ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា កើនសមាជិកជាង៥ម៉ឺននាក់ ជួយពង្រឹងវិស័យអប់រំ
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:១៩ នាទី រសៀល
ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា កើនសមាជិកជាង៥ម៉ឺននាក់ ជួយពង្រឹងវិស័យអប់រំ

ភ្នំពេញ៖ រយៈពេល៤ឆ្នាំ នៃការបង្កើតចលនាយុវជនស្ម័គ្រចិត្ត ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ក.យ.គ) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កើនសមាជិកបានជាង៥ម៉ឺននាក់ ដើម្បីអនុវត្តការងារស្ម័គ្រចិត្តផ្សេងៗក្នុងវិស័យអប់រំ និងពង្រឹងសមត្ថភាពក្នុងកម្រិតឧត្តមសិក្សា។

TTN-Free-Banner-In-Article-PC

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅថ្ងៃទី២១ ខែមីនា នៅសណ្ឋាគារហ្គាដិនស៊ីធីភ្នំពេញ លោក ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ក.យ.គ) លើកឡើងថា យុវជនស្ម័គ្រ ក.យ.គ រួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពជំរុញវិស័យអប់រំ និងកិច្ចការងារជាច្រើន។ 

ក្នុងនោះមានដូចជា ការចូលរួមរៀបចំកម្មវិធីសាទរកម្ពុជា កម្មវិធីកីឡា ការអនុវត្តសកម្មភាពសង្គមតាមគ្រឹះស្ថានឧត្តមសិក្សា និងសហគមន៍ ក៏ដូចជាការរៀបចំសិក្ខាសាលា បាឋកថានិងវគ្គបណ្ដុះបណ្ដាលជាច្រើននៅតាមគ្រឹះស្ថានឧត្តមសិក្សាផងដែរ។ សម្រាប់លោក ស​ សុខា យល់ថា ចលនាយុវជនស្ម័គ្រចិត្តតាមគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន ដើម្បីប្រមូលផ្ដុំ និងប្រែក្លាយកម្លាំងយុវជនឱ្យទៅជាសសរស្ដម្ភ និងជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ​ និងមានវឌ្ឍនភាពគ្រប់វិស័យ។ 

«ការពង្រីករចនាសម្ព័ន្ធរបស់ ក.យ.គ. ដោយបន្ថែមគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងបង្កើតក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនបន្ថែមទៀត ក្នុងន័យដើម្បីប្រមូលផ្ដុំ និងប្រែក្លាយកម្លាំងយុវជនឱ្យទៅជាសសរស្ដម្ភនិងជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ​មាតុភូមិនិងប្រជាជន រួមពូនជ្រុំកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ និងមានវឌ្ឍនភាពគ្រប់វិស័យ»។ នេះជាការលើកឡើងរបស់លោក ស សុខា។

ជាមួយគ្នានេះ លោក ស សុខា ក៏ជំរុញដល់យុវជន ជាសមាជិក ក.យ.គ. ឱ្យបង្កើនការសិក្សាស្វែងយល់ជំនាញ STEAM ដែលជាតម្រូវការទីផ្សារការងារក្នុងសម័យឌីជីថល និងនាំគ្នាពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ បច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍន៍សង្គមក្នុងសម័យបច្ចេកវិទ្យា។

សូមជម្រាបថា សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសម្រេចបាន ចំណុចខ្លាំង បញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥របស់ ក.យ.គ. ដែលមានការចូលរួមពីសមាជិកជាង៥០០នាក់៕


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ