- ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ក្រសួងសាធារណៈ និងដឹកជញ្ជូន ប្រកាសឱ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មកយករថយន្តរបស់ខ្លួនវិញ ក្រោយពីអនុវត្តទោសដោយឃាត់រក្សាទុកមួយឆ្នាំ និងបានបង់ពិន័យរួចរាល់ ពីថ្ងៃទី១៨មីនាដល់ថ្ងៃទី៤ ខែមេសា។ តែយ៉ាងណាមិញ ក្រសួងតម្រូវម្ចាស់រថយន្តត្រូវធ្វើកិច្ចសន្យាលែងប្រព្រឹត្តបទល្មើស ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បន្តទៀត។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការសម្រេចលែងរថយន្តចំនួន ១០៨គ្រឿងនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីអនុវត្តទោសដោយឃាត់រក្សាទុកមួយឆ្នាំ និងម្ចាស់រថយន្តទាំងនោះបានបង់ពិន័យរួចរាល់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ៖ « ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលមានរថយន្តត្រូវបានឃាត់ទុក និងបានបង់ប្រាក់ពិន័យរួចរាល់ អាចមកទទួលរថយន្តនៅតាមទីតាំងរក្សាទុក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៤ ខែមេសា ដោយតម្រូវឱ្យមានការធ្វើកិច្ចសន្យាលែងប្រព្រឹត្តបទល្មើស ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បន្តទៀត»។
ជាមួយនឹងគ្នានេះ ក្រសួងសាធារណការក៏បានប្រកាសពីបន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះយានយន្តល្មើស ដែលដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ។ ពោល គឺចាប់ពីថ្ងៃទី១៦ ខែមេសា តទៅ ក្រសួងនឹងបន្ថែមវិធានការ ចំពោះយានយន្តល្មើសដែលដឹកលើសទម្ងន់កម្រិតកំណត់ ដោយ ត្រូវពិន័យទាំងការផ្ទុកលើសទម្ងន់សរុប និងការផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗទាំងពីរករណីព្រមគ្នា ស្របតាម មាត្រា៦០នៃច្បាប់ស្តីពី ផ្លូវថ្នល់។
មាត្រា៦០ នៃច្បាប់ស្តីពី ផ្លូវថ្នល់ បានចែងយ៉ាងច្បាស់ថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ដែល មិនចូលថ្លឹងនៅស្ថានីយជញ្ជាំងតាមបណ្តាញផ្លូវ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០ម៉ឺនរៀល។ ផ្ទុកទម្ងន់មិនលើស៥ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវធ្វើការព្រមានជាលាយលក្ខណ៍ អក្សរ ។
ដោយឡែក ឡានដែលផ្ទុកទម្ងន់លើសពី ៥ភាគរយ ទៅ ១០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ គឺរើទំនិញចេញនិងឃាត់យានជំនិះទុកចំនួន ១០ថ្ងៃ និងត្រូវពិន័យអន្តរការណ៍ ជាប្រាក់ចំនួន ១០ម៉ឺនរៀល ក្នុងទម្ងន់១តោន ។ លើសពីនេះ ត្រូវដកបណ្ណបើកបរ និងព្យួរទុកចំនួន ១០ថ្ងៃថែមទៀត។
ចំពោះឡានដែលផ្ទុកទម្ងន់លើសពី១០-២០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវរើទំនិញចេញនិងឃាត់យានជំនិះទុកចំនួន១ខែ និងពិន័យអន្តរការណ៍ជាប្រាក់ចំនួន ២០ម៉ឺនរៀល ក្នុងទម្ងន់១តោន ហើយត្រូវដកបណ្ណបើកបរ និងព្យួរទុកចំនួន៦ខែ ។
រីឯឡានផ្ទុកទម្ងន់លើសពី២០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវរើទំនិញចេញនិងឃាត់យានជំនិះទុកចំនួន ១ ឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ចំនួន៣០ម៉ឺនក្នុងទម្ងន់១តោន ហើយត្រូវដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ។
ក្នុងករណីមានអំពើល្មើសលើការផ្ទុកទម្ងន់សរុប ថែមទាំងអំពើល្មើសលើការផ្ទុកទម្ងន់អតិបរិមា នៃភ្លៅនោះ ត្រូវធ្វើការផាកពិន័យទាំងពីរករណី។ ក្នុងករណីដែលទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ម្ចាស់រថយន្តនឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង និងបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនក្នុងរយៈពេល១ឆ្នាំ ។ ម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង ៕
អ្នកសរសេរអត្ថបទ
