មេដាយមន្ត្រីថ្នាក់ក្រោមជាតិ​៖ សម្តេច ហ៊ុន ម៉ាណែត ឱ្យ​ផ្តោតលើអ្នកដែល​​​​ធ្វើ​ការ​សកម្ម​ចាប់​​ពី​១០​​ឆ្នាំ​​ឡើង
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៤៥ នាទី រសៀល
មេដាយមន្ត្រីថ្នាក់ក្រោមជាតិ​៖ សម្តេច ហ៊ុន ម៉ាណែត ឱ្យ​ផ្តោតលើអ្នកដែល​​​​ធ្វើ​ការ​សកម្ម​ចាប់​​ពី​១០​​ឆ្នាំ​​ឡើង

សម្តេច ហ៊ុន ម៉ាណែត បានប្រគល់តួនាទីឱ្យទីស្តីការគណៈរដ្ឋមន្ត្រី បង្កើត​ក្រុមការងារ​ចំពោះ​កិច្ចបន្ទាន់មួយ ដើម្បីធ្វើកិច្ចការពិសេស ទាក់ទងនឹងការផ្តល់មេដាយ ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ។ នៅក្នុងសារពិសេសផ្សាយនៅរសៀលថ្ងៃទី១៩​ ខែមីនានេះ ​សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ការ គណៈកម្មការចំពោះកិច្ចនេះ ត្រូវធ្វើការ​ជាមួយ​អ្នកជំនាញរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី​ស្រង់ឈ្មោះ​មន្ត្រីដែលធ្វើការងារសកម្មភាព ចាប់ពី១០ ឆ្នាំឡើង និងមិនធ្លាប់ទទួលបានមេដាយសោះ។

TTN-Free-Banner-In-Article-PC

​សម្តេច ហ៊ុន ម៉ាណែត ពន្យល់បន្ថែមដូច្នេះ៖ «យន្តការនេះ គឺជាយន្តការពិសេស ធ្វើតែ​ម្តង​ទេ។ ហើយសូមឱ្យពិនិត្យសម្រាប់តែមន្ត្រី ទាំងមន្ត្រីក្របខណ្ឌ ទាំងមន្ត្រីកិច្ចសន្យា ដែលធ្វើការលើសពី១០ឆ្នាំហើយ ហើយមិនទាន់បានមេដាយអីសោះ ដើម្បីយើងរៀបចំមេដាយជូន។ ហើយសូមឱ្យច្បាស់ ផ្តោតលើមន្ត្រីដែលសកម្ម និងមានវត្តមានធ្វើការ មិនមែនមន្ត្រីដែលអត់មានមុខមកធ្វើការ ឬមួយក៏មានបញ្ហាផ្សេងៗនោះទេ។»។

ទាក់ទងនឹងការផ្តល់មេដាយលើកទឹកចិត្តសម្រាប់ក្របខណ្ឌមន្ត្រីផ្សេងៗ សម្តេចហ៊ុន ម៉ាណែត បញ្ជាក់ថា នៅរក្សាដដែល ពោលគឺគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាល​ថ្នាក់​ក្រោមជាតិ ត្រូវវាយតម្លៃមន្ត្រីដើម្បីទទួលមេដាយ និងគ្រឿងឥស្សរិយយស ដោយ​ផ្អែក​លើ​អតីត​ភាព ស្នាដៃ និងលក្ខខណ្ឌនានាដែលមានចែង ហើយដាក់ស្នើតាមគោលការណ៍ និងនីតិវិធីដើម។

​នៅក្នុងសេចក្តីថ្លែងការពិសេសដដែលនេះ ប្រមុខរាជរដ្ឋាភិបាល ក៏ប្រាប់ឱ្យ លោក រង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ពិនិត្យ និងសិក្សា ដើម្បីដាក់ចេញនូវ​សា​រាចរណែនាំថ្មី ស្តីពី​កូតាមន្ត្រី​រាជការបានទទួលមេដាយ និងគ្រឿងឥរិស្សយយស ​ប្រចាំឆ្នាំនៅតាមក្រសួង ស្ថាប័ននានា ដ្បិតសារាចាស់គឺបានកំណត់កូតា មិនឱ្យលើសពី ១០ភាគរយ នៃក្របខណ្ឌសរុបរបស់ក្រសួង ស្ថាប័ន។

ការរៀបចំសារាចរណ៍ថ្មី គឺដើម្បីឱ្យស្របតាមស្ថានភាពជាក់ស្តែង ក៏ដូចជាផ្តល់​ឱកាស​និងលើកទឹកចិត្ត ដល់មន្ត្រីរាជការបានទទួលមេដាយ និងគ្រឿងឥរិស្សយយស ដោយអនុលោមតាមលក្ខខណ្ឌ និងលក្ខណៈសម្បតិ្តរបស់មន្ត្រី ខណៈដែលមន្ត្រីរាជការមាន​ចំនួនច្រើនជាមុន។

សូមជម្រាបថា នៅក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ​២០៥០ កាលពីថ្ងៃទី១៨ ខែមី នា សម្តេច ហ៊ុន ម៉ាណែត បានយល់ព្រមនឹងសំណើ ផ្តល់ជូនមេដាយដល់គ្រូបង្រៀនជាប់កិច្ចសន្យា និងមន្ត្រីកិច្ចសន្យា។ ក្រោយប្រកាស​បែបនេះ សម្តេចនាយករដ្ឋមន្ត្រីអះអាងថា បានទទួលសំណើបន្តបន្ទាប់ទៀតយ៉ាងច្រើន ពីគ្រូបង្រៀន មន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជុំវិញការស្នើសុំមេដាយនេះ ដ្បិតមន្ត្រីខ្លះ បំពេញការងារលើសពី១០ឆ្នាំហើយ មិនធ្លាប់ទទួលមេដាយនោះទេ។ តបនឹងសំណើតាមបណ្តាញសង្គមនេះ សម្តេច នាយករដ្ឋមន្ត្រី ក៏បានចេញសារសំឡេងបន្ថែម ដើម្បីបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស្រង់ឈ្មោះមន្ត្រីថ្នាក់ក្រោមជាតិដែលសកម្ម និងបម្រើការងារលើស១០ឆ្នាំ ដើម្បីផ្តល់មេដាយ ទ្រង់ទ្រាយធំ​តែម្តង៕
 


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា