- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ល្ងាច

លោក Mark Carney មានអាយុ៥៩ឆ្នាំ កើតនៅទីក្រុង Fort Smith ភាគពាយ័ព្យកាណាដា។ លោក គឺជាអតីតទេសាភិបាលនៃធនាគារជាតិកាណាដា។ បន្ទាប់ពីជួយសង្គ្រោះសេដ្ឋកិច្ចកាណាដា អំឡុងវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ លោក Carney បានក្លាយជាទេសាភិបាលធនាគារជាតិអង់គ្លេសនៅឆ្នាំ២០១៣។ ក្រោយលោក ចាស្ទីន ទ្រូដូ ចុះចេញពីតំណែង លោក Carney បានឈ្នះឆ្នោតក្នុងបក្ស ដោយក្លាយជានាយករដ្ឋមន្ត្រីបន្ត។
លោក Mark Carney កើតនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៦៥ នៅទីក្រុង Fort Smith ដែលស្ថិតក្នុងដែនដីភាគពាយ័ព្យរបស់កាណាដា។ ប៉ុន្តែ លោកបានរីកធំធាត់នៅទីក្រុង Edmonton នៃខេត្ត Alberta របស់កាណាដា។
លោក Carney មានសញ្ជាតិដល់ទៅ៣ គឺកាណាដា អង់គ្លេស និងអ៊ែរឡង់។ បើទោះមិនមានប៉ះពាល់ដល់ច្បាប់សញ្ជាតិ លោក Carney បានបោះបង់សញ្ជាតិពីរចេញ ដោយជ្រើសយកតែសញ្ជាតិតែមួយប៉ុណ្ណោះ គឺសញ្ជាតិកាណាដា ដ្បិតលោកគិតថា នាយករដ្ឋមន្រ្តី គួរតែមានសញ្ជាតិតែមួយ។
ក្នុងជីវិតការសិក្សា លោក Carney បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញសេដ្ឋកិច្ចពីសកលវិទ្យាល័យ Harvard របស់អាម៉េរិក ក្នុងឆ្នាំ១៩៨៨។ ចំណែកក្នុងថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លោក បានបញ្ចប់ការសិក្សាក្នុងជំនាញដដែល ក្នុងឆ្នាំ១៩៩៣ និងក្នុងឆ្នាំ១៩៩៥ ពីសាកលវិទ្យាល័យ Oxford របស់អង់គ្លេស។
លោក Mark Carney នាយករដ្ឋមន្រ្តីកាណាដា ចាប់ដៃជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព X_Mark Carney
លោក បានចាប់អាជីពជាអ្នកគ្រប់គ្រងរបស់ធនាគារវិនិយោគ Goldman Sachs។ លោក Carney បានបម្រើការក្នុងក្រុមហ៊ុនអស់រយៈពេល១៣ឆ្នាំ នៅតាមទីក្រុងផ្សេងៗជាច្រើនដូចជាទីក្រុងឡុងដ៍ តូក្យូ ញ៉ូយ៉ក និងតូរ៉ុនតូ។ ក្រោយមកលោក ត្រូវបានចាត់តាំងជាទេសាភិបាលលរងធនាគារជាតិកាណាដានៅឆ្នាំ២០០៣។
ក្រោយមក លោក Carney បានបម្រើការជាទេសាភិបាលរបស់ធនាគារជាតិកាណាដាចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។ អំឡុងពេលនោះ លោក បានរួមចំណែកជួយសេដ្ឋកិច្ចកាណាដា ក្នុងវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨។
លោក បានបន្តអាជីពជាធនាគារិកដដែល ដោយលោក បានក្លាយជាទេសាភិបាលធនាគារជាតិរបស់អង់គ្លេសចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០។ លោក Carney ជាបុគ្គលដែលមិនមែនជាជនជាតិអង់គ្លេសដំបូងបង្អស់ ដែលបានក្លាយជាប្រធានធនាគារកណ្តាលអង់គ្លេស។
លោក Mark Carney នាយករដ្ឋមន្រ្តីកាណាដា (ស្តាំ) និងសមភាគីអង់គ្លេស លោក Keir Starmer។ រូបភាព X_Mark Carney
ក្នុងឆ្នាំ២០២០ លោកបានចាប់ផ្ដើមអាជីពក្នុងតួនាទីជាប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិក្នុងយុទ្ធនាការអាកាសធាតុ និងហិរញ្ញវត្ថុ។ លោក Carney បានប្រឡូកអាជីពក្នុងបក្សនយោបាយ ដោយបានក្លាយជាប្រធានផ្នែកកំណើនសេដ្ឋកិច្ចរបស់បក្សសេរីនិយម ក្នុងខែកញ្ញា ឆ្នាំ២០២៤។
បន្ទាប់ពីលោក ចាស្ទីន ទ្រូដូ ប្រកាសលាលែងពីតំណែងប្រធានបក្សសេរីនិយម លោក Carney បានប្រកាសបេក្ខភាពខ្លួនក្នុងការប្រកួតប្រជែងតំណែងប្រធានបក្ស ក្នុងថ្ងៃទី១៦ ខែមករា។ លោក Carney បានឈ្នះការបោះឆ្នោតប្រធានបក្សសេរីនិយមលើលោកស្រី Chrystia Freeland និងបេក្ខជនផ្សេងទៀត ក្នុងថ្ងៃទី៩ ខែមីនា។
អំឡុងពេលនៃយុទ្ធនាការបោះឆ្នោត លោក Carney បានប្រកាសរកការគាំទ្រចំពោះការដំឡើងពន្ធលើទំនិញអាម៉េរិក ក្រោមរដ្ឋបាលលោក ត្រាំ។ លោក ធ្លាប់បានសង្កត់ធ្ងន់ថា កាណាដា ត្រូវការយុទ្ធសាស្រ្ត ដើម្បីបង្កើនការវិនិយោគ។
លោក Carney បានក្លាយជានាយករដ្ឋមន្ត្រីទី២៤របស់កាណាដា នៅថ្ងៃទី១៤ ខែមីនា។ លោក នឹងនៅជានាយករដ្ឋមន្ត្រីកាណាដាបន្តពីលោក ចាស្ទីន ទ្រូដូ រហូតដល់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ ដែលគ្រោងធ្វើមិនឱ្យយឺតជាងថ្ងៃទី២០ ខែតុលាខាងមុខ៕