- ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

សៀមរាប៖ អង្គការអាគ្រីស៊ូត តាមរយៈកម្មវិធី «ពីចម្ការ ទៅខ្ទះឆា» បានអនុញ្ញាតឱ្យអ្នកទិញដែល ជាអតិថិជនរបស់សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប បានជួបប្រាស្រ័យនិងឃើញការដាំដុះបន្លែដោយផ្ទាល់នៅតាមផ្ទះរបស់ប្រជាពលរដ្ឋ។ កម្មវិធីនេះ បានបង្កើនទំនុកចិត្តគ្នាថែមមួយកម្រិតទៀតរវាងអ្នកដាំ និងអ្នកទិញ។
លោក ឈន ប៊ុនឈូ តំណាងសមាគមចុងភៅកម្ពុជា បានឱ្យដឹងថា ការចូលរួមក្នុងកម្មវិធីខាងលើ ធ្វើឱ្យលោក ក៏ដូចជាចុងភៅផ្សេងទៀតបានឈ្វេងយល់ពីចង្វាក់ផលិតផលដាំដុះបន្លែសុវត្ថិភាព របស់កសិករនៅក្នុងសង្កាត់ក្របីរៀល។ សកម្មភាពនេះក៏ដើម្បីឱ្យសមាគមបានដឹងពីផលិតផល របស់កសិករ និងសម្រាប់យកទៅប្រើប្រាស់ជាមុខម្ហូបនៅតាមសណ្ឋាគារ ឬភោជនីយ
ដ្ឋានផងដែរ។
លោក ឈួន ប៊ុនឈូ
បន្ថែមពីនេះ លោក ប៊ុនឈូ បានបញ្ជាក់ថា សមាគមចុងភៅកម្ពុជាគ្រោងរៀបចំកិច្ចព្រមព្រៀមមួយ ជាមួយសមាគមអ្នកដាំបន្លែសុវត្ថិភាពកម្ពុជា ដើម្បីជួយទិញបន្លែរបស់កសិករក្នុងកម្រិតមួយ ជាផ្នែកមួយគាំទ្រផលិតផលក្នុងស្រុក ពិសេសបន្លែមានសុវត្ថិភាព។ ក្រៅពីរសជាតិ លោក ប៊ុនឈូ ប្រាប់ថា ចុងភៅក៏ត្រូវគិតគូរពីសុខភាពអ្នកបរិភោគផងដែរ ដូច្នេះការជ្រើសរើសបន្លែដែលមិនប្រើប្រាស់សាធាតុគីមី គឺជាជម្រើសដ៏ល្អសម្រាប់ល្អយកចម្អិនម្ហូប។ លោកបន្ថែមថា៖« បន្លែដែលដាំដុះមិនប្រើគីមីមានសារសំខាន់ដែលស្ថិតក្នុងគោលការណ៍របស់ចុងភៅ គឺចង់ឱ្យអ្នកទទួលទានអាហារមានសុវត្ថិភាព បានទាំងរសជាតិ និងសុខភាពល្អ»។
លោក រៀម បូរ៉េត
ចំណែកលោក រៀម បូរ៉េត តំណាងសមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប (CATA) ចង់ឱ្យផ្សារភ្ជាប់កសិករ ទៅនឹងវិស័យទេសចរណ៍។ ក្នុងនាមប្រតិបត្តិករទេសចរណ៍មួយរូប លោក បូរ៉េត មើលឃើញថា ទេសចរមកសៀមរាបមិនមែនចង់មើល
លោក បូរ៉េត សង្ឃឹមថា នឹងមានអង្គការច្រើនទៀតគាំទ្រ និងលើកកម្ពស់សហគមន៍ តាមរយៈបង្កើតកញ្ចប់ទេសចរណ៍បែបសហគមន៍ឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ។ ជាងនេះទៅទៀត វាជាកញ្ចប់ទេសចរណ៍ប្លែក ដែលទេសចរចង់ឃើញក្រៅពីប្រាសាទ។
នៅថ្ងៃទី១៨ ខែមីនា អង្គការអាគ្រីស៊ូត បាននាំចុងភៅ អាជ្ញាធរ និងអតិថិជនអ្នកដាំបន្លែសុវត្ថិភាពប្រមាណ៥០នាក់ ទៅស្វែងយល់ពីការដាំដុះបន្លែរបស់កសិករក្នុងគម្រោង ស្ថិតនៅសង្កាត់ក្របីរៀល។ កញ្ញា តាន់ ឌីណារី តំណាងអង្គការអាគ្រីស៊ូត បានឱ្យដឹងថា កម្មវិធីពីចម្ការ ទៅខ្ទះឆា រៀបចំឡើងក្នុងបំណងឱ្យអ្នកប្រើប្រាស់ដែលជាអតិថិជនរបស់សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប ស្គាល់ពីប្រភពដាំឱ្យបានច្បាស់។ កញ្ញាបន្តថា កន្លងមកអ្នកទិញបានត្រឹមឃើញបន្លែនៅលើទីផ្សារស្រាប់ ប៉ុន្តែលើកនេះពួកគេបានមកដល់ប្រភពដាំ ដែលនឹងជួយឱ្យពួកគេមានទំនុកចិត្តលើផលិតផលបន្ថែម។
កញ្ញា តាន់ ឌីណារី
ក្នុងកម្មវិធីនេះដែរ អ្នកចូលរួមបានមើលពីរៀបដាំដុះបន្លែដែលមាន៣របៀប ទី១ការដាំដុះនៅលើដីផ្ទាល់ ដោយមានគ្របចំប៉ើង ទី២ដាំនៅលើរានខ្ពស់ពីដី និងទី៣ ដាំក្នុងរោងផ្ទះសំណាញ់។ ក្រៅពីនេះ អ្នកចូលរួមក៏បានយល់ដឹងពីការផលិតជីកំប៉ុស សួរនាំកសិករពីបច្ចេកទេសដាំដុះឱ្យមានទិន្នផលល្អ ក៏ដូចជាទីផ្សារបច្ចុប្បន្នជាដើម។ បន្ថែមពីនេះ សមាគមចុងភៅ បានបង្ហាញពីការកែច្នៃមុខម្ហូបនានា ចេញពីបន្លែកសិករ ពិសេសពពួកបន្លែសាឡាត់បារាំង ដែលកំពុងមានទីផ្សារល្អ។
លោក ប៊ុនឈូ លើកទឹកចិត្តឱ្យកសិកររៀបចំការដាំដុះឱ្យមាននិរន្តរភាព។ មានន័យថា កសិករគួរធ្វើយ៉ាងណាផលិតបន្លែទៅតាមតម្រូវការ និងទៅតាមបរិមាណដែលទីផ្សារចង់បាន ជាជាងការពង្រីកការដាំបន្លែច្រើនមុខ។ លោក ប៊ុនឈូ ពន្យល់ថា៖« ខ្ញុំគិតថា ជាជាងគាត់មានផលិតផលច្រើន គាត់គួរផ្តោតលើផលិតផលមួយៗ ហើយគាត់ផ្គត់ផ្គង់បានរាល់ថ្ងៃវិញ ឧទាហរណ៍ថាខែនេះគាត់អាចផ្តត់ផ្គង់ជីនាងវងបានពេញមួយឆ្នាំ ហើយក្នុងមួយថ្ងៃ បាន១គីឡូ ឬគល់ស្លឹកគ្រៃមួយថ្ងៃបាន១០គីឡូ»។
សូមបញ្ជាក់ថា សមាគមអ្នកដាំបន្ថែសុវត្ថិភាពសៀមរាប ក្រោមការផ្តួចផ្តើមរបស់អង្គការអាគ្រីស៊ូត បង្កើតឡើងនៅខែមករា ឆ្នាំ២០១៨។ បច្ចុប្បន្នសមាគមនេះមានសមាជិក៤០៣គ្រួសារ។ សមាគមនេះ ផ្នែកផលិតកម្ម២ រួមមានផលិផលស្រស់ និងផលិតកម្មកែច្នៃ៕



