ព្រះអង្គ ជួន កក្កដា ចាកចេញពីបព្វជិត តែទស្សនវិស័យជួយវត្តប្រាសាទនាងខ្មៅ នៅដដែល
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:៥៩ នាទី រសៀល
ព្រះអង្គ ជួន កក្កដា ចាកចេញពីបព្វជិត តែទស្សនវិស័យជួយវត្តប្រាសាទនាងខ្មៅ នៅដដែល
(ឆ្វេង) ព្រះអង្គភិរ័ត ភិន វុទ្ធី ព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ និងអតីតភិក្ខុមុនីបាលោ ជួន កក្កដា ព្រះវិន័យធម៌គណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកនាងខ្មៅ ។ រូបពីហ្វេសប៊ុកព្រះអង្គ ភិន វុទ្ធី ។

ភ្នំពេញ៖ ការលាចាកសិក្ខាបទរបស់ព្រះអង្គមុនីបាលោ ជួន កក្កដា ព្រះវិន័យធម៌គណខេត្តតាកែវ​ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ​ នាយកសាលាពុទ្ធិកនាងខ្មៅ បានបន្សល់ទុកអនុស្សាវរីយ៍ និងការស្ដាយស្រណោះ។ មិនតែប៉ុណ្ណោះ ក៏មានក្តីបារម្ភថា ភិក្ខុ សាមណេ កូននេន និងសេក្ខលោក ដែលធ្លាប់ទទួលបានការទំនុកបម្រុង និងជួយជ្រោមជ្រែងពីសំណាក់ព្រះអង្គ ជួន កក្កដា ដែលជាតួអង្គសំខាន់ ក្នុងការកៀងគរប្រមូលបច្ច័យសទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទ្ធ និងសប្បុរសជននានា អាចជួបការលំបាក។ បញ្ហានេះ ត្រូវបានព្រះអង្គភិរ័ត ភិន វុទ្ធី ព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ មានសង្ឃដីកាពន្យល់។--

ព្រះអង្គ ភិន វុទ្ធី ពិតជាមានព្រះទ័យពិភាល់ និងនឹកស្ដាយស្រណោះព្រះអង្គ ជួន កក្កដា ដែលធ្លាប់ជាធម្មមិត្តសង្ឃរួមដំណើរជាមួយគ្នា លើវិស័យព្រះពុទ្ធសាសនា ក្នុងការរៀបចំ និងជួយជ្រោមជ្រែងវត្តប្រាសាទនាងខ្មៅ ក្នុងទឹកដីខេត្តតាកែវ។ ព្រះអង្គ ភិន វុទ្ធី និងព្រះអង្គ ជួន កក្កដា ដែលជាដៃគូធម្មមិត្ត រួមសុខរួមទុក្ខជាមួយគ្នាអស់ជាច្រើនឆ្នាំ គឺជាបង្គោលធំៗពីរដ៏សំខាន់ នៅក្នុងវត្តប្រាសាទនាងខ្មៅ។ ដូច្នេះព្រះអង្គភិរ័ត ក៏ពិបាកទទួលយកទិដ្ឋភាពបែបនេះដែរ។

ងាកមកចម្ងល់ និងក្តីព្រួយបារម្ភចំពោះសុខទុក្ខព្រះសង្ឃ និងសេក្ខលោកជាច្រើនរយអង្គ/នាក់ ដែលកំពុងគង់ និងស្នាក់នៅវត្តប្រាសាទនាងខ្មៅវិញ ព្រះអង្គ ភិន វុទ្ធី មានសង្ឃដីកាពន្យល់ថា ព្រះអង្គ នឹងព្យាយាមរក្សាទម្លាប់ និងរបៀបរៀបរយជួយដល់ព្រះសង្ឃ និងសេក្ខលោកដដែល បើទោះអវត្តមានព្រះអង្គ ជួន កក្កដា ក្តី។ បើតាមព្រះចៅអធិការវវត្តប្រាសាទនាងខ្មៅ ទោះបីព្រះអង្គ កក្កដា លាចាកសិក្ខាបទពិតមែន តែលោកសន្យាថា នឹងបន្តជួយជ្រោមជ្រែងដល់វត្តប្រាសាទនាងខ្មៅដដែល។

ព្រះអង្គភិរ័ត ភិន វុទ្ធី ព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ និងអតីតភិក្ខុមុនីបាលោ ជួន កក្កដា ព្រះវិន័យធម៌គណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកនាងខ្មៅ ។ រូបពីហ្វេសប៊ុកព្រះអង្គ ភិន វុទ្ធី ។

នាកម្មវិធីបុណ្យមួយកន្លែង នៅក្នុងឃុំរលាំងគ្រីល ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ មីនា ព្រះអង្គភិរ័ត ភិន វុទ្ធី មានសង្ឃដីកាដូច្នេះ៖« ថ្វីថ្បិត ជួន កក្កដា លាចាកសិក្ខាបទទៅ គឺទៅតែខ្លួនទេ តែទឹកចិត្ត និងបេសកកម្ម តួនាទី ការងារនៅក្នុងវត្តនៅតែដដែល។ ហើយមួយទៀត ជួន កក្កដា ទៅពិតមែន តែអត់ទៅឆ្ងាយទេ គឺនៅត្រង់ហ្នឹងទេ ហើយចេញចូលវត្ត ធ្វើការនៅទីនេះ ហើយធ្វើការជាមួយ ភិន វុទ្ធី ដដែល។ យ៉ាងហោចណាស់ ក៏មាន ភិន វុទ្ធី ជាសង្ឃ្រាជវត្តដែរ»។

ព្រះអង្គ ភិន វុទ្ធី និងអតីតភិក្ខុ ជួន កក្កដា ប្រៀបដូចជាលលកញីឈ្មោល នៅក្នុងវត្តប្រាសាទនាងខ្មៅ។ ព្រះអង្គ បានបំពេញភារកិច្ចដឹកនាំវត្តជាមួយគ្នា អស់កាលជាង១០ឆ្នាំមកហើយ មិនដែលមានទោមនស្សឡើយ ហើយមានតែការជួយបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីជួយទ្រទ្រង់វត្តប្រាសាទនាងខ្មៅ។ នេះបើតាមសង្ឃដីការបស់ព្រះអង្គ ភិន វុទ្ធី ដែលបានស្គាល់ធម្មមិត្ត ជួន កក្កដា ជាង២០ឆ្នាំមកហើយ។

ក្នុងវិស័យព្រះពុទ្ធសាសនា ជាង២៧ព្រះវស្សា ព្រះតេជគុណ ជួន កក្កដា ព្រះវិន័យធម៌គណខេត្តតាកែវ​ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ​ នាយកសាលាពុទ្ធិកនាងខ្មៅ សម្រេចលាចាកសិក្ខាបទ ក្រោមហេតុផល «អស់បុណ្យជាព្រះសង្ឃ» កាលពីថ្ងៃទី១៩ មីនា។

តាមរយៈវីដេអូឃ្លីបជិត១២នាទី ព្រះអង្គ ជួន កក្កដា មានសង្ឃដីកាពន្យល់ថា ការសម្រេចព្រះទ័យនេះ មិនមែនធ្វើឡើងដោយការតក់ក្រហល់នោះទេ ហើយក៏មិនប្រញាប់ប្រញាល់ពេកនោះដែរ។ ក្នុងន័យនេះ ព្រះអង្គ ទំនង់ចង់ពន្យល់ថា ការសម្រេចរបស់ព្រះអង្គ ធ្វើតាមកាលៈទេសៈមួយសមស្រប នៃពេលវេលាជាក់ស្ដែង។

ក្នុងតួនាទីជានាយកសាលាពុទ្ធិកនាងខ្មៅជាង១៣ឆ្នាំមកនេះ ព្រះអង្គ ជួន កក្កដា បានជួយទំនុកបម្រុងដល់ព្រះសង្ឃ និងសេក្ខលោក ដែលមកគង់ និងស្នាក់នៅ ដើម្បីបន្តការសិក្សា និងអនុវត្តធម៌វិន័យ ចំនួន៤៦៧៧អង្គ និងនាក់។ នាយកសាលាពុទ្ធិកនាងខ្មៅ មានសង្ឃដីកាបញ្ជាក់ថា ក្រោយសឹកជាគ្រហស្ថហើយ ព្រះអង្គ ក៏មិនឃ្លាតឆ្ងាយពីវត្តប្រាសាទនាងខ្មៅ ដែលធ្លាប់មានអនុស្សាវរីយ៍អស់១៣ឆ្នាំនេះដែរ។ ព្រះអង្គ នឹងបន្តបំពេញកិច្ចការងារផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់សាមណេ ភិក្ខុ កូននេន និងសេក្ខលោក ដែលគង់ និងស្នាក់នៅវត្តប្រាសាទនាងខ្មៅ។

«តួនាទី និងភារកិច្ចនេះ ក៏មិនចប់ត្រឹមនេះដែរ មិនចប់ត្រឹមខ្ញុំករុណា អត្មាភាពលាចាកសិក្ខាបទត្រឹមនេះទេ ។ គឺតួនាទី និងភារកិច្ចនេះ នឹងនៅព្រះអង្គភិរ័ត ភិន វុទ្ធី ព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ ហើយខ្ញុំព្រះករុណា អត្មាភាពជាគ្រហស្ថ ក៏ប៉ុន្តែនៅចូលរួមសហការធ្វើកិច្ចការងារនេះបន្ត»។ នេះបើតាមសង្ឃដីកាព្រះតេជគុណ ជួន កក្កដា ដែលបានសាងផ្នួសតាំងពីវ័យ១៣ឆ្នាំមក។

មុនពេលសាងផ្នួសនេះ ភិក្ខុ ជួន កក្កដា ជាក្មេងកំព្រាឪពុកម្ដាយ និងស្ថិតនៅក្នុងស្ថានភាពលំបាក។ ព្រះអង្គ ធ្លាប់មានសង្ឃដីកាថា បើព្រះអង្គ មិនបានក្លាយជាបព្វជិតទេ ប្រាកដណាស់គឺគ្មានឱកាសទទួលបានការសិក្សា មានចំណេះដឹងផ្នែកអប់រំ និងធម៌វិន័យឡើយ។ មូលហេតុនេះហើយ ទើបធ្វើឱ្យព្រះអង្គ កក្កដា មានសមានព្រះទ័យជាពន់ពេក ជួយដល់កុមារក្រីក្រ និងកំព្រាឪពុកម្ដាយ ដែលខ្វះខាតលទ្ធភាពសិក្សា ឱ្យទទួលបានឱកាសក្រេបយកចំណេះ តាមរយៈការបំបួស ឬឱ្យពួកគេធ្វើជាសេក្ខលោក។ សម្រាប់ព្រះអង្គ វិស័យព្រះពុទ្ធសាសនា មានគុណបំណាច់ដល់ព្រះអង្គ ឱ្យទទួលបានចំណេះវិជ្ជាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនេះ។


ក្រោយលាចាកសិក្ខាបទនេះ អតីតភិក្ខុ ជួន កក្កដា បានផ្ដាំផ្ញើទៅកាន់ភិក្ខុ សាមណេ កូននេន និងសេក្ខលោក ឱ្យប្រឹងប្រែងបន្តការសិក្សា ក្រេបជញ្ជក់យកចំណេះដឹង ព្រោះមានតែចំណេះទេ ទើបអាចជួយឱ្យព្រះសង្ឃទាំងអស់ មានអនាគតល្អ ទាំងក្នុងអំឡុងពេលបួស និងក្រោយសឹកហើយ។

ជាង១៣ឆ្នាំមកនេះ ព្រះអង្គ ភិន វុទ្ធី និងព្រះអង្គ ជួន កក្កដា បានស្វះស្វែងរកជំនួយ និងបច្ច័យដើម្បីចិញ្ចឹមព្រះសង្ឃ មិនក្រោម២០០អង្គឡើយ ក្នុងមួយឆ្នាំៗ ដោយភាគច្រើនជាក្មេងក្រីក្រ និងកំព្រាឪពុកម្ដាយ។ ព្រះអង្គទាំងពីរ បានកសាងសាលាបាលី ចំនួន៣ខ្នង ដើម្បីឱ្យព្រះសង្ឃសិក្សាមុខវិជ្ជាធម៌វិន័យ និងអប់រំតាមពុទ្ធចក្រ និងអាណាចក្រ ដូចជាសិក្សាកុំព្យូទ័រ និងភាសាអង់គ្លេសជាដើម។ កន្លងមក ក៏មានព្រះសង្ឃជាច្រើនអង្គ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ហើយកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងទៅរស់នៅក្រៅប្រទេសជាដើម ក្រោយពេលលាចាកសិក្ខាបទ។ ឯព្រះសង្ឃខ្លះទៀត បន្តនិស្ស័យក្នុងវិស័យព្រះពុទ្ធសាសនា កាន់តួនាទីជាចៅអធិការវត្តផ្សេងៗទៀតផង។ បច្ចុប្បន្ន មានព្រះសង្ឃជាង៣០០អង្គ ក៏កំពុងបន្តការសិក្សាកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់វិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា។ នេះបើតាមព្រះអង្គ ភិន វុទ្ធី ព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ៕




អ្នកសរសេរអត្ថបទ

រំដួល ចិត្រា  (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថល​ថ្មីៗ នៅឆ្នាំ២០១៤ ។  ចិត្រា មានជំនាញ​សរសេរ​ព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយក​ការណ៍​។...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រំដួល ចិត្រា