- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:២៩ នាទី ល្ងាច

ដោយ៖ ហេង ឧត្តម (RFI ខេមរភាសា)
រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានបើកស្ថានទូតអាល្លឺម៉ង់ នៅរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី ជាថ្មីឡើងវិញ។ ការសម្រេចចិត្តបើកស្ថានតំណាងទូតប្រទេសអឺរ៉ុបមួយនេះ ជាសញ្ញាវិជ្ជមាននៃការបើកទំព័រទំនាក់ទំនងថ្មី រវាងស៊ីរីនិងអាល្លឺម៉ង់ ហើយរវាងស៊ីរីនិងសហភាពអឺរ៉ុប។ ប្រទេសអឺរ៉ុប ចង់ឃើញស៊ីរីថ្មី មានសន្តិសុខ សេរីភាព គោពសិទ្ធិស្ត្រី គោពសិទ្ធិជនជាតិភាគតិច និងពហុជំនឿសាសនា។
អាល្លឺម៉ង់បានបិទស្ថានទូតនៅស៊ីរី តាំងពីដើមឆ្នាំ ២០១២ មកម្ល៉េះ។ តែ ៣ខែ ក្រោយពីរបបដឹកនាំស៊ីរីចាស់ របស់អតីតប្រធានាធិបតី បាស្ហា អាល់អាសាដ បានដួលរលំទៅ រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចចិត្តបើកស្ថានទូតជាថ្មី នៅរដ្ឋធានីដាម៉ាស។
ផ្អែកតាមសេចក្តីប្រកាសចុះថ្ងៃទី២០មីនា របស់ក្រសួងការបរទេសអាល្លឺម៉ង់ ក្នុងដំណាក់កាលដំបូងៗ ដើម្បីស្ទាប់ស្ទង់ស្ថានការណ៍ ស្ថាតទូតអាល្លឺម៉ង់នៅដាម៉ាស់នឹងមានបុគ្គលិកក្រុមការងារផ្នែកទូតនិង បានបើកស្ថានទូតអាល្លឺម៉ង់ នៅរដ្ឋធានីដាម៉ាស នយោបាយ មួយក្រុមតូចសិនតែប៉ុណ្ណោះ។ ដោយសារបរិបទសន្តិសុខសុវត្ថិភាពផងនិងចំនួនបុគ្គលិកតិចតួចនៅឡើយផង អាល្លឺម៉ង់តម្រូវឲ្យបន្តធ្វើកិច្ចការផ្នែកសេវាកម្មទិដ្ឋាការ និងសេវាកម្មកុងស៊ុល ពីរដ្ឋធានីបេរ៉ូត ប្រទេសលីបង់ ក្បែរខាងសិន ទម្រាំដល់សភាពការណ៍ប្រទេសស៊ីរី បានល្អប្រសើរមែនទែន។ ក្នុងជំហាននេះ ប្រមុខការទូតអាល្លឺម៉ង់ លោកស្រី Annalena Baerbock ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលសម័យអន្តរកាលស៊ីរី ត្រូវតែធានាឲ្យបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋស៊ីរីទាំងអស់គ្នា។
ការបើកស្ថានទូតនៅព្រហស្បតិ៍ ក្នុងឱកាសធ្វើដំណើរជាលើកទី ២ របស់ប្រមុខការទូតអាល្លឺម៉ង់ទៅស៊ីរី។ ជាតំណាងទូតសហភាពអឺរ៉ុប រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ ជាមួយនិងសមភាគីបារាំង Jean-Noël Barrot បានបំពេញទស្សនកិច្ច លើកទី១ នៅក្រុងដាម៉ាស់ កាលពីខែមករា ឆ្នាំ២០២៥។
ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសផ្តល់ជំនួយ ៣០០ លានដុល្លារឲ្យស៊ីរី ដើម្បីកសាងនិងស្តារប្រទេសជាតិឡើងវិញ។ ការប្រកាសផ្តល់ជំនួយរបស់ប៊ែរឡាំង បានធ្វើឡើងក្នុងពេលដែល សហគមន៍អន្តរជាតិ បានរៀបចំសន្និសីទនៅទីក្រុងព្រុចសែល ជាគម្រប់លើកទី៩ ដើម្បីប្រកូកប្រកាសស្វែងរកជំនួយជួយស៊ីរី។ ទីបំផុតទៅ ប្រទេសម្ចាស់ជំនួយអន្តរជាតិ បានសន្យាផ្តល់កញ្ចប់ជំនួយ ៥,៨ ពាន់លានអឺរ៉ូទៅដល់ស៊ីរី។ ក្នុងនោះ ៤,២ពាន់លានអឺរ៉ូ ជាអំណោយ និង ១,៦ ពាន់លានអឺរ៉ូ ជាកម្ចីឥណទាន។ ប្រទេសសមាជិកទាំង២៧របស់សហភាពអឺរ៉ុបត្រៀមដកទណ្ឌកម្មជាបណ្តើរៗពីស៊ីរី។ ស្របគ្នានេះដែរ កាណាដា ក៏ប្រកាសបន្ធូរបន្ថយទណ្ឌកម្មចំពោះស៊ីរី ដែរ។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក នៃការិយាល័យកិច្ចការដើមបូព៌ា ដែលទទួលបន្ទុកសំណុំរឿងស៊ីរី លោកស្រី Natasha Franceschi បានបញ្ជាក់ថា ប្រមាណជា ១៤ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានជួយជ្រោមជ្រែងស៊ីរីច្រើនជាងប្រទេសណាៗផ្សេងទៀត។ បើគិតជាទឹកប្រាក់ជំនួយ អាមេរិកផ្តល់ជំនួយដល់ស៊ីរី ប្រមាណ ១៨,៣ ពាន់លានដុល្លារ ក្នុងរយៈពេលជិត១ទសវត្សរ៍កន្លះមកនេះ។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបង្កកជំនួយអន្តរជាតិ ដោយផ្អាកទាំងជំនួយសម្រាប់ស៊ីរី។
បើតាមការវាយតម្លៃប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ សង្គ្រាម១៤ឆ្នាំនៅស៊ីរី បានធ្វើឲ្យប្រទេសនេះ ខាតបង់ចំណូលក្នុងស្រុកសរុប យ៉ាងហោច ៨០០ ពាន់លានដុល្លារ៕
