- ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៣១ នាទី ព្រឹក

ដោយ៖ម៉ម ពិសី (RFI ខេមរភាសា)
ត្រូវបិទទ្វារនៅថ្ងៃសុក្រទី២១មីនា ដោយសារតែដាច់ចរន្តអគ្គិសនី។ បញ្ហានេះ គឺបង្កឡើងដោយសារស្ថានីយអគ្គិសនីមួយ ត្រូវអគ្គីភ័យ ឆាបឆេះកាលពីវេលាយប់។ ការបិទជាបណ្តោះអាសន្ននូវអាកាសយានដ្ឋានដ៏ធំនេះ បានបង្កការកកស្ទះ ដល់ចរាចរណ៍យន្តហោះសឹងតែទូទាំងពិភពលោក ព្រោះក្នុងមួយថ្ងៃៗ មានការចុះចតនិងហោះឡើង ចំនួនដល់ទៅ១៣០០ឯណោះ នៅអាកាសយានដ្ឋាននេះ។
អាជ្ញាធរប្រតិបត្តិករនៃអាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៍ បានជូនដំណឹងនៅព្រឹកថ្ងៃសុក្រទី២១មីនា ថាប្រលានយន្តហោះបានជួបនូវបញ្ហាដាច់ចរន្តអគ្គិសនីធ្ងន់ធ្ងរបំផុត។ ដូច្នេះដើម្បីធានាការពារសន្តិសុខ និងសុវត្ថិភាពអ្នកដំណើរទាំងអស់ អាកាសយានដ្ឋាន Heathrow នឹងត្រូវបិទទ្វារលែងដំណើរការទាំងស្រុង រហូតដល់ម៉ោង១២យប់ ថ្ងៃទី២១មីនា។ អាជ្ញាធរប្រតិបត្តិករ បានបញ្ជាក់ផងដែរ ថាការបិទអាកាសយានដ្ឋាននេះ នឹងប្រាកដជាបង្កបញ្ហាកកស្ទះខ្លាំង ទៅដល់ចរាចរណ៍ហោះហើរ នៅថ្ងៃបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា ផ្អែកតាមអាជ្ញាធរអង់គ្លេស គឺការដាច់ចរន្តអគ្គិសនី បានកើតឡើងដោយសារតែស្ថានីយចរន្តអគ្គិសនីមួយស្ថិតនៅតំបន់ Hayes ខាងលិចទីក្រុងឡុងដ៍ ត្រូវអគ្គីភ័យឆាបឆេះកាលពីវេលាយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ។ ស្ថានីយនេះគឺជាអ្នកផ្គត់ផ្គង់ចរន្តអគ្គិសនីមកឲ្យអាកាសយានដ្ឋាន Heathrow និងតំបន់ជុំវិញ។ យ៉ាងណាមិញ ក្រុមហ៊ុនអគ្គិសនីអង់គ្លេសបានឲ្យដឹងថាបញ្ហានេះ បានធ្វើឲ្យផ្ទះប្រជាជនចំនួន១៦០០០គ្រួសារ ត្រូវដាច់ចរន្តអគ្គិសនី។ ក្រុមពន្លត់អគ្គីភ័យប្រមាណ៧០នាក់ បានខំប្រឹងពន្លត់ភ្លើង និងបានជម្លៀសមនុស្សជាង១៥០នាក់ ចេញពីតំបន់កើតហេតុ។
គិតត្រឹមពេលនេះ សមត្ថកិច្ចនៅពុំទាន់ដឹងថាអគ្គិភ័យនេះបានកើតឡើងដោយសារមូលហេតុអ្វីទេ។ នៅក្នុងបទសម្ភាសន៍ក្នុងទូរទស្សន៍ Sky News លោករដ្ឋមន្ត្រីក្រសួងថាមពលអង់គ្លេស Ed Miliband បានលើកឡើងថា ករណីអគ្គីភ័យនៅស្ថានីយអគ្គិសនីនេះ គឺជាបញ្ហាអាសន្នមហន្តរាយធំណាស់ ព្រោះម៉ាស៊ីនផលិតចរន្តអគ្គិសនីបំរុងក្នុងករណីម៉ាស៊ីនធំលែងដំណើរការ ក៏បានខូចខាតធ្ងន់ធ្ងរដែរ។ លោកអះអាងថា អាជ្ញាធរមានសមត្ថកិច្ចកំពុងតែដោះស្រាយបញ្ហា តភ្ជាប់ចរន្តឡើងវិញ និងរៀនសូត្រពីមេរៀននេះ ដើម្បីរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីឲ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ Heathrow ទីក្រុងឡុងដ៍ គឺជាអាកាសយានដ្ឋានធំជាងគេបង្អស់ទូទាំងអឺរ៉ុប ហើយធំជាងគេក្នុងចំណោម៥ ទូទាំងពិភពលោក។ អាកាសយានដ្ឋាននេះ តភ្ជាប់ជើងហោះហើរទៅកាន់ប្រទេសចំនួន៨០ ដែលសរុបមានប្រមាណ២០០គោលដៅ។ ក្នុងមួយថ្ងៃៗ មានការចុះចតនិងហោះឡើង ដល់ទៅ១៣០០លើក និងមានអ្នកដំណើរ២៣ម៉ឺននាក់ជាមធ្យមក្នុងមួយថ្ងៃ។ យោងតាមអាជ្ញាធរប្រតិបត្តិករប្រលាន នៅថ្ងៃសុក្រទី២១មីនានេះ ប្រលានយន្តហោះអន្តរជាតិនេះ គ្រោងទទួលអ្នកដំណើរដល់ទៅ២៩ម៉ឺននាក់។
ការបិទអាកាសយានដ្ឋាន Heathrow ពេញមួយថ្ងៃ បានបង្កជាចលាចល កកស្ទះយ៉ាងខ្លាំង ដល់ចរាចរណ៍អាកាសចរណ៍ស៊ីវីលទូទាំងពិភពលោក និងអាចជះឥទ្ធិពលអាក្រក់ច្រើនថ្ងៃបន្តបន្ទាប់ទៀត។ ជើងហោះហើរខ្លះ មកពីអាស៊ី និងអូស្ត្រាលីជាដើម ត្រូវពន្យាពេលដល់ទៅជាង២០ម៉ោង។ នៅព្រឹកថ្ងៃសុក្រនេះ អាកាសយានដ្ឋានមួយចំនួននៅអឺរ៉ុប ដូចជានៅប៉ារីស អាំស្ទែរដាំ និងហ្វ្រង់ហ្វ័រជាដើម បានអះអាងថា គេបានអនុញ្ញាតទទួលការចុះចតរបស់យន្តហោះ ជំនួសឲ្យប្រលាននៅទីក្រុងឡុងដ៍។ តែបញ្ហានេះ នឹងបន្ថែមការលំបាកមួយកម្រិតទៀត ដល់អ្នកដំណើរ ទាក់ទិននឹងការស្វែងរកជើងហោះហើរបន្ត ដើម្បីអាចធ្វើដំណើរទៅដល់គោលដៅចុងក្រោយ។ តាមការរំពឹងទុក ការកកស្ទះនេះនឹងធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ ត្រូវខាតប្រាក់ច្រើនរយលានដុល្លារ ដោយសារតែត្រូវហោះត្រលប់ក្រោយ បង្វែរទិសដៅចុះចត និងត្រូវសងសំណងជំងឺចិត្តជូនអតិថិជន៕
