- ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:០៤ នាទី យប់

កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ ខែមេសាខាងមុខនេះ ក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្សាយកាលពីថ្ងៃទី២១ ខែមីនា។
បើតាមក្រសួងសាធារណការ លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ កាលពីថ្ងៃទី២១ ខែមីនា បានដឹកនាំគណៈប្រតិភូចុះពិនិត្យ និងកំណត់ទីតាំងសម្រាប់ប្រារព្ធពិធីបើកសម្ពោធ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលមានទីតាំងស្ថិតនៅទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតនេះ។
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
សូមជម្រាបថា កំពង់ផែនេះ បើកចាប់ផ្តើមបើកដំណើរការសាកល្បង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ កំពង់ផែនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ ជិត១០លានដុល្លារ ដែលបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២២ និងបានបន្តអភិវឌ្ឍន៍បន្ថែមមករហូតដល់ចុងឆ្នាំ២០២៤។
បានក្រសួងសាធារណការ ចាត់ទុកថា កំពង់ផែទេសចរណ៍អន្តរជាតិដែលត្រូវបានសាងសង់នៅលើផ្ទៃដី និងផ្ទៃទឹកសរុប ប្រមាណ ៤ហិកតានេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រសំខាន់ ក្នុងការដឹកជញ្ជូនទេសចរ ទៅកាន់បណ្ដាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត ទៅកាន់ពិភពលោក។ កម្ពុជា ក៏នឹងអាចទទួលទេសចរអន្តរជាតិកាន់តែច្រើនដែរ ជាពិសេសទេសចរពីប្រទេសវៀតណាម និងប្រទេសថៃ តាមរយៈកំពង់ផែមួយនេះដែរ។ ទន្ទឹមនឹងនេះ កំពង់ផែនេះ ក៏នឹងជួយជំរុញបន្ថែមលើការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានា ក្នុងខេត្តកំពត,រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា៕

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន