កុំ​សង់បុរី ឬអគារខ្ពស់ដូចទីក្រុង នៅតំបន់ទេសចរណ៍ធម្មជាតិ! នាយករដ្ឋមន្ត្រី ហាម
  • ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៥៩ នាទី ព្រឹក
កុំ​សង់បុរី ឬអគារខ្ពស់ដូចទីក្រុង នៅតំបន់ទេសចរណ៍ធម្មជាតិ! នាយករដ្ឋមន្ត្រី ហាម
នាយករដ្ឋមន្ត្រីកម្ពុជា នាពិធីបុណ្យទន្លេ ខេត្តតាកែវ នាយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ រូបភាព៖ STPM

សម្តេច ហ៊ុន ម៉ាណែត ប្រាប់ទៅអ្នកវិនិយោគកុំឱ្យសង់បុរី ហេដ្ឋារចនាសម្ព័ន្ធ និងអគារខ្ពស់ ដូចក្នុងទីក្រុង នៅទីតាំងទេសចរណ៍ធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ទេសភាព ឬភាពដើមនៅទីតាំងទេសចរណ៍ទាំងនោះ។ ការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ធ្វើឡើងនាពិធីបើកពិធីបុណ្យទន្លេលើកទី៩ ខេត្តតាកែវ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

TTN-Free-Banner-In-Article-PC

នាឱកាស​នោះ សម្ដេចសង្កត់ធ្ងន់ដូច្នេ៖ «ឃើញកន្លែងតំបន់ភ្នំល្អ ទៅCopy(ចម្លង) យកមក model ​(គំរូ)ពីកំពង់សោម ឬរាជធានីភ្នំពេញ ទៅធ្វើអគារ២០ជាន់ បាត់អស់ហើយ! គឺអត់ចង់ទៅភ្នំមួយហ្នឹង ដែលមានសុទ្ធតែបុរី ពេញលើហ្នឹងទៀតទេ។ គេចង់ទៅកន្លែងណាដែលមានលក្ខណៈសាមញ្ញ»។

សម្ដេចលើកឡើងទៀតថា រដ្ឋក៏នឹងជួយពីលើបន្ថែម ដើម្បីការពារតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគ ឬសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យប៉ះពាល់ដល់ទេសភាពដើមធម្មជាតិតំបន់ទាំងនោះឡើយ។ 

ផ្ទុយមកវិញ រដ្ឋាភិបាលនឹងសិក្សាជួយផ្ដល់ការបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ច, ការបណ្ដុះបណ្ដាលផ្នែកពាណិជ្ជកម្ម និងផ្នែកទីផ្សារ ដល់សហគមន៍ រួមនឹងការធ្វើហេដ្ឋារចនាសម្ព័ន្ធខ្លះៗ ដែលបង្កភាពងាយស្រួលដល់ទេសចរ និងការទៅទស្សនាតំបន់ទាំងនោះ។ 

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ កុំឱ្យពលរដ្ឋសហគមន៍កុំមានការព្រួយបារម្ភឡើយ ដោយរដ្ឋាភិបាលខ្លួននឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគ អភិវឌ្ឍន៍គម្រោងនានាដែលធ្វើឱ្យប៉ះពាល់ដល់របរចិញ្ចឹមជីវិតពីវិស័យទេសចររបស់ពលរដ្ឋសហគមន៍ឡើយ។ 

ទោះបីយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីបង្ហាញជំហរខ្លួនថា ការវិនិយោគពីវិស័យឯកជន រដ្ឋាភិបាលមិនបិទឡើយ ប៉ុន្តែផ្ដល់ឱ្យសហគមន៍ ជាអាទិភាព។ ក្នុងន័យនេះសម្ដេចចង់ឱ្យពលរដ្ឋសហគមន៍មានគំនិតរកស៊ីកាន់តែខ្លាំង ជាជាងគ្រាន់តែប្រើប្រាស់កម្លាំងពលកម្មរបស់សហគមន៍តែមួយមុខ។ 

គួរជម្រាបផងដែរថា ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩​ ធ្វើឡើងនៅខេត្តតាកែវ រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់២៣ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ»។ បុណ្យទន្លេ ជាព្រឹត្តិការណ៍មួយ ដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី