អ៊ុយក្រែន ទទួលបានយន្តហោះចម្បាំង F-16 បន្ថែមពីប្រទេសលោកខាងលិច
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
អ៊ុយក្រែន ទទួលបានយន្តហោះចម្បាំង F-16 បន្ថែមពីប្រទេសលោកខាងលិច
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន (ក្នុងរង្វង់) និងយន្តហោះ F-16។ រូបភាព យោធាអាម៉េរិក និងX_Volodymyr Zelenskyy

អ៊ុយក្រែន បានទទួលយន្តហោះចម្បាំង F-16 មួយចំនួន ពីប្រទេសដៃគូលោកខាងលិច។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសបែបនេះ នៅ១៩ ខែមីនា។ ការបញ្ជាក់ពីការទៅដល់យន្តហោះចម្បាំងប្រភេទនោះ ធ្វើឡើងក្រោយរុស្ស៊ី ប្រកាសបានបំផ្លាញយន្តហោះចម្បាំង F-16 នៅតំបន់ Sumy។

TTN-Free-Banner-In-Article-PC

ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានស្នើសុំជំនួយយន្តហោះចម្បាំង F-16 ពីប្រទេសលោកខាងលិច ដើម្បីទប់កងទ័ព ដ្រូន និងមីស៊ីលរបស់រុស្ស៊ី។ តាមការបញ្ជាក់របស់លោក ហ្សេលេនស្គី យន្តហោះ F-16 មួយចំនួន បានទៅដល់អ៊ុយក្រែនហើយ ស្របពេលប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ចុះផ្សាយពីការបំផ្លាញយន្តហោះ F-16 នៅតំបន់ Sumy។ 

«យន្តហោះចម្បាំង F-16 បន្ថែម បានទៅដល់អ៊ុយក្រែនហើយ»។ ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងថ្ងៃទី១៩ ខែមីនា ដោយបន្តថា រុស្ស៊ី បានកុហកពីការបាញ់ទម្លាក់យន្តហោះ F-16 ខណៈគ្មានយន្តហោះណាមួយ ត្រូវបានខូចខាតឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv Independent។ 

ដោយមិនបានបញ្ជាក់ពីចំនួនយន្តហោះជាក់លាក់ដែលទទួលបាន លោក ហ្សេលេនស្គី ក៏មិនបានអះអាងពីប្រទេសដែលផ្តល់ជំនួយនោះដែរ។ 

កន្លងមក ប្រទេសលោកខាងលិចមួយចំនួន បានសន្យាផ្តល់យន្តហោះចម្បាំង F-16 សម្រាប់អ៊ុយក្រែន។ យន្តហោះចម្បាំង F-16 មានសមត្ថភាពវាយប្រហារ និងការពារក្នុងការបង្អាក់មីស៊ីល និងដ្រូនរបស់រុស្ស៊ី។ យន្តហោះប្រភេទនេះ មានសមត្ថភាពក្នុងការបាញ់មីស៊ីល និងទម្លាក់គ្រាប់បែក លើទីតាំងយោធារុស្ស៊ី នៅតំបន់ជួរមុខ។ 

ប្រទេសដែលប្រកាសផ្តល់យន្តហោះ F-16 ដល់អ៊ុយក្រែន មានដូចជា ហូឡង់ ចំនួន ២៤គ្រឿង, ដាណឺម៉ាកមានចំនួន ១៩គ្រឿង, ន័រវែសចន្លោះពី៦គ្រឿង ទៅ២២គ្រឿង និងបែលហ្ស៊ិក៕ 


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ