ញា ឆ្នាំ ២០២៤ ហើយរូបគេក៏ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញដ៏ឆាប់រហ័ស ព្រោះអត្តចរិតល្អរបស់គេ និងការជួយដល់កីឡាករដទៃ លើទីលាន។ កីឡាករវ័យ ២៥ឆ្នាំ ថែមទាំងទទួលបានការសរសើរខ្លាំង ពីមិត្តរួមក្រុម ថាជាមនុស្សចេះជួយដល់អ្នកដទៃ មិនអាត្មានិយម។
នៅមុនពេលផ្លាស់ទៅក្លិប Shkupi កីឡាករ Lazarov ក៏ធ្លាប់បានលេងនៅតាមក្លិបមួយចំនួនក្នុងប្រទេសម៉ាសេដ្វានខាងជើង ដោយរូបគេកើតចេញពីកម្រិតយុវជន រហូតក្លាយជាកីឡាករអាជីព។ មិនថាស្ថិតនៅក្លិបណាក៏ដោយ កីឡាករវ័យ ២៥ឆ្នាំ ដដែលតែងតែមានអត្តចរិកល្អចំពោះមិត្តរួមក្រុម និងចេះជួយគ្នាទៅវិញទៅមក។ ការលះបង់ជីវិតរបស់គេជួយជនរងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះ បានធ្វើឱ្យមនុស្សជាច្រើនចាត់ទុករូបគេជាវីរបុរសមួយរូបផងដែរ៕