លោក ត្រាំ​ ចេញបញ្ជាប្រតិបត្តិឱ្យលុបចោលក្រសួងអប់រំ
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៤៩ នាទី ព្រឹក
លោក ត្រាំ​ ចេញបញ្ជាប្រតិបត្តិឱ្យលុបចោលក្រសួងអប់រំ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិឱ្យចាប់ផ្តើមលុបចោលក្រសួងអប់រំ នៅថ្ងៃទី២០ ខែមីនា។ រូបភាព X_White House

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែមីនា បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដោយបញ្ជាឱ្យមន្រ្តីរបស់ខ្លួនចាប់ផ្តើមនីតិវិធីលុបចោលក្រសួងអប់រំ ដ្បិតចាយលុយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ យ៉ាងណាមិញ ការលុបក្រសួងអប់រំ មិនមែនជារឿងងាយស្រួលឡើយ ដ្បិតត្រូវឆ្លងកាត់ព្រឹទ្ធសភា។

TTN-Free-Banner-In-Article-PC

ដូចការសន្យានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយនៅថ្ងៃទី២០ ខែមីនា ដើម្បីចាប់ផ្តើមនីតិវិធីលុបចោលក្រសួងអប់រំ។ បើតាមលោក ត្រាំ ស្ថាប័នអប់រំ គួរតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ និងក្រុមប្រឹក្សានៅថ្នាក់តំបន់។ 

«យើងនឹងលុបចោលក្រសួងអប់រំ ហើយមនុស្សគ្រប់គ្នាគិតថា វាជារឿងត្រឹមត្រវ»។ លោក ត្រាំ បានបញ្ជាក់បែបនេះ នៅសេតវិមាន ដោយបន្តថា ក្រសួងអប់រំអាម៉េរិក ធ្វើមិនបានល្អឡើយ បើធៀបនឹងប្រព័ន្ធអប់រំពិភពលោក ស្របពេលអាម៉េរិក បានចំណាយកញ្ចប់លុយរាប់ពាន់លានដុល្លារ។​ 

ក្រសួងអប់រំអាម៉េរិក នៅក្នុងឆ្នាំ២០២៤​ មានកញ្ចប់ថវិកាចំនួន ២៦៨ពាន់លានដុល្លារ ពោលគឺស្មើនឹង៤ភាគរយនៃកញ្ចប់ថវិកាសហព័ន្ធ។ 

មុនពេលលោក ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ក្រសួងអប់រំអាម៉េរិក នៅថ្ងៃទី១១ ខែមីនា បានប្រកាសកាត់បន្ថយមន្រ្តីច្រើនជាង ១៣០០នាក់។ ទន្ទឹមនេះ មន្រ្តីលើសពី ៦០០នាក់ផ្សេងទៀត បានលាឈប់ដោយស្ម័គ្រចិត្ត ឬចូលនិវត្តន៍មុនពេលកំណត់។ ក្រសួងអប់រំអាម៉េរិក មានបុគ្គលិកប្រមាណ ៤១០០នាក់។ 

យ៉ាងណាមិញ ការបញ្ជារបស់លោក ត្រាំ មិនមែនជារឿងងាយស្រួលឡើយ ព្រោះអាចប្រឈមនឹងតុលាការ ហើយសភាថែមទៀត។ លោក Mitch McConnell​ សមាជិកព្រឹទ្ធសភាចេញពីបក្សសាធារណរដ្ឋ បានអះអាងថា បញ្ជាប្រតិបត្តិរបស់លោក ត្រាំ អាចនឹងត្រូវតុលាការជំទាស់ បើមិនដូចនោះទេ ក៏មិនអាចឆ្លងកាត់សភាបានដែរ ព្រោះបក្សសាធារណរដ្ឋមានសំឡេងមិនគ្រប់គ្រាន់។ 

ការរំលាយក្រសួងអប់រំ ត្រូវការសំឡេងគាំទ្ររហូតដល់ ៦០អាសនៈនៅក្នុងព្រឹទ្ធសភា។ ក្នុងពេលបច្ចុប្បន្ន សមាជិកបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាមានចំនួន ៥៣អាសនៈ, បក្សប្រជាធិបតេយ្យមានចំនួន ៤៥អាសនៈ និងបេក្ខជនឯករាជ្យមានចំនួន ២អាសនៈ។ បើទោះសមាជិកបក្សសាធារណរដ្ឋទាំងអស់ បោះឆ្នោតគាំទ្រ ក៏មិនគ្រប់គ្រាន់ដែរ លុះត្រាតែបក្សប្រជាធិបតេយ្យមួយចំនួន បោះឆ្នោតគាំទ្រ។ 

ក្នុងពិធីចុះហត្ថលេខានៅសេតវិមាន លោក ត្រាំ ទំនងទទួលស្គាល់ពីនីតិវិធីដ៏លំបាកមួយនេះ ហើយលោកពិតជាត្រូវការការគាំទ្រពីសមាជិកព្រឹទ្ធសភាចេញពីបក្សប្រជាធិបតេយ្យ។ 

បើសិនបើក្រសួងអប់រំអាចរំលាយមែន កម្មវិធីផ្តល់ជំនួយខ្លះទៅនិស្សិត និងគ្រួសារសិស្សក្រីក្រ នឹងមិនត្រូវលុបចោលឡើយ។ តាមមន្រ្តីសេតវិមានប្រាប់សារព័ត៌មាន CBS News នៅថ្ងៃទី១៩ ខែមីនា កម្មវិធីដែលមិនរងផលប៉ះពាល់មាន កម្មវិធីកម្ចីសិស្ស, កម្មវិធី Pell grants និងកម្មវិធី Title I។ 

សូមបញ្ជាក់ថា ក្រសួងអប់រំអាម៉េរិក ត្រូវទទួលបន្ទុកការលើការពិនិត្យសាលាសាធារណៈចំនួន ១០ម៉ឺនកន្លែង និងសាលាឯកជន៣៤០០០។ លើសពីនេះ ក្រសួងអប់រំ ក៏ជាស្ថាប័នក្នុងការត្រួតពិនិត្យលើកម្ចីរបស់សិស្សចំនួន ១,៦ទ្រីលានដុល្លារផងដែរ ដែលត្រូវបានខ្ចីដោយសិស្សអាម៉េរិកជាច្រើនលាននាក់៕ 


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ