Ronaldo សារភាពថាព័រទុយហ្កាល់ធ្លាក់ក្នុងស្ថានភាពតានតឹង មុនជំនួបជើងទី២ ទល់ដាណឺម៉ាក
  • ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៣៩ នាទី ព្រឹក
Ronaldo សារភាពថាព័រទុយហ្កាល់ធ្លាក់ក្នុងស្ថានភាពតានតឹង មុនជំនួបជើងទី២ ទល់ដាណឺម៉ាក

កំពូលកីឡាករ Cristiano Ronaldo ចេញមុខទទួលស្គាល់សម្ពាធធ្លាក់លើក្រុមជម្រើសជាតិព័រទុយហ្កាល់ បន្ទាប់ពីការប្រកួតជើងទីមួយចាញ់ក្រុមដាណឺម៉ាក លទ្ធផល ១-០ ខណៈប្រធានក្រុមវ័យ ៤០ឆ្នាំ សម្លឹងវាយបកយកលទ្ធផលឈ្នះត្រឡប់មកវិញ នៅការប្រកួតជំនួបជើងទី២ វគ្គ ៨ក្រុមចុងក្រោយ UEFA Nations League។

TTN-Free-Banner-In-Article-PC

កីឡាករខ្សែប្រយុទ្ធក្រុម Al Nassr បានរិះគន់ខ្លួនឯង និងក្រុមកីឡាករព័រទុយហ្កាល់ បន្ទាប់ ពីក្រុមរងបរាជ័យនៅការប្រកួតជើងទី១ ស្ថិតក្នុងទីក្រុង Copenhagen ក្រោមថ្វីជើងម្ចាស់ ផ្ទះដាណឺម៉ាក កាលពីសប្តាហ៍មុន។ កាលនោះ Rasmus Hojlund ជាកីឡាករស៊ុតបាល់ បញ្ចូលទី ដើម្បីផ្តួលព័រទុយហ្កាល់។

ការប្រកួតជើងទី២ នៅក្នុងទឹកដីព័រទុយហ្កាល់ កីឡាករវ័យ ៤០ឆ្នាំ បានបង្ហាញទំនុកចិត្ត និងភាពជឿជាក់ថាក្រុមនឹងអាចរកបានជ័យជម្នះត្រឡប់មកវិញ ហើយឈ្នះកៅអីឡើង ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Ronaldo បាននិយាយក្នុងសន្និសីទកាសែតដូច្នេះថា៖«បរិយាកាសគឺកំពុងតែតានតឹង ខ្ញុំ មិនលាក់វានោះឡើយ យើងកំពុងតែស្ថិតក្នុងស្ថានភាពលំបាក ព្រោះយើងត្រូវការឈ្នះ ចាំបាច់ ប៉ុន្តែរឿងនោះគឺភាពស្រស់ស្អាតនៃរឿងបាល់ទាត់។ នៅថ្ងៃស្អែក ខ្ញុំនឹងសុំឱ្យ អ្នក គាំទ្រឈរនៅជាមួយយើង ឱ្យពួកគេផ្តល់កម្លាំងដល់យើង ព្រោះយើងនឹងបញ្ចេញ ពី សមត្ថភាពយើងឱ្យបានល្អបំផុត។​[…]»។

បរាជ័យកាលពីជើងទីមួយ Ronaldo ក៏បានបដិសេធចំពោះមុខអ្នកកាសែត ពេលត្រូវបាន ចោទសួរអំពីការខ្វះការតាំងចិត្តក្នុងក្រុម និងការខ្វះខាតអាកប្បកិរិយាល្អ ស្និទ្ធ ស្នាលក្នុង ក្រុមនោះឡើយ ខណៈអះអាងថា មានទំនុកចិត្តខ្ពស់លើក្រុមថា មានសាមគ្គីភាពខ្លាំង។

ក្រៅពីការប្រកួតរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ ទល់នឹងដាណឺម៉ាក នៅវេលាម៉ោង ២:៤៥យប់ (ម៉ោងនៅកម្ពុជា) ស្របពេលការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ចំនួន ៣គូ ទៀត រួមមាន បារាំង តទល់ក្រូអាស៊ី, អាល្លឺម៉ង់ តទល់អ៊ីតាលី និងអេស្ប៉ាញ តទល់ហូឡង់៕


អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង