ហេតុអ្វីមិន​បំពាក់​ផ្កាយមាស៥ជូនសម្តេច ស ខេង? សម្តេច ហ៊ុន សែន ពន្យល់
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:០០ នាទី ព្រឹក
ហេតុអ្វីមិន​បំពាក់​ផ្កាយមាស៥ជូនសម្តេច ស ខេង? សម្តេច ហ៊ុន សែន ពន្យល់

សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នាព្រឹកថ្ងៃទី២១ ខែមីនា នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់​ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ​ផ្កាយមាស​៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ទៀ បាញ់ និង​សម្តេច ម៉ែន សំអន។ ឥស្សរជន​ជាន់ខ្ពស់ទាំងពីរ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើង​ឋានន្តរសក្តិដ៏ខ្ពស់នេះ តាមរយៈព្រះរាជក្រឹត្យ​ចុះកាលពីថ្ងៃទី១៦ ខែមីនា។
TTN-Free-Banner-In-Article-PC


ក្នុងពិធីដែល​រៀបចំនៅវិមានសន្តិភាព សម្តេច ហ៊ុន សែន បាន​រំលឹកពីគុណសម្បត្តិផ្សេងក្នុងដំណើរ​ការ​កសាងប្រទេស ជាមួយ​នឹង​វត្តមាន​របស់សម្តេច ទៀ បាញ់ អតីតរដ្ឋមន្ត្រិក្រសួងការពារជាតិ និង​សម្តេច ម៉ែន សំអន អតីត​រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា។

ហេតុអ្វីគ្មាន​វត្តមាន​សម្តេច ស ខេង? សម្តេច​ ហ៊ុន សែន បានពន្យល់បន្ថែមថា សម្តេច​ ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតក្នុងក្របខណ្ឌស៊ីវិល។ ប្រមុខរដ្ឋក៏បាន​រំលឹកផងដែរថា កាលពីអំឡុង​ឆ្នាំ១៩៩៧-១៩៩៨ សម្តេច​ ស ខេង ចង់ត្រឹម​តែពាក់សក្តិ​៥ប៉ុណ្ណោះ។

«សូម​កុំមកព្យាយាម​បំបែកផ្ទៃក្នុងគណបក្ស​ប្រជាជនកម្ពុជា។ អ្នកឯងកាន់តែ​បំបែកខ្ញុំ អ្នកឯងកាន់តែបែកខ្លួនឯង»។ នេះជាការព្រមាន​របស់សម្តេច ហ៊ុន សែន។

គិតមកដល់ពេលនេះ ឥស្សរជន​៥រូបហើយ ដែលទទួលបានឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយ​មាស​៥ រួមមាន សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន, សម្តេច ហ៊ុន សែន, សម្តេច ទៀ បាញ់ និង​សម្តេច ម៉ែន សំអន។ បើតាមសម្តេច ហ៊ុន សែន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៤៕

 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ