ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ១០លានដុល្លារ ​ពង្រឹងការងារ​បោសសម្អាតមីន​នៅកម្ពុជា
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ១០លានដុល្លារ ​ពង្រឹងការងារ​បោសសម្អាតមីន​នៅកម្ពុជា

​ជប៉ុន បន្តផ្តល់ហិរញ្ញប្បទានឥតសំណងដែលទំហំជាង ១០លានដុល្លារ ដល់កម្ពុជា សម្រាប់​​​អនុវត្ត​គម្រោង​ចំនួន២ សំដៅចូលរួមដល់ការងារបោសសម្អាតមីន​ និង​ពង្រឹង​សមត្ថភា​​ព​របស់​ CMAC​។ ពិធីចុះហត្ថលេខា​លើ​លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ នៃ​ហិរញ្ញប្បទាននេះ ធ្វើឡើងនៅថ្ងៃទី២០ ខែមីនា រវាង លោក ប្រាក់ សុខុន ឧប​នាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូត​ជប៉ុនប្រចាំកម្ពុជា។

TTN-Free-Banner-In-Article-PC

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ហិរញ្ញប្បទាន ជាង​​​១០លានដុល្លារនោះ នឹងប្រើប្រាស់ក្នុងគម្រោងចំនួន ២ គឺទី១ សម្រាប់សម្រាប់គម្រោង ពង្រឹងសមត្ថភាពរបស់មជ្ឈមណ្ឌល​សកម្មភា​ពកំចាត់មីនកម្ពុជា (CMAC) លើការហ្វឹកហ្វឺន ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលមានទឹកប្រាក់ចំនួន ១ ១៦៦ លាន​យ៉េន ឬប្រមាណ ៨,៣ លានដុល្លារ។ 

សកម្មភាពមួយទៀត មានទឹកប្រាក់​ចំនួន ៣០០លានយ៉េន ឬ ប្រមាណ ២,១ លានដុល្លារ​ សម្រាប់​​គម្រោងសាងសង់អគារហ្វឹកហ្វឺន និងផ្សព្វផ្សាយអប់រំ នៃ CMAC។ 

ក្រសួងការបរទេសចាត់ទុកថា ហិរញ្ញប្បទាន​សម្រាប់គម្រោងទាំងពីរនេះ នឹងរួមចំណែក​ដល់យុទ្ធសាស្ត្រជាតិ​សកម្មភាព​បោស​សំអាតមីនរបស់កម្ពុជា ឆ្ពោះទៅសម្រេចបាន​នូវ​គោល​ដៅ​ប្រទេស​កម្ពុជា​គ្មានមីន នៅ​ឆ្នាំ២០៣០ ព្រមទាំងបញ្ជាក់ជាថ្មី​នូវការប្តេជ្ញាចិត្ត​យ៉ាងមុតមាំរបស់ជប៉ុន ក្នុង​ការ​​បន្តគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ