- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:៥៩ នាទី រសៀល

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពិធីបិទសន្និបាតក្រសួងមុខងារសាធារណៈ ព្រឹកថ្ងៃទី២០ ខែមីនា បានអះអាងថា មិនមានការកាត់ក្រសួងស្ថាប័នថ្នាក់ជាតិឡើយ ដោយនៅរក្សាដដែល ប៉ុន្តែតាមរយៈការអនុវត្តអភិក្រម «ពង្រឹងជាជាងការពង្រីក»។
ប្រមុខរដ្ឋាភិបាល បានអះអាងថា ពេលសម្តេចចុះទៅកាន់ខេត្តកំពង់ធំ មានអ្នកលើកយោបល់ជូនសម្តេចឱ្យមានការបង្រួមគ្នារវាងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម។ មានការលើកឡើងបែបនេះ ទំនងជាអ្នកផ្តល់យោបល់ទាំងនោះ មើលឃើញបទពិសោធន៍នៃបណ្តាប្រទេសមួយចំនួន។ ត្រង់ចំណុចនេះ សម្តេច ហ៊ុន ម៉ាណែត លើកឡើងថា៖ «របៀបរបស់កម្ពុជាផ្សេង គឺយើងរក្សា និងពង្រឹង»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានតាមដានអំពីការអនុវត្តកំណែទម្រង់រដ្ឋាភិបាលសាធារណៈរបស់ប្រទេសចំនួន៦នារយៈពេលចុងក្រោយនេះ ដែលក្នុងនោះ មានសហរដ្ឋអាម៉េរិក អង់គ្លេស ប៉ាគីស្ថាន ម៉ាឡេស៊ី វៀតណាម និងអាហ្សង់ទីន។ សម្តេចវាយតម្លៃថា ប្រទេសទាំងនោះ ប្រើអភិក្រមបង្រួមដើម្បីពង្រឹង។
នៅអាម៉េរិក រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្កើតនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ដែលដឹកនាំដោយមហាសេដ្ឋីវាល់លាន Elon Musk ដោយជាង១ខែកន្លងមក មានការកាត់មន្ត្រីជាង២០ម៉ឺននាក់ និងគ្រោងលុបក្រសួងអប់រំនៅថ្នាក់សហព័ន្ធ។ នៅអង់គ្លេស មានការកាត់បន្ថយអង្គភាពស្ថាប័នក្រោមសេវាជាតិ សុខភាពជាតិ ចំនួន៥០ភាគរយ ដែលប៉ះពាល់មន្ត្រីពី១៣ម៉ឺន ទៅ១៦ម៉ឺននាក់។
គម្រោងកាត់មន្ត្រី១៥ម៉ឺននាក់នៅប៉ាគីស្ថាន, ការលុបក្រសួង៣ ការកែសម្រួល៥ក្រសួង និងការបង្រួម៧ក្រសួង រួមទាំងការដាក់មន្ត្រីជាង៣ម៉ឺននាក់ឱ្យចូលនិវត្តន៍មុនពេលកំណត់នៅម៉ាឡេស៊ី។ នៅវៀតណាម មានការកាត់បន្ថយ៣០ក្រសួងស្ថាប័នមក២២នៅកម្រិតថ្នាក់ ការកែសម្រួលថ្នាក់ក្រោមជាតិ និងគម្រោងកាត់បន្ថយមន្ត្រីប្រមាណ១០ម៉ឺននាក់ រីឯនៅអាហ្សង់ទីនមន្ត្រីជាង៣ម៉ឺននាក់ហើយដែលត្រូវបានកាត់បន្ថយក្នុងគម្រោងសរុប៧ម៉ឺននាក់។
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ ការអនុវត្តអភិក្រមនៅកម្ពុជា គឺខុសពីបណ្តាប្រទេសទាំងនោះ។ ជាមួយនឹង «ការរក្សា និងពង្រឹង» សម្តេចតម្រូវឱ្យក្រសួងទាំង៣ (កសិកម្ម, អភិវឌ្ឍន៍ជនបទ និងធនធានទឹក) ក៏ដូចជាបណ្តាស្ថាប័ននានា សម្រួលភារកិច្ច និងសហការគ្នាឱ្យកាន់តែច្រើន កាន់តែរឹងមាំ និងមានប្រសិទ្ធភាព។
ការពង្រឹងជាជាងការពង្រីក ត្រូវបានសម្តេចបញ្ជាក់ថា កើតចេញពីការវិភាគមុខងារ និងការកែសម្រួលការងារ។ បើតាមប្រមុខរដ្ឋាភិបាល នាយកដ្ឋានមួយចំនួនមានក្បាលម៉ាស៊ីន តែមិនដំណើរការ នឹងត្រូវកាត់ចោល ឬបង្រួមមុខងារជាមួយនាយកដ្ឋានណាមួយផ្សេងទៀត។
ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចមិនឯកភាពលើការដំឡើងដល់ថ្នាក់អគ្គនាយកឡើយ លើកលែងតែមានតម្រូវការចាំបាច់បំផុត ហើយការបង្កើតថ្មី ចាំបាច់ត្រូវមានការកាត់កងពីកន្លែងណាមួយ។ «មិនមែនបង្កើតដើម្បីលើកទឹកចិត្តមន្ត្រី ឬបង្កើតប្រអប់លើកទឹកចិត្តឡើយ អត់បានទេ កុំកាត់ជើងតម្រូវស្បែកជើង»។ សម្តេចបានអះអាងយ៉ាងដូច្នេះ ហើយជាអ្វីដែលបានអនុវត្តជាង១ឆ្នាំកន្លងមកនេះ៕