- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:៣០ នាទី រសៀល

ភ្នំពេញ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានចេញមកពន្យល់អំពីការដាក់តាំង«អ្នកតា ឬលោកតាព្រះចៅ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ក្រោយមានអ្នកប្រើបណ្តាញសង្គម បានបង្ហោះថា«ភ្នំដូនពេញក្លាយជាកន្លែងសក្ការៈយួនហើយ»។
មន្ទីរវប្បធម៌រាជធានីភ្នំពេញ តាមរយៈសេចក្តីបំភ្លឺចុះថ្ងៃទី១៩ ខែមីនា បានចាត់ទុកការបង្ហោះ និងពិពណ៌នានេះ ថាប្រាសចាកពីការពិត និងមានចេតនាធ្វើឱ្យសាធារណជនយល់ច្រឡំ ចំពោះប្រវត្តិ និងការតាំងនៅរបស់«អ្នកតា ឬលោកតាព្រះចៅ»។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានរំឭកសាវតា នៃទីតាំងរបស់អ្នកតា ឬលោកតាព្រះចៅនេះ ដោយយោងតាមឯកសារ ថា កាលពីដើម អាស្រមអ្នកតាព្រះចៅ កសាងឡើងពីថ្មតូចមួយប៉ុណ្ណោះ។ តែក្រោយមកអាស្រមនេះ ត្រូវបានរៀបធំជាងមុន ដូចឃើញសព្វថ្ងៃ និងមានតម្កល់រូបសំណាកមួយចំនួនទៀត នៅខាងមុខអាស្រមដូចជា យាយទេព តាឥសី តោ និងខ្លាជាដើម។
ពាក់ព័ន្ធនឹងកំណើតអ្នកតាព្រះចៅ គេបានតំណាលថា មានដូនចាស់ម្នាក់ឈ្មោះ ពេញ បានប្រទះឃើញ ព្រះពុទ្ធរូបមុខ៤ និងបដិមាថ្មមួយ ក្នុងប្រហោងដើមគគីរ អណ្តែតតាមខ្សែទឹក ទន្លេធំ។ បដិមាថ្មនោះ មានដៃម្ខាងកាន់ដំបង និងម្ខាងទៀតកាន់ស័ង្ខ ដែលគេយល់ថា ជាបដិមាតួអង្គព្រះនារាយណ៍។
មន្ទីរវប្បធម៌រាជធានីភ្នំពេញបន្តថា៖ «ក្នុងគ្រានោះ គេបានដង្ហែព្រះពុទ្ធបដិមា យកទៅតម្កល់ក្នុងព្រះវិហារលើកូនភ្នំ។ ចំណែកបដិមាថ្មខាងលើ គេបានរៀបចំតម្កល់គោរពបូជានៅចង្កេះភ្នំ ដោយសន្មត នាមថា «អ្នកតាព្រះចៅ»។ រហូតមកដល់ នៅដើមសតវត្សទី២០ គេមើលឃើញថា អាស្រមអ្នកតាព្រះចៅ មានលំនាំជាបុស្បុកលាតសាមញ្ញ លម្អដោយផ្តែរ និងសសរពេជ្រ រចនាបថសំបូរព្រៃគុក និងមានទ្វារបាលឈរកាន់ដំបង នៅសងខាងទ្វារចូល។»។
ដោយមានជំនឿ និងការយល់ឃើញថា អ្នកតាព្រះចៅ ជាអមនុស្ស ដែលមានតួនាទីធំក្នុងការកាត់ក្តីផង ជួយព្យាបាលជំងឺ និងជាអ្នកគ្រប់គ្រងក្នុងតំបន់ផង។ គេបានតម្កល់រូបសំណាក អ្នកតាព្រះចៅនៅកណ្តាល ភរិយានៅខាងឆ្វេង និងកូននៅខាងស្តាំ ហើយអ្នកមានជំនឿតែងចូលទៅពឹងពរក្នុងក្តីកង្វល់ផ្សេងៗគ្នាដូចជា សុំឱ្យរកស៊ីមានបាន សុំឱ្យជាសះស្បើយពីជំងឺ សុំឈ្នះល្បែង សុំឱ្យរកឃើញរបស់ សុំឱ្យឈ្នះក្តី។ នៅពេលការបន់ស្រន់បានសម្រេច គេតែងថ្វាយក្បាល ជ្រូក មាន់ស្ងោរ ឬមាន់រស់ ផ្កាភ្ញី នំចំណី ផ្លែឈើ ទឹកអប់ ក្រណាត់ គ្រឿងអលង្ការ មាស ប្រាក់ ស្ពាន់ ជាដើម។
ក្រោយមកទៀត ដោយសារមានជនជាតិចិន មានជំនឿលើ អ្នកតាព្រះចៅ គេក៏ធ្វើអាស្រម ថ្មីស្រោបពីលើ។ ករណីនេះ ក៏ធ្វើឱ្យមនុស្សមួយចំនួន ច្រឡំថា អ្នកតាព្រះចៅ គឹជាអ្នកតាចិន។ ហេតុនេះ ទើបនៅពេលចូលឆ្នាំចិន គេក៏នាំគ្នាទៅសែនព្រេន ឬកាត់ឆុង និងសុំពរជ័យពី អ្នកតាព្រះចៅ។ តាមពិតលោកតា ព្រះចៅមានប្រវត្តិ និងការតាំងនៅជាយូរលង់ណាស់មកហើយ។
ដោយឡែកការវិវឌ្ឍរបស់ទីតាំង ដ៏យូរលង់រហូតដល់បច្ចុប្បន្នបានក្លាយជាទីកន្លែងគោរពសក្ការៈ របស់ប្រជាជនគ្រប់ជាតិសាសន៍ ហើយទីតាំងនេះ ក៏ជាទីតាំងបេតិកភណ្ឌអរូបី មនុស្សជាតិ ដែលជាអត្តសញ្ញាណរាជធានីភ្នំពេញផងដែរ។
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ អំពាវនាវដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម កុំយល់ច្រឡំ និងកុំចែករំលែកព័ត៌មានក្លែងក្លាយនេះបន្តទៀត ដែលនាំឱ្យប៉ះពាល់ដល់វប្បធម៌ប្រវត្តិសាស្ត្ររបស់ជាតិ៕
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។
