- ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:២៩ នាទី ល្ងាច

លោក Ruben Amorim ត្រូវបានគេរាយការណ៍ថា នឹងមិនផ្តល់ពេលវេលាសម្រាប់ខ្សែ ប្រយុទ្ធ Marcus Rashford វិលត្រឡប់មកកាន់ក្លិប មានទីតាំងនៅទឹកដីកីឡដ្ឋាន Old Trafford វិញនោះឡើយ ខណៈក្លិប Manchester United កំពុងត្រៀមឯកសារចរចា ទាម ទារតម្លៃ សម្រាប់ការលក់ខ្សែបម្រើសញ្ជាតិអង់គ្លេស។
កាលពីខែមករា Rashford បានចាកចេញពីក្លិប Man Utd ដោយទៅចូលរួមក្លិបថ្មី Aston Villa ក្នុងនាមជាកីឡាករក្រោមលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីកីឡាករអង់គ្លេស បាត់ប្រជាប្រិយ ភាពក្នុងក្រុមបិសាចក្រហម និងក្រោមការដឹកនាំរបស់អ្នកចាត់ការក្រុមថ្មី។ កីឡាករ អង់គ្លេសវ័យ២៧ឆ្នាំ ត្រូវបានក្លិបបិសាចក្រហមដកចេញពីបញ្ជីក្រុម និងការហ្វកហាត់ ព្រោះតែកត្តាអាកប្បកិរិយា និងអត្តចរិកមិនសមរម្យរបស់គេ។
យ៉ាងណាមិនផ្លាស់ទៅ Aston ទើបតែរយៈពេលខ្លី ខ្សែប្រយុទ្ធអង់គ្លេសងើបទម្រង់ លេង បន្តិចឡើងវិញ ក្រោមការដឹកនាំរបស់លោក Unai Emery ជាគ្រូបង្វឹក ដែលបានធ្វើឱ្យ Rashford មានឱកាសប្រលូកនៅលើទីលានបាល់ទាត់ជាថ្មី។ Rashford កំពុងជាចំណែកសំខាន់ជួយជំរុញក្រុមប្រជែងពាន UEFA Champions League វគ្គ ៨ក្រុមចុងក្រោយ ខណៈគេបញ្ជូនបាល់ចំនួន ៤លើក ទៅមិត្តរួមក្រុម ពីការបង្ហាញខ្លួនចំនួន៩លើក។
បើតាមការចុះផ្សាយរបស់កាសែត Daily Star ទោះជាកីឡាករវ័យ ២៧ឆ្នាំ បង្ហាញទម្រង់លេងល្អនៅក្លិប Aston រឿងនេះក៏កាន់តែបង្ហាញឱ្យឃើញថាអនាគតរបស់គេនឹងមិនស្ថិតនៅក្លិបបិសាចក្រហមបន្តទៀតផងដែរ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ កំពុងតែចង់ចុះកិច្ចសន្យានាំយកកីឡាករខ្សែប្រយុទ្ធថ្មី នៅដើមរដូវកាលថ្មីខាងមុខ ដែលនេះហាក់បង្ហាញថា កីឡាករអង់គ្លេស នឹងគ្មានផ្លូវត្រឡប់មកក្លិប Man Utd បាននោះឡើយ។
សម្រាប់គ្រោងការអនាគតរបស់លោក Amorim នៅក្លិប Man Utd ការដាក់ឱ្យខ្សែប្រយុទ្ធ Rashford ទៅកាន់ក្លិប Aston Villa ខ្ចីជើងគឺជាឱកាសសម្រាប់ការបង្កើនតម្លៃខ្លួនរបស់គេលើទីផ្សារ ខណៈតម្លៃបច្ចុប្បន្ន ក្លិបបិសាចក្រហមដាក់ថ្លៃលក់កើន ដល់ ៧៦លានដុល្លារ។ ក្លិប Aston Villa ទៀតសោត ក៏អាចជាក្លិបដែលនឹងទិញយកខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ពីក្លិប Manchester United តែម្តង៕