- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

ដោយ៖ម៉ម ពិសី (RFI ខេមរភាសា)
កងទ័ពអ៊ុយក្រែនបានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០មីនា គេបានបញ្ជូនដ្រូនទៅវាយប្រហារ នៅឯមូលដ្ឋានទ័ពអាកាស Engels របស់រុស្ស៊ី។ មិនទាន់មានការបញ្ជាក់ណាមួយ ពីអាជ្ញាធររុស្ស៊ីទេ ស្តីពីទំហំនៃការខូចខាតទេ តែបើផ្អែកតាមវីដេអូដែលគេថតបាន គេឃើញកម្លាំងផ្ទុះបានបង្កជាអគ្គីភ័យឆេះយ៉ាងសន្ធោសន្ធៅ។ អ៊ុយក្រែនអះអាងថា គឺមូលដ្ឋាននេះហើយ ដែលរុស្ស៊ីបញ្ជាយន្តហោះចម្បាំងធំ មកទម្លាក់គ្រាប់សម្លាប់អាយុជីវិតប្រជាជនអ៊ុយក្រែន។

មូលដ្ឋានទ័ពអាកាស Engels របស់រុស្ស៊ី ដែលស្ថិតនៅចម្ងាយប្រមាណ៧០០គីឡូម៉ែត្រ ពីសមរភូមិអ៊ុយក្រែន បានរងនូវការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០មីនា។ វីដេអូ ដែលទីភ្នាក់ងារព័ត៌មាន Reuters បានផ្ទៀងផ្ទាត់ បានបង្ហាញឲ្យឃើញកម្លាំងផ្ទុះដ៏ខ្លាំងក្លា បង្កការខូចខាតផ្ទះសម្បែងប្រជាជនស្ថិតនៅក្បែរមូលដ្ឋាននេះ។ វីដេអូមួយទៀត បង្ហាញឲ្យឃើញភ្លើងឆេះសន្ធោសន្ធៅខ្ពស់ឡើងទៅលើ។ ក្រសួងការពារជាតិអ៊ុយក្រែន បានដឹងថា កម្លាំងខ្លួនបានបើកការវាយប្រហារទៅលើប្រលានយន្តហោះយោធា ហើយបានបំផ្ទុះទីតាំងស្តុកគ្រាប់នៃមូលដ្ឋាននេះថែមទៀត។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសដំណឹងថា ប្រព័ន្ធការពារផ្លូវអាកាសរុស្ស៊ីបានកម្ទេចដ្រូនអ៊ុយក្រែន ចំនួន១៣២គ្រឿង ដែលហោះចូលប៉ុនប៉ងវាយប្រហារក្នុងទឹកដីរុស្ស៊ី។ ដោយឡែកអាជ្ញាធរតំបន់ Saratov របស់រុស្ស៊ី បានឲ្យដឹងថា ពិតជាមានការវាយប្រហារដោយយានដ្រូន ទៅលើទីក្រុង Engels និងបានបង្កឲ្យមានអគ្គីភ័យឆាបឆេះ នៅប្រលានយន្តហោះ ហើយតម្រូវឲ្យអាជ្ញាធរជម្លៀសប្រជាជនចេញពីតំបន់ជុំវិញនេះ។ មនុស្សយ៉ាងហោង១០នាក់បានរងរបួស និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នេះបើផ្អែកតាមរបស់បណ្តាញទូរទស្សន៍រុស្ស៊ី។ដោយឡែក ទីភ្នាក់ងារព័ត៌មានReuters នៅមិនទាន់អាចបញ្ជាក់បានទេ អំពីទំហំខូចខាតជាក់ស្តែង នៅក្នុងមូលដ្ឋានទ័ពអាកាស Engels ដោយសារតែអាជ្ញាធររុស្ស៊ី មិនផ្តល់ព័ត៌មានអ្វីទាំងអស។
សូមរំលឹកថា មូលដ្ឋានទ័ពអាកាស Engels ស្ថិតនៅមាត់ទន្លេវុលហ្កា ត្រូវបានសាងសង់ឡើង តាំងតែពីសម័យសហភាពសូវៀត។ មូលដ្ឋាននេះ គឺជាទីតាំងទុកយន្តហោះចម្បាំងយុទ្ធសាស្ត្រ Tupolev Tu-160 របស់រុស្ស៊ី ដែលអាចមានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ។ អ៊ុយក្រែនអះអាងថា គឺចេញមូលដ្ឋានអាកាសនេះហើយ ដែលរុស្ស៊ីបញ្ជាយន្តហោះទៅទម្លាក់គ្រាប់បែក សម្លាប់ប្រជាជនអ៊ុយក្រែន។
គួរកត់សំគាល់ថា បន្ទាប់ពីលោកពូទីនយល់ព្រមជាមួយលោកដូណាល់ ត្រាំ ថាសុខចិត្តផ្អាកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន តែកងទ័ពរុស្ស៊ីនៅតែបន្តវាយប្រហារជាទូទៅ នៅក្នុងទឹកដីអ៊ុយក្រែនដដែល។ ជាក់ស្តែងកាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ អ៊ុយក្រែនអះអាងថា រុស្ស៊ីបានបញ្ជាដ្រូនចំនួន១៧១គ្រឿង មកវាយប្រហារអ៊ុយក្រែន។
នៅថ្ងៃព្រសហ្បតិ៍ លោកហ្សេឡេនស្គី បានចូលរួមថ្លែងសារតាមវីដេអូ ពីទីក្រុងអូស្លូប្រទេសន័រវែស នៅក្នុងជំនួបកំពូលប្រទេសសមាជិកអឺរ៉ុបទាំង២៧។ នៅក្នុងសារនោះ លោកប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា អឺរ៉ុបត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត មិនត្រូវចាញ់ល្បិចស្នៀតរបស់ពូទីនជាដាច់ខាត។ ប្រឈមនឹងការទាមទាររបស់លោកពូទីន ថាឲ្យប្រទេសលោកខាងលិចត្រូវឈប់ផ្តល់អាវុធឲ្យអ៊ុយក្រែននោះ លោកហ្សេឡេនស្គីបានអំពាវនាវទៅកាន់ប្រទេសអឺរ៉ុបថា ត្រូវតែបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី រហូតទាល់ចោរឈ្លានពានរុស្ស៊ី ដកទ័ពចេញឲ្យអស់ពីទឹកដីអ៊ុយក្រែន៕