ប្រើ WiFi ​ឥតគិតថ្លៃ ពេលទៅទស្សនា សមរាត្រី
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៣០ នាទី រសៀល
ប្រើ WiFi ​ឥតគិតថ្លៃ ពេលទៅទស្សនា សមរាត្រី
លោក សុខ សីហា កំពុងត្រួតពិនិត្យក្រុមការងាររៀបចំដំឡើងឧបករណ៍សេវាអ៉ិនធឺណិតនៅប្រាសាទអង្គរវត្ត។ រូបភាព៖ លោក សុខ សីហា

សៀមរាប៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសផ្តល់ជូនសេវាអ៊ិនធឺណិត ឬ WiFi ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា សម្រាប់សាធារណជនដែលទៅទស្សនា ព្រឹត្តិការណ៍សមរាត្រី។

TTN-Free-Banner-In-Article-PC

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានបង្ហោះក្នុងបណ្ដាញសង្គម ហ្វេសប៊ុករបស់លោក ដោយលើកឡើងពីភាពអស្ចារ្យនៃព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្ត។ ដើម្បីអបអរព្រឹត្តិការណ៍នេះ ក្រសួងបានផ្តល់ជូនសេវាអ៊ិនធឺណិត ឱ្យសាធារណជនប្រើប្រាស់ ដោយឥតគិតថ្លៃ នៅតាមទីតាំងមួយចំនួននៅតំបន់អង្គរ ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀត​ក្នុងខេត្តសៀមរាប។ 

ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប លោក សុខ សីហា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗបន្ថែមថា ក្រុមការងាររបស់ក្រសួងបានដំឡើងឧបករណ៍៦ទីតាំង ក្នុងបរិវេណប្រាសាទអង្គរវត្ត នៅថ្ងៃទី២០ ខែមីនា។ ​ដោយឃើញថា នៅថ្ងៃទី២១ ខែមីនានេះ មានអ្នកទេសចរយ៉ាងច្រើនកុះករ មកទស្សនាព្រឹត្តិការណ៍សមរាត្រី ក្រសួងប្រៃសណីយ៍ បាន​ដំឡើងឧបករណ៍ភ្ជាប់ WiFi ៤ ទីតាំងបន្ថែមទៀត សរុបចំនួន១០កន្លែង​។ ការបន្ថែមទីតាំងភ្ជាប់អ៊ីនធឺណិតសាធារណៈនេះ គឺដើម្បីសម្រួលដល់សាធារណជន ពិសេសភ្ញៀវទេសចរ ដែលចូលចិត្តផ្តិតរូបភាព និងវីដេអូ ក្នុងព្រឹត្តិការណ៍សមរាត្រី អាចបង្ហោះភ្លាមៗនៅនឹងកន្លែង។ 



សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដំឡើងសេវាអ៊ិនធឺណិតនៅតំបន់អង្គរ និងក្រុងសៀមរាប សរុប១៦ទីតាំង ដោយដាក់ជាអចិន្រ្តៃយ៍ ចាប់ពីឆ្នាំ​២០២៣មក ក្នុងន័យសម្រួលសេវាអ៊ិនធឺណិតដល់ភ្ញៀវទេសចរ អំឡុងពេលមកកម្សាន្តនៅខេត្តសៀមរាប។

សាធារណជនជាតិ និងអន្តរជាតិ អាចស្វែងរកសេវា Public Wifi by MPTC តាមរយៈ https://mptc.gov.kh/public-wifi/  ឬស្កេន QR Code ដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ការប្រើប្រាស់នេះ៕


 


អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី