- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:២៩ នាទី ល្ងាច

លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បានចេញមុខអះអាងថា កីឡារកខ្សែប្រយុទ្ធ Kylian Mbappe និង Ousmane Dembele រីករាយចំពោះការវិលត្រឡប់ទៅកាន់ក្រុមជម្រើសជាតិឡើងវិញ ខណៈទម្រង់លេងកីឡាករទាំង ២ ក៏កើនឡើងខ្លាំងគួរឱ្យចាប់អារម្មណ៍។ បារាំង មានភារកិច្ចប្រកួតតទល់នឹងក្រូអាស៊ី ក្នុងពានរង្វាន់ UEFA Nations League ថ្ងៃទី២០ ខែមីនា។
ជំនួបវគ្គ ៨ក្រុមចុងក្រោយ ដែលបារាំង នឹងត្រូវតទល់ក្រូអាស៊ី សម្រាប់ជើងទី១ ស្ថិតក្នុងទីក្រុង Adriatic Coastal ហើយការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៣ មីនា ស្ថិតក្នុងកីឡដ្ឋាន Stade de France ទីក្រុងប៉ារីស។
ខ្សែប្រយុទ្ធ Dembele ដែលកំពុងលេចធ្លោខ្លាំងនៅក្លិបយក្សបារាំង Paris Saint Germain រដូវកាលនេះ ស៊ុតបាល់បញ្ចូលទី ៣០គ្រាប់ ពីគ្រប់ការប្រកួត។ ចំណែក Mbappe វិញក៏កំពុងតែលេចធ្លោទម្រង់លេងល្អឡើងវិញ នៅក្លិបយក្ស Real Madrid ហើយជួយដល់ក្រុមជើងខ្លាំងអេស្ប៉ាញ បន្តប្រកួតប្រជែងដណ្តើមពានរង្វាន់ La Liga និង ឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ UEFA Champions League។
ដោយមើលឃើញពីទម្រង់លេងខ្លាំងរបស់កីឡាករខ្សែប្រយុទ្ធទាំង ២ លោក Deschamps បានលើកសរសើរ ដោយអះអាងថាទាំងកីឡាករវ័យ ២៦ឆ្នាំ និង ២៧ឆ្នាំ កំពុងរីករាយចំពោះការវិលត្រឡប់មកក្រុមជម្រើសជាតិបារាំងវិញ។
គ្រូសញ្ជាតិបារាំងវ័យ ៥៦ឆ្នាំ បាននិយាយដូច្នេះថា៖«ពួកគេកំពុងស្ថិតក្នុងទម្រង់លេងល្អមួយ និងអាចពិនិត្យមើលការប្រកួតបានច្បាស់លាស់ល្អ ពួកគេស័ក្តិសមទទួលភាពជោគជ័យ។ កាលពីមុនអ្នកបានរិះគន់គេថាមិនអាចបង្ហាញទម្រង់លេងបានល្អ តែពេលនេះគឹអាចធ្វើបាន។ […] រឿងគ្រប់យ៉ាងនឹងអាចកើនឡើង ខ្ញុំមិនមកទីនេះដើម្បីបង្ហាញពីយុទ្ថសាស្ត្រយើងទៅកាន់គូប្រកួតនោះឡើយ អ្វីដែលសំខាន់បំផុត គឺជាការយល់ចិត្តក្នុងក្រុម និងស្ថេរភាពនៃបច្ចេកទេសក្រុមរបស់យើង។»។
ដោយឡែក Mbappe ដែលបានវិលត្រឡប់ចូលក្រុមជម្រើសជាតិ លើកដំបូងឡើងវិញ ចាប់តាំងពីបាត់ឈ្មោះតាំងពីខែកញ្ញា ឆ្នាំ ២០២៤ ហាក់បង្ហាញទឹកមុខរីករាយចំពោះក្រុម ហើយថែមទាំងទទួលស្គាល់កំហុសក្នុងនាមជាប្រធានក្រុម ដែលធ្វើមិនបានល្អពេលកន្លងមក។ ការបាត់មុខចេញពីក្រុមជម្រើសជាតិ បន្ទាប់ពី កីឡាករម្ចាស់ពាន World Cup 2018 បានផ្លាស់ទៅចូលរួមជាមួយនឹងក្រុម Real Madrid។
កីឡាករវ័យ ២៦ឆ្នាំ អះអាងថាគេរីករាយពេលដែលឃើញមិត្តរួមក្រុមជជែកគ្នា យល់ចិត្តគ្នាច្រើនជាងមុន ហើយថែមទាំងមានភាពជិតស្និទ្ធិជាមួយគ្នាខ្លាំងលើសពេលមុន។ ខ្សែប្រយុទ្ធក្រុមរហស្សនាមអធិរាជស ថែមទាំងបានដាក់គោលដៅ ចំពោះការវិលត្រឡប់មកជួយក្រុមបារាំងវិញ គឺការប្រជែងពានរង្វាន់ FIFA World Cup 2026 ដែលនឹងធ្វើឡើងនៅប្រទេសអាម៉េរិក កាណាដា និងម៉ិកស៊ិក៕