មូលហេតុនៅពីក្រោយការចាប់ខ្លួនលោកឌូទើតេ ដោយតុលាការ ICC
- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៣៨ នាទី យប់

អតីតប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី១៤ ខែមីនា (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់) បានចូលរួមសវនាការលើកដំបូងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) តាមប្រព័ន្ធវីដេអូ។ ចាប់តាំងពីលោក ឌូទើតេ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១១ ខែមីនា ដល់ដំណើរការជំនុំជម្រះក្តីក្នុងនៅថ្ងៃទី១៤ ខែមីនា ដំណើរការនីតិវិធីតុលាការទាំងមូលមានរយៈពេលត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ។

ការចាប់ខ្លួន និងដំណើរការជំនុំជម្រះក្តី លោក ឌូទើតេ លើកនេះ មានការកំណត់ពេលវេលាតកន្ទុយគ្នាឥតចន្លោះ ដែលខុសពីប្រក្រតី។ នៅថ្ងៃទី១១ ខែមីនា នៅពេលដែលលោក ឌូទើតេ បានទៅដល់ទីក្រុងម៉ានីល លោក ឌូទើតេ ត្រូវបានប៉ូលិសហ្វីលីពីនឃាត់ខ្លួន ហើយបញ្ជូនទៅហូឡង់នៅយប់ថ្ងៃដដែល។
លោក ឌូទើតេ បានមកដល់ទីក្រុងឡាអេ នៅថ្ងៃទី១២ ខែមីនា។ បន្ទាប់ពីពិនិត្យសុខភាពនៅថ្ងៃទី១៣ ខែមីនា លោក ឌូទើតេ ក៏ត្រូវបានឃុំខ្លួន។ ដំណើរការជំនុំជម្រះក្តី ចាប់ផ្តើមនៅថ្ងៃទី១៤ ខែមីនា។ ប្រសិទ្ធភាពរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិជាធម្មតាគឺមិនខ្លាំងទេ ប៉ុន្តែលើកនេះវាលឿនរហ័ស ដែលធ្វើឲ្យមានការសង្ស័យថា មានកម្លាំងជំរុញជាពិសេសនៅពីក្រោយ។
តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចោទប្រកាន់លោក ឌូទើតេ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក ឌូទើតេ ពេលកំពុងកាន់តំណែង។
មុនពេល លោក ឌូទើតេ ចូលកាន់តំណែង ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅហ្វីលីពីន បានកើនឡើងដល់ ៤លាននាក់ ដែលបញ្ហាគ្រឿងញៀនប្រៀបដូចជាទឹកជំនន់បាក់ទំនប់ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈ និងស្ថិរភាពសង្គម។

បន្ទាប់ពីលោក ឌូទើតេ ចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀន ដោយកណ្តាប់ដៃដែក ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនបានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ១,៦លាននាក់ ហើយសន្តិសុខសង្គមមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ លោក ឌូទើតេ ក៏បានក្លាយជាវីរបុរសប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបេះដូងប្រជាជនហ្វីលីពីន។
ប៉ុន្តែ ឥឡូវនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចាត់ទុកលោក ឌូទើតេ ជាឧក្រិដ្ឋជន ដោយសារការបាញ់សម្លាប់អ្នកជួញដូរគ្រឿងញៀនមួយចំនួនក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ចំពោះស្តង់ដារវិនិច្ឆ័យនេះ គឺពិតជាពិបាកនឹងឱ្យមហាជនយល់ស្របតាម។
តាមមាត្រា១២(១) នៃ《លក្ខន្តិកៈទីក្រុងរ៉ូម ស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ》 "ប្រទេសមួយដែលក្លាយជាភាគី នៃលក្ខន្តិកៈនេះ" គឺជាលក្ខខណ្ឌចាំបាច់ដែលត្រូវការជាមុន សម្រាប់ការអនុវត្តយុត្តាធិការរបស់ស្ថាប័ននេះ។ ប៉ុន្តែ ហ្វីលីពីន បានដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ បើនិយាយតាមហេតុផលផ្លូវច្បាប់ តុលាការព្រហ្មទណ្ឌអន្តរជាតិ គឺលែងមានយុត្តាធិការលើហ្វីលីពីនទៀតហើយ និងកាន់តែមិនមានសិទ្ធិអំណាចក្នុងការចាប់ខ្លួន និងកាត់ទោសលោក ឌូទើតេ ។
អ្នកវិភាគខ្លះយល់ឃើញថា ហ្វីលីពីន នឹងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ហើយក្រុមគ្រួសាររបស់អតីតប្រធានាធិបតី លោក ឌូទើតេ និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. គឺជាកម្លាំងនយោបាយដ៏ធំបំផុតពីរនៅហ្វីលីពីន។ នេះគឺជាមូលហេតុ ដែលរដ្ឋាភិបាលលោក Marcos Jr. ប្រើប្រាស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ធ្វើទុក្ខបុកម្នេញលោក ឌូទើតេ ដែលជាគូប្រជែងនយោបាយ ក្នុងគោលបំណងនយោបាយ។
ទោះបីជាលោកប្រធានាធិបតី Marcos Jr. បានសង្កត់ធ្ងន់ថា ការចាប់ខ្លួននេះ គឺធ្វើឡើងតាមនីតិវិធីច្បាប់ ប៉ុន្តែមានប្រតិកម្មយ៉ាងខ្លាំងក្លានៅក្នុងប្រទេសហ្វីលីពីនទាក់ទងនឹងបញ្ហានេះ។
តាមការចុះផ្សាយរបស់សារព័ត៌មាន ABS-CBN របស់ហ្វីលីពីននៅថ្ងៃទី១៧ ខែមីនា លោកស្រី Imee Marcos ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថា់ «ខ្ញុំកំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ចំពោះការចាប់ខ្លួនអតីតប្រធានាធិបតី លោក Duterte ដែលជាបញ្ហានាំឱ្យមានការបែកបាក់ប្រទេសយ៉ាងធ្ងន់ធ្ងរ»។
នៅល្ងាចថ្ងៃទី១១ ខែមីនា អនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌូទើតេ បានចេញសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន បានចាប់ខ្លួនឳពុកលោកស្រី គឺអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូទើតេ ដោយផ្អែកលើដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ទង្វើនេះ គឺជាការប្រមាថជាសាធារណៈ ចំពោះអធិបតេយ្យភាពប្រទេសហ្វីលីពីន។
តាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន អ្នកគាំទ្រលោក ឌូទើតេ បានធ្វើបាតុកម្មនៅក្នុងហ្វីលីពីននៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមីនា ដើម្បីទាមទារឱ្យធ្វើមាតុភូមិនិវត្តន៍លោក ឌូទើតេ មកហ្វីលីពីនវិញ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានប៉ាន់ប្រមាណថា ត្រឹមតែនៅទីក្រុង Davao មួយ គឺមានមនុស្សប្រហែល ៣ ម៉ឺននាក់បានចូលរួមក្នុងការហែក្បួនគាំទ្រលោក ឌូទើតេ កាលពីថ្ងៃទី១៦ ខែមីនានេះ។
វាពិតជាពិបាកនឹងនិយាយឱ្យបានច្បាស់លាស់អីពីល្បែងនយោបាយដ៏ស្មុគស្មាញ ដែលបានឆ្លុះបញ្ចាំងនៅពីក្រោយ ការចាប់ខ្លួន និងដំណើរការជំនុំជម្រះក្តីលោក ឌូទើតេ ក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃ។ សរុបសេចក្តីមក យើងសង្ឃឹមថា លោក ឌូទើតេ អាចទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ក្នុងការកសាងសណ្តាប់ធ្នាប់ នៃតុលាការអន្តរជាតិកាន់តែស្មើភាព និងយុត្តិធម៌៕
© រក្សាសិទ្ធិដោយ thmeythmey.com