- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី ព្រឹក

សម្ដេច ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា បានជំរុញឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ យកចិត្តទុកដាក់ ចំពោះការពង្រឹងសមត្ថភាពអត្ដពលិកគុនខ្មែរ ឲ្យកាន់តែខ្លាំងជាងនេះ ដើម្បីអាចប្រជែងជាមួយអត្ដពលិកអន្ដរជាតិ ដែលមានកម្រិតខ្លាំងជាងកម្ពុជា។ នេះបើតាម លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ។
បើតាម លោក ខូវ ឆាយ ការជំរុញរបស់សម្តេចប្រធានកាកបាទក្រហម ធ្វើឡើងក្នុងពេល សម្តេច ចូលរួមពិធីមង្គលការកូនរបស់អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ មីនា។
វីដេអូសំណេះសំណាលរបស់ សម្ដេច ប៊ុន រ៉ានី និង លោក ខូវ ឆាយ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម TikTok បង្ហោះ និងត្រូវបានចែករំលែកបន្តយ៉ាងច្រើនផងដែរ។
លោក ខូវ ឆាយ បញ្ជាក់ថាក្នុងជំនួបដ៏ខ្លីនោះ សម្តេច ប៊ុន រ៉ានី បានសួរនាំ អំពីកម្មវិធីប្រកួតប្រដាល់គុនខ្មែរ ហើយសម្តេច ក៏បានសួរនាំសុខទុក្ខ បឺត សង្ឃឹម ដែលបានសន្លប់ក្នុងទឹកទី២ ក្នុងការប្រកួតជាមួយកីឡាកររុស្ស៊ី Aslanbek Zikreev កាលពីថ្ងៃទី១៥ មីនាផងដែរ។
សម្ដេច ប៊ុន រ៉ានី មានប្រសាសន៍ក្នុងវីដេអូនោះយ៉ាងច្បាស់ពីឈ្មោះកីឡា បឺត សង្ឃឹម និងព្រឹត្តិការណ៍។ នេះបានបង្ហាញថា សម្ដេច ក៏ជាអ្នកគាំទ្រ និងតាមដានកីឡាប្រដាល់គុនខ្មែរមួយរូបផងដែរ។
លោក ខូវ ឆាយ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទដូច្នេះ៖ «សម្ដេច សួរសុខទុក្ខ និងព្រួយបារម្ភពីកីឡាករ។ លោក ក៏បានជំរុញឲ្យ យើងប្រឹងប្រែងអភិវឌ្ឍបន្ថែមទៀត ដើម្បីឲ្យកីឡាករ-កីឡាការិនីយើង អាចមានសមត្ថភាពប្រកួតប្រជែងជាមួយ កីឡាករបរទេស ដែលមានកម្រិតខ្ពស់ៗ មកពីក្រៅប្រទេស ក៏ដូចជាពេលយើង ចេញទៅប្រកួតនៅឆាកអន្ដរជាតិ យើងអាចយកជ័យជម្នះ គូប្រកួតខ្លាំងៗ បាននាថ្ងៃអនាគត។»។
សម្ដេច តែងទស្សនាការប្រកួតប្រដាល់គុនខ្មែរ នៅពេលទំនេរពីកិច្ចការ ប៉ុន្ដែនៅពេលរវល់ពីការងារ សម្ដេច ក៏តាមដានលទ្ធផល ផងដែរ។ ជាពិសេស នៅពេលដែលមានភាពមិនប្រក្រតី ក៏ដូចជាមានចំណុចខ្វះខាត ក្នុងការប្រកួតណាមួយ សម្ដេច តែងទំនាក់ទំនងផ្ដល់អនុសាសន៍ ដើម្បីដោះស្រាយបញ្ហាមានប្រសិទ្ធភាព។ នេះបើតាមការបញ្ជាក់ពីប្រធានសហព័ន្ធរូបនេះ ដោយលោកបានបន្តថា ថាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ គឺជាការផ្ដល់កម្លាំងចិត្តដល់អត្ដពលិកជាតិ ប្រឹងប្រែងហ្វឹកហាត់ ក៏ដូចជាសហព័ន្ធ ប្រឹងប្រឹងអភិវឌ្ឍសមត្ថភាពឲ្យកាន់តែខ្លាំងឡើងៗ៕