- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី យប់

ដោយ៖ ម៉ម ពិសី (RFI ខេមរភាសា)
ផ្អែកតាមក្រសួងការបរទេសកាណាដា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺអាជ្ញាធរចិនបានប្រហារជីវិតអ្នកទោសជនជាតិកាណាដា ចំនួន៤នាក់។ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា បានលើកឡើងកាលពីថ្ងៃទី១៩មីនា ថាភាគីចិនបានធ្វើមិនដឹងមិនឮ ចំពោះការទទូចសុំពីសំណាក់កាណាដា ដែលស្នើឲ្យចិនផ្តល់ការសណ្តោសមេត្តា កុំប្រហារជីវិតជនជាតិកាណាដា។ ប្រតិកម្មទៅនឹងការលើកឡើងនេះ ក្រសួងការបរទេសចិនបានអះអាងថា ការប្រហារជីវិតអ្នកទោសជនជាតិកាណាដា វាគឺជាការអនុវត្តដ៍ត្រឹមត្រូវ តាមច្បាប់របស់ចិន។
នៅក្នុងសន្និសីទកាសែតមួយ ថ្ងៃទី១៩មីនា លោកស្រី Melanie Joly រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា បានថ្លែងថា កាណាដាសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការប្រហារជីវិតជនជាតិកាណាដាចំនួន៤នាក់ ផ្ទួនៗគ្នា ដែលធ្វើឡើងដោយអាជ្ញាធរចិន នាប៉ុន្មានសប្តាហ៍កន្លងមកនេះ។ លោកស្រីប្រមុខការទូតកាណាដា បានបន្ថែមថា កាណាដា បានទទូចសុំជាច្រើនលើកទៅកាន់ភាគីចិន សូមឲ្យចិនមេត្តាសណ្តោសកុំប្រហារជីវិត តែភាគីចិនបានធ្វើមិនដឹងមិនឮចំពោះការសំណូមពរនេះ។
ឆ្លើយទៅនឹងសំណួរអ្នកកាសែត នៅព្រឹកថ្ងៃទី២០មីនា លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មពាក់ព័ន្ធជាមួយគ្រឿងញៀន វាគឺជាការទទួលខុសត្រូវរួមគ្នារវាងគ្រប់ប្រទេសទាំងអស់។ លោកស្រីបន្ថែមថា ចិនគឺជានីតិរដ្ឋ ហើយមានចំណាត់ការស្មើភាពគ្នា ចំពោះអ្នកទោសគ្រប់សញ្ជាតិទាំងអស់។ លោកស្រីម៉ៅ នីងបានបន្ថែមថា ការប្រហារជីវិតអ្នកទោសមិនថាជនជាតិកាណាដា ឬជនជាតិណា វាគឺជាការអនុវត្តដ៏ត្រឹមត្រូវ ទៅតាមច្បាប់ជាធរមានរបស់ចិន។ ដូច្នេះ កាណាដាគួរតែគោរពគោលការណ៍នីតិរដ្ឋរបស់ចិន ហើយឈប់មកលូកដៃចូលក្នុងអធិបតេយ្យភាពនៃប្រព័ន្ធតុលាការចិន។
សូមបញ្ជាក់ថា ថ្មីៗនេះ ស្ថានទូតចិនប្រចាំនៅអូតាវ៉ាបានផ្ញើលិខិតប្រកាសមួយ ទៅកាន់បណ្តាញសារព័ត៌មានកាណាដា គឺកាសែត Globe និង Mail ដោយបានបញ្ជាក់ អ្នកទោសជនជាតិកាណាដា ត្រូវជាប់ទោសប្រហារជីវិត ពីបទឧក្រិដ្ឋជួញដូរគ្រឿងញៀន។ លិខិតនេះលើកឡើងថា បទឧក្រិដ្ឋគ្រឿងញៀន គឺជាបទល្មើសដ៏ធ្ងន់ធ្ងរក្នុងពិភពលោក ព្រោះវាជះឥទ្ធិពលអាក្រក់ខ្លាំងណាស់មកលើសង្គម។ លិខិតនេះបន្ថែមទៀតថា ចិនដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះបទឧក្រិដ្ឋគ្រឿងញៀន ហើយតែងតែប្រកាន់គោលជំហរ មិនអត់ឱនសណ្តោសប្រណីជាដាច់ខាត ចំពោះឧក្រិដ្ឋកម្មប្រភេទនេះ។
គួរបញ្ជាក់ដែរថា ពុំមានតួលេខផ្លូវការណាមួយទេ ស្តីពីការប្រហារជីវិតអ្នកទោសនៅចិន ដោយសារតែចិនចាត់ទុកស្ថិតិនៃការប្រហារជីវិតអ្នកទោស ជារឿងសម្ងាត់របស់ជាតិ។ តែយ៉ាងណា ផ្អែកតាមអង្គការសិទ្ធិមនុស្សជាច្រើន ដូចជា Amnesty International ជាដើម គឺចិនជាប្រទេសមួយដែលប្រហារជីវិតអ្នកទោសច្រើនជាងគេបង្អស់ក្នុងពិភពលោក ពោលគឺអាចច្រើនពាន់នាក់ ក្នុងមួយឆ្នាំៗ។ អង្គការសិទ្ធិមនុស្ស តែងបរិហាររិះគន់ អំពីកង្វះតម្លាភាពរបស់អាជ្ញាធរចិន ទាក់ទិននឹងការប្រហារជីវិតមនុស្ស ដែលអាចជាឧក្រិដ្ឋជនធម្មតាផង និងខ្លះអាចជាអ្នកទោសនយោបាយ ឬអ្នកប្រឆាំងនឹងបក្សកុម្មុយនីស្តចិនជាដើម។
សូមរំលឹកដែរថា ទំនាក់ទំងងរវាងចិននិងកាណាដា បានល្អក់កករខ្លាំង ចាប់តាំងពីឆ្នាំ២០១៨មក នៅពេល អាជ្ញាធរកាណាដា បានចាប់ខ្លួនលោកស្រី Meng Wenzhou អ្នកទទួលបន្ទុកហិរញ្ញវត្ថុនៃក្រុមហ៊ុនHuawei។ ចិនបានសងសឹកវិញ ដោយបានចាប់អ្នកជំនួញជនជាតិកាណាដា២នាក់។ ថ្វីបើអ្នកទាំង៣នាក់នេះ ត្រូវបានដោះលែងវិញហើយ តែមកទល់ពេលនេះ ភាពតានតឹងការទូតនៅតែមានរវាង ចិននិងកាណាដា។ ចិនចោទកាណាដាថាដើរតាមនយោបាយការទូតអាមេរិកដែលប្រឆាំងចិន ចំណែកកាណាដាវិញ ចោទចិនថាចូលជ្រៀតលបលួចប្រមូលព័ត៌មាន និងប្រើឥទ្ធិពលលើសង្គមនិងនយោបាយកាណាដា៕
