សម្តេច ហ៊ុន សែន៖ មានទៀ បាញ់ ម្នាក់ ប្រៀបដូចជាកងទ័ពមួយកងពលនៅ​ក្បែរ
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
សម្តេច ហ៊ុន សែន៖ មានទៀ បាញ់ ម្នាក់ ប្រៀបដូចជាកងទ័ពមួយកងពលនៅ​ក្បែរ

ស្គាល់គ្នា​ដំបូង​កាលពីខែមករា ឆ្នាំ​១៩៧៩ សម្តេច ទៀ បាញ់ ឈ្មោះកំណើត ទៀ សង្វាន ក្លាយជាអ្នក​រួម​ដំណើរ​ដ៏ស្មោះស្ម័គ្រ​ម្នាក់របស់សម្តេច ហ៊ុន សែន ទាំងផ្នែកនយោបាយ ទាំង​ការងារកងទ័ព។ ក្នុងអណត្តិ​នាយករដ្ឋមន្ត្រី​ជាង​៣៨​ឆ្នាំ​របស់​សម្តេច ហ៊ុន សែន សម្តេច ទៀ បាញ់ ក៏បាន​បំពេញការងារ​ជារដ្ឋមន្ត្រីការពារជាតិ​៣៥​ឆ្នាំ​ផងដែរ។

TTN-Free-Banner-In-Article-PC

នាពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន នៅវិមាន​សន្តិភាព កាលពីព្រឹក​ថ្ងៃទី​២១ ខែមីនា សម្តេច ហ៊ុន សែន ក្នុងឋានៈជាប្រមុខ​រដ្ឋស្តីទី បាន​រំលឹក​អំពីគុណ​បំណាច់​របស់ឥស្សរជន​ជាន់ខ្ពស់ទាំងពីរ​ដែលបានរួម​ដំណើរជាមួយ​សម្តេចក្នុងការ​កសាងជាតិ។

សម្តេច ហ៊ុន សែន បាន​រៀបរាប់អំពី​ដំណើរ​ការនៃ​ទំនាក់ទំនង​រវាងសម្តេច និង​សម្តេច ទៀ បាញ់ ដោយ​ចាប់ផ្តើមពីជំនួប​នៅទូតឆេកូ (ឬផ្ទះ១០០) ដែល​បច្ចុប្បន្នជាទីស្នាក់ការសហភាពអឺរ៉ុប​ប្រចាំកម្ពុជា។ ជានាយអគ្គ​សេនាធិការរង បន្ទាប់មកជារដ្ឋមន្ត្រីក្រសួងសាធារណការ ដឹកជញ្ជូន និង​ប្រៃសណីយ៍ សម្តេច​ ទៀ បាញ់ បាន​កាន់តំណែងជា​រដ្ឋមន្ត្រីក្រសួងការពារជាតិ ចាប់ពីឆ្នាំ១៩៨៧ ដល់ឆ្នាំ២០២៣។

សម្តេច ហ៊ុន សែន បាន​រំលឹកពីភាពមិន​ចុះសម្រុងគ្នា​រវាង​ លោក កុយ ប៊ុនថា រដ្ឋមន្ត្រីការពារជាតិ និង​លោក គង់ គាំ រដ្ឋមន្ត្រី​ការបរទេស នាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលធ្វើសម្តេច​ត្រូវ​ដោះដូររដ្ឋមន្ត្រីទាំងពីរ។ លោក កុយ ប៊ុនថា ត្រូវផ្ទេរទៅជារដ្ឋមន្ត្រីក្រសួងសង្គម​កិច្ច ហើយតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបាន​ដាក់ជំនួសដោយសម្តេច ទៀ បាញ់ រីឯ លោក គង់ គាំ ទៅធ្វើជារដ្ឋមន្ត្រី​ក្រសួងត្រួតពិនិត្យ​កិច្ច​ការរដ្ឋ ដោយសម្តេច ហ៊ុន សែន កាន់ក្រសួងការបរទេសដោយផ្ទាល់។

«ទាហាន​មិនមែន​ត្រូវ​ការ​ឈាម​ទាហាន​១០០ភាគរយ ទាហាន​ត្រូវការឈាម​៥០ភាគរយជាឈាមទាហាន និង​៥០ភាគរយជាឈាមនយោបាយ»។ សម្តេច ហ៊ុន សែន បាន​លើកឡើង​យ៉ាងដូច្នេះ ដោយបញ្ជាក់ថា កិច្ចការដំបូងដែលសម្តេចប្រគល់ជូនសម្តេច ទៀ បាញ់ នោះ គឺ​ការរិះរក​វិធីធ្វើ​អព្យាក្រឹតតូបនីយកម្ម​កង​កម្លាំងប្រដាប់អាវុធ និងរដ្ឋបាល​ថៃ។

ត្រង់ន័យនេះ គឺមិនមែន​សំដៅ​ដល់​ការ​វាយ​ប្រហារលើភាគីថៃនោះឡើយ ប៉ុន្តែជាការជំរុញកុំឱ្យ​ប្រទេសជិត​ខាងមួយនេះ រួមជាមួយកម្លាំងត្រីភាគី ជាពិសេសការគាំទ្រ​ក្រុមក្រហម។ សម្តេច ហ៊ុន សែន បាន​លើកឡើងថា សម្តេច​ ទៀ បាញ់ ដែល​ចេះភាសាថៃ ស្ទាត់ជំនាញនោះ បាន​បំពេញ​បេសកកម្មប្រកបដោយជោគជ័យ ដែល​ក្រោយមកនាំឱ្យមានទស្សនកិច្ច​របស់សម្តេចនៅថៃ នា​ឆ្នាំ​១៩៨៨។

«នៅពេលណា​ដែលមាន​សភាពការណ៍កើតឡើង ខ្ញុំហាក់ដូចជាមាននិស្ស័យមួយពីធម្មជាតិ ហើយដែលទេវតា បានចារថា ត្រូវ​មាន​រដ្ឋមន្ត្រី​ការពារជាតិមួយនេះ»។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងយ៉ាងដូច្នេះ ចំពោះសម្តេច ទៀ បាញ់។

ប្រមុខរដ្ឋស្តីទី បាន​បន្ថែមថា រាល់ពេលមាន​សភាពការណ៍ពិបាកៗ គឺ​តែងតែមាន​វត្តមាន​របស់សម្តេច ទៀ បាញ់។ «មាន​ ទៀ បាញ់ ម្នាក់ ប្រៀបដូចជាមានកងទ័ព មួយ​កងពល​នៅ​ក្បែរ។ នេះគឺជាវិញ្ញាណពិត​របស់ខ្ញុំ»។ 

សម្តេច ហ៊ុន សែន ក៏បាន​លើកឡើងផងដែរពីតួនាទីដ៏សំខាន់​របស់សម្តេច ទៀ បាញ់ ក្នុងការ​សម្រេចបាននយោបាយឈ្នះ-ឈ្នះ។ សម្តេច​បាន​រំលឹកពី​ភាពឈ្លាស​វៃរបស់អតីតរដ្ឋមន្ត្រីការពារជាតិ លើការវិភាគសភាពការណ៍ ជាក់ស្តែង ហេតុការណ៍នៅប៉ៃលិន ដែលព័ត៌មានចារកម្ម​លើកឡើងពី​ការឃុំឃិតគ្នា​រវាង​លោក អ៊ី ឈាន និង​តាម៉ុក ប៉ុន្តែសម្តេច ទៀ បាញ់ បង្ហាញជំនឿជឿជាក់​លើ​លោក អ៊ី ឈាន ដោយមិនលង់តាមព័ត៌មានចារកម្មឡើយ។

 ចំពោះសម្តេច ម៉ែន សំអន វិញ សម្តេច ហ៊ុន សែន បានអះអាងថា បានស្គាល់គ្នា​តាំងពីចុង​ឆ្នាំ១៩៧៧មក។ សម្តេច ហ៊ុន សែន គូសបញ្ជាក់ថា សម្តេច ម៉ែន សំអន បាន​ផ្សារភ្ជាប់ជាហូរហែ​តាមរយៈការ​កសាងកម្លាំង​កងទ័ព និង​កម្លាំងក្នុងជួរបក្ស៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម