- ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:៥០ នាទី រសៀល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងជំរុញការដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជន ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួង នឹងជំរុញការដោះស្រាយវិវាទរវាងពលរដ្ឋចំនួន ៨១គ្រួសារ ក្នុងឃុំកោះខ្មែរ និងឃុំសំបូរ ជាមួយក្រុមហ៊ុនកាម៉ាដេនូវេនឈរ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុនអិន ខេ អេហ្គី (ខេមូឌា)លីមីធីត លើផ្ទៃដី ៥២០ហិកតា។ វិវាទដីធ្លីរវាងពលរដ្ឋចំនួន ២៩១គ្រួសារ ជាមួយនឹងក្រុមហ៊ុន ស៊ីអេចភីប៊ី ស្ថិតក្នុងឃុំកំពង់ចាម និងឃុំវឌ្ឍនៈ។
ជាមួយគ្នានេះ ក្រសួងក៏នឹងជំរុញការដោះស្រាយសំណើសុំរបស់ អ្នកស្រី អែល រ៉ូហ្សា តំណាងឱ្យពលរដ្ឋចំនួន ១ ៣១៨គ្រួសារ ឱ្យជួយអន្តរគមន៍ដោះស្រាយវិវាទដីធ្លីរវាងពួកគេ ជាមួយក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង (ខូអិលធីឌី) ក្នុងឃុំកោះខ្មែរផងដែរ។
យោងតាមប្រភពដដែល ក្រសួងក៏នឹងជំរុញការដោះស្រាយវិវាទដីធ្លីរបស់ពលរដ្ឋដែលនៅសេសសល់ ផ្សេងទៀតផងដែរ ក្នុងមូលដ្ឋានខេត្តក្រចេះ ក្នុងនោះដោះស្រាយវិវាទ និងចុះបញ្ជីដីក្នុងក្រុងក្រចេះ ៤ ករណី, សំណើចុះបញ្ជី ក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ៣៥៣គ្រួសារ , សំណើចុះបញ្ជី ស្រុកព្រែកប្រសព្វ ២ ៨៨៤គ្រួសារ និងសំណើចុះបញ្ជីរ៦ភូមិ ក្នុងឃុំឃឹម ស្រុកស្នួល។
ក្រសួងរៀបចំដែនដី នឹងជំរុញបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធទាំងរដ្ឋ និងឯកជន ដែលសេសសល់ប្រមាណ ២០ ១៦៩ក្បាលដី ក្នុងខេត្តក្រចេះ នាពេលឆាប់ៗ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ការជំរុញចុះដីធ្លីនេះ ដើម្បីបញ្ចប់វិវាទ និងហាមឃាត់រាល់ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
សេចក្ដីប្រកាសខាងលើ ក្រសួងនឹងដោះស្រាយករណីប្រជាពលរដ្ឋចំនួន ៧គ្រួសារ ដែលស្នើគោលការណ៍កាត់ផ្ទៃដីទំហំ ៤,១៤ហិកតា ក្នុងមូលដ្ឋានភូមិស្នួល ឃុំស្នួល ខេត្តក្រចេះ។ បើតាមក្រសួងបញ្ជាក់ថា ដីរបស់ពលរដ្ឋទាំង៧គ្រួសារនេះ ស្ថិតក្នុងទីតាំងដីរដ្ឋ ដែលមិនត្រូវអនុញ្ញាតផ្ដល់ជូនឡើយ។
ក្រសួង ក៏នឹងបន្តពិនិត្យ និងដោះស្រាយដល់ពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង នៅតំបន់ការពារធម្មជាតិ ដែលរដ្ឋាភិបាលបានកំណត់ លើផ្ទៃដីទំហំ ៩៣៣ ៥៧៧ ហិកតា។ ក្រសួងនឹងពិនិត្យ ករណីរដ្ឋបាលខេត្តក្រចេះ ដែលស្នើសុំកាត់ដីចេញពីបញ្ជីសារពើភណ្ឌរបស់រដ្ឋចំនួន១១ករណី ដើម្បីធ្វើអនុប្បយោគ និងប្រទានកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕