- ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

សហម្ចាស់ក្លិប Manchester United លោក Sir Jim Ratcliffe ទទួលបានការការពារ និងការគាំទ្រលើជំហររបស់លោក ចំពោះគម្រោងកសាងកីឡដ្ឋានថ្មី ដែលអាចផ្ទុកមនុស្សចំនួន ១០០ ០០០នាក់ ជំនួសកីឡដ្ឋានចាស់ Old Trafford ទោះមានការរិះគន់។ កីឡដ្ឋានថ្មីនេះ នឹងក្លាយជាកីឡដ្ឋានដ៏ធំប្រចាំប្រទេសអង់គ្លេស។
នៅថ្ងៃទី១៨ ខែមីនា ក្លិបរហស្សនាមបិសាចក្រហម បានបង្ហោះវីដេអូនៅលើគេហទំព័ររបស់ខ្លួន រៀបរាប់បន្ថែមអំពីគ្រោងសាងសង់កីឡដ្ឋានថ្មី ជំនួសកីឡដ្ឋានចាស់ Old Trafford។ តាមរយៈវីដេអូបានបង្ហោះ ក្លិប Man Utd បង្ហើបគម្រោងវាយកម្ទេចកីឡដ្ឋាន Old Trafford បច្ចុប្បន្នចោលទាំងស្រុងតែម្តង ហើយយកទីតាំងសាងសង់កីឡដ្ឋានដ៏ធំមានតម្លៃជាង ២ពាន់លានដុល្លារ និងប្រើប្រាស់ពេលវេលាសាងសង់ ២ឆ្នាំ។
Man Utd មានក្តីរំពឹងថាគម្រោងកីឡដ្ឋានថ្មី នឹងជួយបង្កើនដល់សេដ្ឋកិច្ចប្រទេសអង់គ្លេស និងក្នុងតំបន់ ហើយថែមទាំងអាចបង្កើតការងារចំនួន ៩២ ០០០កន្លែង។
យ៉ាងណាគ្រោងការរបស់ក្លិប Man Utd នេះ ក៏ទទួលរងការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រ។ អ្នកគាំទ្រខ្លះបង្ហាញការខកចិត្ត ដោយខ្លះបាននិយាយថាគម្រោងកីឡដ្ឋានថ្មី គឺមើលទៅមានរូបរាងអាក្រក់ មិនទំនើបដូចកីឡដ្ឋានដទៃឡើយ។ រីឯអ្នកគាំទ្រដទៃផ្សេងទៀត ព្រមទាំងលោក Paul Merson ជាអ្នកអធិប្បាយនៅទូរទស្សន៍ Sky Sports បាននាំគ្នានិយាយថា ក្លិបបិសាចក្រហមគួរតែផ្តោតលើការវិនិយោគអភិវឌ្ឍក្រុម ប្រសើរជាងការធ្វើកីឡដ្ឋានថ្មី។
លោក Patrick Campbell ស្ថាបត្យករជំនាញមួយស្ថិតក្នុងគ្រោងការសាងសង់កីឡដ្ឋានថ្មី បានលើកឡើងអំពីដំណើរការសង់ ដូច្នេះថា៖«វាចាប់ផ្តើមដំបូង គឺធំ ការប្រកួតប្រជែងធំ ដែរយើងទទួលបានពីលោក Jim Ratcliffe បានផ្តល់គំនិតនៃការបង្កើតកីឡដ្ឋានបាល់ទាត់ល្អបំផុតនៅលើពិភពលោក។ គិតពីបាល់ទាត់ជាចម្បង បន្ទាប់មកពីបរិយាកាសជុំវិញ និងការផ្តល់បទពិសោធន៍ថ្មីទៅអ្នកគាំទ្រ ទាំងអស់នេះគឺនឹងស្ថិតក្នុងការបង្កើតកីឡដ្ឋានថ្មីដ៏ល្អអស្ចារ្យបំផុតក្នុងពិភពលោក។[…]»។
កន្លងមក នាយកប្រតិបត្តិក្លិប Man Utd លោក Omar Berrada ក៏ធ្លាប់បានចេញមុខនិយាយទាក់ទងរឿងកីឡដ្ឋានថ្មី ថានឹងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគទៅលើក្រុមកីឡាករ ខណៈក្រុមដឹកនាំដោយលោក Ruben Amorim បច្ចុប្បន្នក៏កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៣ ក្នុងតារាង Premier League៕