- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:២៤ នាទី ល្ងាច

សម្តេច ហ៊ុន ម៉ាណែត បានបំភ្លឺការយល់ច្រឡំរបស់មានសារព័ត៌មាន និងសាធារណជនមួយចំនួនវិញរយៈពេលសិក្សា ដើម្បីទទួលបាន«វេជ្ជបណ្ឌិតឯកទេស (DES)» ដែលថា សម្តេច សម្រេចឱ្យប្រើរូបមន្តរៀនត្រឹមតែ៦ឆ្នាំ កុំឱ្យរៀន៨ឆ្នាំនោះ។ រឿងហ្នឹងខុសហើយ! សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ដូច្នេះនៅក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២១ ខែមីនា។
មុននឹងបកស្រាយពីករណីរៀន ៦ ឬ៨ឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាល បានពន្យល់ឡើងវិញ ពីរយៈពេលនៃការសិក្សារបស់វេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេស និងការកែទម្រង់មួយចំនួន ក្នុងក្របខណ្ឌសិក្សាធ្វើជាវេជ្ជបណ្ឌិត នៅក្នុងប្រទេសកម្ពុជា។
ពីមុន សម្រាប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅ (General) គឺតម្រូវឱ្យនិស្សិតរៀនរយៈពេល ៨ឆ្នាំ ដោយក្នុងនោះ ៦ឆ្នាំ គឺសិក្សាទ្រឹស្តី និងពិសោធន៍សុទ្ធសាធនៅក្នុងថ្នាក់រៀន និង២ឆ្នាំទៀត គឺជាឆ្នាំដែលនិស្សិតរៀនផង និងចុះធ្វើកម្មសិក្សាផ្ទាល់នៅតាមបណ្តាមូលដ្ឋានសុខាភិបាលផង។ ចំណែកឯ វេជ្ជបណ្ឌិតឯកទេ (DES) គឺនិស្សិតដែលបញ្ចប់ការសិក្សា ៨ឆ្នាំ (ទាំងរៀន និងកម្មសិក្សា) ហើយគឺត្រូវប្រឡងដើម្បីរៀនយកឯកទេស រយៈពេល៤ឆ្នាំបន្ថែម។ បញ្ចប់ការសិក្សារយៈពេល១២ឆ្នាំនេះ គឺពួកគេនឹងទទួលបានសញ្ញាបត្រ២ គឺវេជ្ជបណ្ឌិតទូទៅផង និងវេជ្ជបណ្ឌិតឯកទេសផង។
ប៉ុន្តែក្រោយមក ក៏មានការផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតដែលចង់រៀនយកវេជ្ជបណ្ឌិត មកត្រឹមតែ ១០ឆ្នាំប៉ុណ្ណោះ។ មានន័យថា ពួកគាត់មិនបាច់ឆ្លងកាត់ការសិក្សា ២ឆ្នាំ ដែលរៀនក្នុងថ្នាក់ផង និងចុះកម្មសិក្សាផងនោះទេ។
បញ្ហាគឺនៅត្រង់នេះ! ដោយក្រសួងសុខាភិបាល បានវាយតម្លៃឃើញថា រវាងជំនាន់ពេទ្យឯកទេសដែលរៀនរយៈពេល ១២ឆ្នាំ និងអ្នករៀនត្រឹម១០ឆ្នាំ គឺវេជ្ជបណ្ឌិតដែលរៀន ១០ឆ្នាំ ខ្វះពិសោធន៍ និងមូលដ្ឋាននៃការវាយតម្លៃរោគសញ្ញាជំងឺទូទៅ។
សម្តេច ហ៊ុន ម៉ាណែត ពន្យល់យ៉ាងលម្អិតត្រង់ចំណុចនេះដូច្នេះ ៖ «២ឆ្នាំចុងក្រោយនេះ គឺគេហៅថាឆ្នាំ Intern។ ឆ្នាំចុះស្តារ (កម្មសិក្សា) ដែលភាគច្រើនសម្រាប់វេជ្ជបណ្ឌិតទូទៅ។ រៀន៦ឆ្នាំនេះ គាត់ទៅចុះស្តារនៅពេទ្យ បូកជាមួយរៀន(នៅ)ថ្នាក់មួយចំនួន នៅសាលា។ អ៊ីចឹគេហៅឆ្នាំ Intern (កម្មសិក្សា)។ អ៊ីចឹក៏មានការគិតគូរមួយចំនួន បើថាគាត់ទៅរៀន(យក) ឯកទេស គាត់មិនបាច់រៀន ២ឆ្នាំនេះទេ។ គាត់អាចរៀន៦ឆ្នាំហើយ គាត់ប្រឡងទៅរៀនឯកទេស រៀន៤ឆ្នាំ។ សរុបទៅ១០ឆ្នាំ។ មិនមែន ៦ឆ្នាំទេ។»។ ដោយពិនិត្យ វាយតម្លៃទៅ ឃើញថាអ្នកដែលរៀន១០ឆ្នាំ និង១២ឆ្នាំនេះ គឺអ្នក១០ឆ្នាំ គាត់ខ្វះ ខ្វះបទពិសោធន៍ វាយតម្លៃទូទៅ! ព្រោះ២ឆ្នាំចុងក្រោយនេះ គឺ Intern ចុះទៅពេទ្យតែម្តង មើលពិនិត្យជំងឺ វាយតម្លៃតែម្តង មុននឹងបានជា Doctor ទូទៅ។ អ៊ីចឹង គាត់មានមូលដ្ឋានវិភាគ ហើយជំងឺជំនាញក៏ដោយ បើគាត់វាយតម្លៃ រោគសញ្ញា មុនដំបូង មិនអាចវាយតម្លៃជាជំងឺជំនាញរបស់គាត់ទេ។ គាត់វាយតម្លៃទូទៅសិន។ លើកលែងតែ(អ្នកជំងឺ) បានវាយតម្លៃនៅពេទ្យឯកទេស ថាជំងឺក្រពះ បានគេមកពេទ្យក្រពះ។ តែអ្នក(ជំងឺ) ខ្លះ គាត់ទៅរកពេទ្យក្រពះតែម្តង អ៊ីចឹងគាត់វាយតម្លៃ គឺនៅខ្សោយកន្លែងហ្នឹង។»។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសួរយោបល់សម្តេច ហ៊ុន ម៉ាណែត និងបានលើកគំនិតចង់យកកម្មវិធីសិក្សារយៈពេល១២ឆ្នាំមកដំណើរការសម្រាប់វេជ្ជបណ្ឌិតឯកទេស។
ប្រមុខរាជរដ្ឋាភិបាល បានយកវេទិកា ដែលសម្តេចធ្វើជាអធិបតីបិទសន្និបាតការងារឆ្នាំ២០២៤ និងលើកទិសដៅការងាឆ្នាំ ២០២៥ របស់ក្រសួងមុខងារសាធារណៈ ប្រកាសពីយោបល់របស់ខ្លួន ជុំវិញជម្រើសរយៈពេលនៃការសិក្សាសម្រាប់វេជ្ជបណ្ឌិតឯកទេស។
ពីពិធីនោះ សម្តេច នាយករដ្ឋមន្ត្រី បានផ្តល់យោបល់ទៅក្រសួង និងអ្នកពាក់ព័ន្ធ ពិចារណាលើជម្រើស បន្ថែមម៉ោងសិក្សាសម្រាប់មុខវិជ្ជា ឬជំនាញសំខាន់ៗ នៅក្នុងរយៈពេល២ឆ្នាំ(ឆ្នាំIntern) ដែលត្រូវបានផ្លោះនោះ បញ្ចូលទៅក្នុងមុខវិជ្ជារៀន នៃរយៈពេល៤ ឆ្នាំ ដែលនិស្សិតត្រូវរៀនយកវេជ្ជបណ្ឌិតឯកទេសតែម្តង។ ការធ្វើបែបនេះ ដើម្បីកុំឱ្យេពួកគេចំណាយពេលវេលាសិក្សាយូរ និងចំណាយថវិកាបន្ថែមផង។ ប៉ុន្តែការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ ខែមីនា ធ្វើឱ្យសារព័ត៌មាន និងសាធារណជនមួយចំនួន យល់ច្រឡំ ថាសម្តេច អនុម័ត ឱ្យប្រើរូបមន្តសិក្សាសម្រាប់វេជ្ជបណ្ឌិតមកត្រឹម៦ឆ្នាំ។
«ខ្ញុំបានប្រាប់ កុំអាល់យកជម្រើសហ្នឹង ជាជម្រើសងាប់ក្រឡាតែមួយ។ ខ្ញុំសុំឱ្យពិចារណារជម្រើសផ្សេងទៀត។ ខ្ញុំក៏បានឱ្យយោបល់យកទៅពិចារណា មិនមែនបទបញ្ជាទេ! យកយោបល់ទៅពិចារណា ថាឥឡូវគួរតែមាន ព្រោះនិស្សិតឥឡូវគាត់មានជម្រើស២។ មិនមែនបាត់មួយទេ។ បានន័យថា ពីមុនមានតែមួយទេ រៀន៨ឆ្នាំហើយ បានចប់៨ឆ្នាំ ទៅរៀនឯកទេស។ ឥឡូវគាត់មានជម្រើស២ អ្នកណាចង់ទៅរៀនយកវេជ្ជបណ្ឌិតទូទៅ (រៀន) ៨ឆ្នាំហើយ ចប់! ហើយទៅរៀនឯកទេសក៏បាន។ អ្នកខ្លះ គឺអត់ចាំបាច់ទៅរៀនយកវេជ្ជបណ្ឌិតទូទៅ៦ឆ្នាំ មិនបាច់រៀន៨ឆ្នាំ។ តែអត់បានវេជ្ជបណ្ឌិតទូទៅទេ! គាត់ទៅយកឯកទេស បានសញ្ញាបត្រតែមួយទេ។ អ្នកខ្លះគាត់យកអាហ្នឹង ព្រោះគាត់អត់ចង់ទៅ។ អ្នកខ្លះ ខ្លាចហួសក្របខណ្ឌ អីចឹងទៅ។ […] «៤ឆ្នាំឯកទេសនេះ ត្រូវបានបន្ថែមម៉ោង ដែលយើងយក(មុខវិជ្ជា)២ឆ្នាំចុងក្រោយ(ឆ្នាំIntern) នេះ គឺយើងយកមុខវិជ្ជាដែលសំខាន់ៗ ដែលបំប៉នគាត់កុំឱ្យបាត់ជំនាញវេជ្ជបណ្ឌិតទូទៅ វាយតម្លៃទូទៅហ្នឹង។ ថែមទាំងម៉ោង ស្តារ ម៉ោងអី ថែមចូលទៅក្នុងហ្នឹងតែម្តង។ លៃម៉ោងយ៉ាងម៉េចទៅ ដើម្បីឱ្យចូលគ្នាក្នុង៤ឆ្នាំនេះ គាត់បានទាំង២ ទាំងឯកទេស ទាំង (វេជ្ជបណ្ឌិត) ពិគ្រោះយោបល់ទូទៅផងដែរ ដើម្បីបង្កើនគុណវុឌ្ឍិឱ្យគាត់។»។ សម្តេច ពន្យល់បន្ថែមដូច្នេះ។
នេះគឺជាជម្រើស ២ ដែលសម្តេច ហ៊ុន ម៉ាណែត ឱ្យយោបល់ទៅ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ពិចារណា ដើម្បីផ្តល់ជម្រើសសម្រាប់និស្សិតពេទ្យរៀន។ បើនិស្សិតវេជ្ជបណ្ឌិតឯកទេសចង់រៀន ៤ឆ្នាំ តែមិនបញ្ចូល មុខវិជ្ជា ២ឆ្នាំដែលបានផ្លោះ គាត់នឹងមិនមានសញ្ញាបត្រវេជ្ជបណ្ឌិតទូទៅនោះទេ។ ប៉ុន្តែបើនិស្សិតចង់រៀន ៤ឆ្នាំ ដោយបូកទាំងមុខវិជ្ជា២ឆ្នាំបន្ថែមនោះ និស្សិតត្រូវរៀនច្រើន និងហត់បន្តិច សម្រាប់រយៈពេលនេះ ប៉ុន្តែនិស្សិត បានសញ្ញាបត្រទាំងទូទៅផង និងឯកទេផង ពេលបញ្ចប់ការសិក្សា៕