- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:៥៩ នាទី រសៀល

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ចាញ់ វៀតណាម ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីថ្ងៃទី១៩ ខែមីនា។
ទោះមិនអាចបញ្ចប់កំណត់ត្រាចាញ់វៀតណាម ប៉ុន្តែលោក Koji Gyotoku ពេញចិត្តចំពោះទម្រង់ប្រកួតរបស់គោព្រៃ ជាពិសេសនៅវគ្គទី២។ នៅកីឡដ្ឋាន Go Dau ខេត្ត Binh Duong ម្ចាស់ផ្ទះវៀតណាម សម្រេចបាន២គ្រាប់ តាមរយៈកីឡាករ Hai Long នៅនាទី ២៦ និង Van Vi នៅនាទី៣៥។ ឯមួយគ្រាប់របស់គោព្រៃ ធ្វើបានដោយខ្សែបម្រើវ័យក្មេង បុង សំាយូអ៊េល ដោយស៊ុតពីចម្ងាយយ៉ាងល្អ នៅនាទី៦៤។
ទោះរងបរាជ័យ ២-១ ក្រោមថ្វីជើងក្រុមខ្លាំងប្រចាំតំបន់អាស៊ាន ប៉ុន្តែលោក Koji គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ពេញចិត្តយ៉ាងខ្លាំង ចំពោះទម្រង់លេងរបស់កូនក្រុមខ្លួន។ គ្រូសញ្ជាតិជប៉ុន បានរៀបរាប់ក្នុងសន្និសីទក្រោយចប់ប្រកួតថា ៖«ប្រសិនបើយើងប្រៀបធៀបការប្រកួតាទាំងពីរតង់ យើងលេងបានល្អជាងវៀតណាមនៅតង់ទីពីរ គឺល្អទាំងបច្ចេកទេសនិងកម្លាំង»។
ជាការពិត នៅវគ្គទី២ ក្រុមភ្ញៀវកម្ពុជា មានឱកាសស៊ុតបញ្ចូលទីច្រើនលើក ប៉ុន្តែសម្រេចបានទី១គ្រាប់។ ចំណោមឱកាសល្អៗនោះ ស រតនា បានខកខានឱ្យកាសបញ្ចប់ទី ពីការបញ្ជូនរបស់ ណេតូ។ ដោយឡែកគ្រូវៀតណាម លោក Kim Sang Sik ទទួលស្គាល់ថាកូនក្រុមខ្លួន ធ្វើការងារធ្ងន់ក្នុងជំនួបទល់កម្ពុជានេះ។
យ៉ាងណាក៏ដោយគ្រូកូរ៉េខាងត្បូង ដែលមើលឃើញគោព្រៃ ធ្វើបានល្អ នៅវគ្គទី២ដែរនោះ នៅតែពេញចិត្តចំពោះកូនក្រុម សម្រាប់ការប្រកួតកម្តៅសាច់ដុំ ដើម្បីត្រៀមខ្លួនតទល់ ឡាវ ក្នុងវគ្គជម្រុះ AFC Asian Cup នៅថ្ងៃទី២៥ ខែមីនា។
«តង់ទីមួយយើងធ្វើបានល្អ តាមការរៀបចំ។ ខ្ញុំបានដាក់ Quang Hai ជាខ្សែបម្រើប្រយុទ្ធ ហើយយើងរកបានពីរគ្រាប់ ដោយសារ Hai Long និង Van Vi។ នៅតង់ទីពីរ កម្ពុជាបានដាក់សម្ពាធកាន់តែខ្លាំង ហើយតាមបាន១គ្រាប់វិញ និងឱកាសផ្សេងទៀត»។
លោក Koji នឹងត្រូវដឹកនាំកម្ពុជា ស្វាគមន៍ភ្ញៀវអរូបា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២៥ ខែមីនា៕